ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប ឯកឧត្តម Jun TSUSHIMA និងឯកឧត្តម Arata TAKEBE សមាជិកសភាជប៉ុន និង ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា

26 12 2018

នៅព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប ឯកឧត្តម Jun TSUSHIMA និងឯកឧត្តម Arata TAKEBE សមាជិកសភាជប៉ុន និង ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅឯទីស្តីការក្រសួង ដើម្បីពិភាក្សា ពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ជប៉ុន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ តំណាងសភាជប៉ុន មកកាន់កម្ពុជា និងបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលបាននិងកំពុងជួយគាំទ្រ ដល់ការអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសលើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រផ្នែកបច្ចេកទេស ដល់កម្ពុជា។
ឯកឧត្តម Jun TSUSHIMA បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាត ឲ្យលោក និងគណប្រតិភូចូលជួបពិភាក្សាការងារ។ ឯកឧត្តមបាន មានប្រសាសន៍ថា ឆ្នាំនេះជាខួបលើកទី៦៥ នៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងជប៉ុន ហើយរាជរដ្ឋាភិបាលជប៉ុន នឹងបន្តពង្រឹងកិច្ច សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណ ដល់កម្ពុជា ដែលបានបោះឆ្នោតគាំទ្រ ដល់ ជប៉ុន បានជាប់ជាប្រទេសម្ចាស់ផ្ទះ ក្នុងការរៀបចំពិរពណ៌ ពិភពលោក នៅឆ្នាំ២០២៥ ហើយ ឯកឧត្តម ក៏បានអញ្ជើញ ថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមពិរពណ៌ ពិភពលោក ឆ្នាំ២០២៥ នៅទីក្រុងនីពុងផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់រាជរដ្ឋាភិបាលជប៉ុន ជួយគាំទ្រដល់កិច្ចដំណើរការ មជ្ឈមណ្ឌលភ្ញាស់ពូជត្រី នៅខេត្តព្រះសីហនុ និងស្នើគាំទ្រ ដល់ការបង្កើតមជ្ឈមណ្ឌល ភ្ញាស់កូនត្រីទឹកសាប ផងដែរ ដើម្បីជួយដល់ការបង្កើនជីវភាព ប្រជាកសិករកម្ពុជា។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានស្នើដល់ភាគីជប៉ុន ជួយគាំទ្រ ដល់ការអភិវឌ្ឍន៍ សហគមន៍កសិកម្ម និងគាំទ្រការអភិវឌ្ឍន៍ ការចិញ្ចឹមសត្វនៅកម្ពុជា ដោយប្រើប្រាស់ ទឹកស្ពែមសិប្បនិមិ្មត ស្រពតាមបរិបទថ្មី នៃដំណើរការវិវត្តន៍ នៃបដិវត្តឧស្សាហកម្ម ៤.០ និងសម័យឌិជថល។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើ ដល់រាជរដ្ឋាភិបាលជប៉ុន ជួយរៀបចំដំណើរទស្សនកិច្ច គ្រប់កម្រិត ក្នុងការសិក្សាផ្លាស់ប្តូរ បទពិសោធន៍ ដើម្បីស្វែងយល់បន្ថែម ពីការវិវឌ្ឍន៍ផ្នែកកសិកម្ម នៅប្រទេសជប៉ុន និងស្នើដល់ប្រទេសជប៉ុន ពិនិត្យពិចារណាពីលទ្ធភាព ក្នុងកៀរគរអ្នកវិនិយោគទុន មកធ្វើការវិនិយោគលើការកែច្នៃផលិតផល កសិកម្មនៅកម្ពុជា ក៏ដូចជាការទទួលទិញ នូវផលិតផលកសិកម្មបន្ថែម ពីកម្ពុជានាពេលខាងមុខ។