សិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ

26 12 2018

នៅរាជធានីភ្នំពេញ ថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦​ ខែធ្នូ ឆ្នាំ២០១៨​ អគ្គនាយកដ្ឋានផែនការ​ ក្រសួងផែនការ​ សហការ​ ជាមួយក្រុមប្រឹក្សាជាតិ​ អភិវឌ្ឍន៍ដោយចីរភាព​ ដែលគាំទ្រដោយកម្មវិធីសម្ព័ន្ធភាព​ ប្រែប្រួលអាកាសធាតុកម្ពុជា​ (CCCA) បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍តាមវិស័យ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឆាយ​ ថន​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងផែនការ​ ដែលមានការចូលរួម ពីឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រីមកពីក្រសួង​ ស្ថាប័នពាក់ព័ន្ធ​ សរុបចំនួន​ ១០០នាក់។

ក្នុងសុន្ទរកថា បេីកសិក្ខាសាលា​ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា​គោលបំណងសំខាន់ៗ របស់គោលការណ៍ណែនាំ ស្តីពីការរៀបចំផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ​ គឺ
១.​ ផ្តល់ទម្រង់រួមសម្រាប់រៀបចំ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ មានការបន្ស៉ីជាមួយ​ ផយអជ
២.​ សម្របសម្រួលរៀបចំ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ ដោយផ្អែកលេី​ ផយអជ​ និងការរៀបចំផែនការយុទ្ធសាស្រ្តថវិកា​ និងផែនការសកម្មភាព ប្រចាំឆ្នាំដោយផ្អែក លេីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ
៣.​ ធានាថាផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍តាមវិស័យ ត្រូវបានរៀបចំឡេីង សម្រាប់គាំទ្រការសម្រេចបាន គោលបំណងអភិវឌ្ឍន៍របស់​ ផយអជ
៤.​ ធានាផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍តាមវិស័យមានទម្រង់ស្តង់ដារួម​ និងមានពេលវេលាដូចគ្នា​ សម្រាប់ផែនការអភិវឌ្ឍន៍រយ:ពេលមធ្យម
៥.​ ផ្តល់ជាមូលដ្ឋាន សម្រាប់រៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ នៅថ្នាក់ជាតិសម្រាប់រយ:ពេលនៃផែនការ​ និង
៦.​ ផ្តល់ជាមូលដ្ឋាន សម្រាប់ការអនុវត្ត​ ការតាមដានត្រួតពិនិត្យ​ និងវាយតម្លៃ​ ផយអជ​ ឲ្យមានប្រសិទ្ធភាពនៅតាមវិស័យ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា​ រាជរដ្ឋាភិបាលកម្ពុជា​ បានចាត់ទុកថា​ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ​ (ផយអជ)​ គឺជាឧបករណ៍មួយ ដ៏សំខាន់តែមួយគត់ សម្រាប់អនុវត្តគោលនយោបាយ អាទិភាពទាំងឡាយ សំដៅឈានទៅសម្រេចបាន នូវបណ្តាគោលដៅ​ និងចំណុចដៅ​ អាទិភាពរបស់ជាតិ​ ហេីយដេីម្បីអនុវត្តប្រកបដោយជោគជ័យ​ ទាមទារឲ្យមានកិច្ច ខិតខំប្រឹងប្រែងរួមគ្នា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់ក្រសួង​ ស្ថាប័នពាក់ព័ន្ធទាំងអស់ ដេីម្បីរួមចំណែក នៅក្នុងការធ្វេីឲ្យសម្រេចបាន នូវបណ្តាគោលដៅអាទិភាព របស់ជាតិដូចបានកំណត់ នៅក្នុង​ យុទ្ធសា្រស្តចតុកោណ​ ដំណាក់កាលទី៤។ បេីតាមការវាយតម្លៃជាក់ស្តែង​ បច្ចុប្បន្ននេះក្រសួង​ ស្ថាប័នជាច្រេីនពុំទាន់មាន​ ផែនការយុទ្ធសាស្រ្ត តាមវិស័យរបស់ខ្លួនទេ​ ហេីយប្រសិនបេីមានរួចហេីយ ក៏ដំណេីរការ នៃការរៀបចំនៅពុំទាន់ត្រឹមត្រូវ តាមក្របខ័ណ្ឌការរៀបចំផែនការ​ និងមិនទាន់មានការបន្ស៉ី ពេញលេញជាមួយ​ ផយអជ​ ហេីយការបន្ស៉ីគ្នានេះ ជាបញ្ហាប្រឈមមួយ ដោយសារអាទិភាព ដែលបានលេីកឡេីង ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ តាមវិស័យអាចមិនមានសង្គតិភាព ជាមួយអាទិភាព ដែលមានចែងក្នុង​ ផយអជ។ ដេីម្បីសម្រេចបានអាទិភាពជាតិ ដែលមានចែងក្នុង​ ផយអជ​ ២០១៩-២០២៣​ ក្រសួង​ ស្ថាប័នត្រូវរៀបចំផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ តាមវិស័យ​ ដែលត្រូវរៀបចំ ជាគោលនយោបាយ​ យុទ្ធសាស្រ្ត​ និងកម្មវិធីនានា​ ដែលបន្ស៉ីជាមួយគោល នយោបាយអាទិភាពរបស់​ ផយអជ​ ២០១៩-២០២៣​ ជាពិសេសដាក់បញ្ចូល បញ្ហាអន្តរវិស័យមួយចំនួនដូចជា​ យេនឌ័រ​ ការប្រែប្រួលអាកាសធាតុ​ ការអភិវឌ្ឍបៃតង​ និងជីវ:ចម្រុះជាដេីម។