សិស្សថ្នាក់ទី៤ ៥ និងទី៦ ទទួលការអប់រំឱ្យចេះកាត់បន្ថយការប្រើប្រាស់សំរាម

19 12 2018

សិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី៤ ៥ និងទី៦ នៅក្នុងរមណីយដ្ឋានអង្គរ ទទួលបានការបណ្ដុះបណ្តាល ក្នុងគម្រោងអប់រំបរិស្ថាន ដែលជាគម្រោង សហការជាមួយអាជ្ញាធរជាតិអប្សរា ស្ថាប័នធានាគុណភាពជប៉ុន (JQA) មន្ទីរអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ សូហ្វីយ៉ា។ សិស្សានុសិស្សទាំងនោះ ត្រូវបានអប់រំឱ្យស្គាល់សំរាម ប្រភពដែលបណ្ដាល ឱ្យមានសំរាម របៀបកាត់បន្ថយ ការប្រើប្រាស់សំរាម រួមនិងដំណោះ ស្រាយជាដើម។ល។

ការអប់រំបរិស្ថាន ចំពោះកុមារតូចៗ ត្រូវបានមើលឃើញថា មានប្រសិទ្ធភាពខ្ពស់ ព្រោះវាជាគ្រឹះសម្រាប់ការអប់រំ នៅពេលពួកគេរៀនថ្នាក់ខ្ពស់ និងក្លាយជា ពលរដ្ឋដ៏ល្អមួយរូប នាពេលអនាគត។ សាលាបឋមសិក្សាគំរូ៣ ត្រូវបានគម្រោងជ្រើសរើស ដើម្បីអនុវត្តន៍កម្មវិធីអប់រំ បរិស្ថាន នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោក ឡៅ គឹមលាង តំណាងសាកលវិទ្យាល័យ សូហ្វីយ៉ា និងជាគ្រូបង្គោល ក្នុងវគ្គបណ្ដុះបណ្តាលខាងលើ បានឱ្យដឹងថា មេរៀនស្នូលសំខាន់ សម្រាប់ការអប់រំ កុមារទាក់ទង នឹងបរិស្ថាននេះ ដំបូងឱ្យក្មេងទាំងនោះ យល់ដឹងតើអ្វីជាសំរាមជាមុនសិន និងថាតើរាល់ថ្ងៃពីព្រឹកដល់យប់ ពួកគេ បានធ្វើអ្វីខ្លះទាក់ទងនឹងបរិស្ថាន ដូចជាការមុជទឹក ដោះធ្មេញ។ល។ លោកបន្ថែមថា នៅពេលពួកគេចាប់ផ្តើមយល់ ពីបញ្ហាទាំងអស់ នោះពួកគេ នឹងងាយចាប់បាន និងយល់ពីផលប៉ះពាល់បរិស្ថាន។ លោក គឹមលាង ពន្យល់ថា ប្លង់មេរៀន ដែលដាក់បង្រៀន គឺអនុវត្តន៍តាមកង PDCA គឺ Plan ( ដាក់គោលដៅ រៀបចំផែនការ ដើម្បីកាត់បន្ថយសំរាម ) Do ( ចាប់ធ្វើទៅតាមផែនការដែលបានគិត ) Check ( តាមដានមើលថា តើបានសម្រេច គោលដៅប៉ុណ្ណា ) ? និង Act ( តើត្រូវធ្វើយ៉ាងណា ទើបរឹតតែប្រសើរ ) ?

បើតាមការពន្យល់ របស់លោក ឡៅ គឹមលាង សាលាបឋមសិក្សាចំនួន៣ ដែលត្រូវបានជ្រើសរើស ជាសាលាគំរូ សម្រាប់អនុវត្តន៍គម្រោង លើកនេះ មានសាលាបឋមសិក្សា គោកគ្រើល សាលាបឋមសិក្សា ដូនឳ និងសាលាបឋមសិក្សា ត្រពាំងស្វាយ។ គម្រោងនេះ បានប្រមូលសិស្ស ទាំង៣ថ្នាក់បញ្ចូលគ្នា មានសិស្សថ្នាក់ទី៤,៥ និងទី៦ ដើម្បីបង្រៀន ពីមេរៀនបរិស្ថានផ្សេងៗ ចំនួនមួយព្រឹក ហើយពួកគេ នឹងឆ្លងកាត់ការអនុវត្តផ្ទាល់ ជាមួយគ្រូបន្ទុកថ្នាក់ ចំនួន ៣ខែបន្ថែមទៀត។

ក្នុងគម្រោងអប់រំ បរិស្ថាន នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ដែលធ្វើនៅសាលាបឋមសិក្សា គោកគ្រើល លោក សាតុរុ តំណាងស្ថាប័ន ធានាគុណភាពជប៉ុន បានឱ្យដឹងថា ការអប់រំនេះ ពិតជាសំខាន់ណាស់ ដើម្បីឱ្យពួកគេម្នាក់ៗ មានទឹកចិត្តចង់ចូលរួម សម្អាតបរិស្ថាន ហើយមិនមែន តែរឿងសំរាមតែមួយមុខទេ បើនិយាយពីសំរាម គឺចាប់ផ្តើមពីការមិនចោលសំរាម ពាសវាលពាសកាល ចេះគ្រប់គ្រង ការកាត់បន្ថយ និងការមិនប្រើហួស តម្រូវការជាដើម។ លោក សាតុរុ ទទួលស្គាល់ថា ការអប់រំ ឱ្យមនុស្សចូលរួមសម្អាត បរិស្ថាននេះ គឺត្រូវការប្រើពេលយូរបន្ដិច ត្រូវការការចូលរួម ដូច្នេះហើយទើបគម្រោង ចាប់យកកូនសិស្សថ្នាក់បឋម ដោយរំពឹងថា ពួកគេនឹងចាប់ផ្តើម យល់ពីបញ្ហានេះ តាំងពីពេលនេះទៅ និងរហូតដល់ពួកគេក្លាយ ជាពលរដ្ឋល្អមួយរូប ក្នុងសង្គម។

គួររម្លឹកថា នេះជាលើកទី១១ ហើយ ដែលកម្មវិធីអប់រំ បរិស្ថាន ត្រូវបានរៀបចំ នៅតាមសាលាបឋមសិក្សា ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោយគម្រោងនេះ ចាប់ផ្តើមដំណើរការ តាំងពីឆ្នាំ ២០០៤មក។ គម្រោងនេះ បានចូលមកក្នុងតំបន់អង្គរ ពីព្រោះស្ថាប័នធានា គុណភាពជប៉ុន បានធ្វើការបញ្ចូល ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001 នៅក្នុងអាជ្ញាធរជាតិអប្សរា ហើយដើម្បីធ្វើសកម្មភាពផ្ទាល់ ស្ថាប័នធានាគុណភាពជប៉ុន ក៏បានដំណើរការ គម្រោងរបស់ខ្លួន ដើម្បីជាចំណេះដឹងចំពោះក្មេងៗ ឱ្យមានទម្លាប់ល្អទាក់ទងនឹ ងបរិស្ថានចាប់ពីតូចៗ តទៅ៕