អាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យ Cornell បន្តពង្រឹងទំនាក់ទំនងផ្នែកសិល្បៈវប្បធម៌និងបុរាណវិទ្យា ដើម្បីឲ្យនិស្សិតបានស្វែងយល់អំពីវប្បធម៌-អរិយធម៌ខ្មែរ

08 01 2019

និស្សិតផ្នែកសិល្បៈនិងបុរាណវិទ្យាចំនួន៩នាក់ នៃសកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក បានមកទស្សនកិច្ចសិក្សា នៅរមណីយដ្ឋាន អង្គរ និងរាជធានីភ្នំពេញ ដើម្បីស្វែងយល់ អំពីវប្បធម៌ អរិយធម៌ខ្មែរ សិប្បកម្មសូត្រ ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មសំណង់បុរាណខ្មែរ។

ទស្សនកិច្ចសិក្សានេះ មានរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី៣ ដល់១៨ ខែមករា ឆ្នាំ២០១៩ នៅតាមទីតាំងសំខាន់ៗដូចជា ប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ កសិដ្ឋានផលិតសូត្រ នៅស្រុកពួក មជ្ឈមណ្ឌល CKS ប្រាសាទសំបូរព្រៃគុក រាជវាំងចតុមុខ សារមន្ទីរជាតិ សារមន្ទីរទួលស្លែង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កន្លែងផលិតសូត្រ នៅកោះដាច់ ផ្សារទូលទំពូង។ល។ ដើម្បីឱ្យនិសិ្សត បានស្វែងយល់ កាន់តែច្បាស់ពីវប្បធម៌ប្រពៃណី ប្រវត្តិសាស្រ្តខ្មែរ ការគ្រប់គ្រង តំបន់រមណីយដ្ឋានអង្គរ សិប្បកម្មតម្បាញសូត្រ ទីផ្សារលក់ដូរវត្ថុសិល្បៈ របាំ ព្រមទាំងអនុវត្តផ្ទាល់ លើការគូរចម្លាក់ ដាប់ចម្លាក់ និងហាត់រាំរបាំខ្មែរ។

លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌល អន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ឱ្យដឹងថា ទស្សនកិច្ចសិក្សានេះ គឺជាការបន្តបង្រៀន ដល់និស្សិតឱ្យអនុវត្តផ្ទាល់ ដល់ទីកន្លែង បន្ទាប់ពីលោក បានបង្រៀនទ្រឹស្តីមួយឆមាស ដល់ពួកគេទាក់ទង នឹងមុខវិជ្ជាទឹក សិល្បៈ នយោបាយ នៅអាស៊ីអាគ្នេយ៍ អរិយធម៌ខ្មែរ និងអរិយធម៌ពិភពលោក ប្រវត្តិសាស្រ្តខ្មែរ ឧស្សាហកម្ម កុលាលភាជន៍ខ្មែរ និងការគ្រប់គ្រងបេតិកភណ្ឌអង្គរ របស់អាជ្ញាធរជាតិអប្សរា ធ្វើឱ្យពួកគេចាប់អារម្មណ៍ខ្លាំង និងចង់មកសិក្សា ដោយផ្ទាល់។ លោកបណ្ឌិតសង្ឃឹមថា និសិ្សតទាំងអស់ នឹងបានយល់ដឹងពីប្រវត្តិសាស្រ្តខ្មែរ គ្រប់សម័យកាល តួនាទីប្រាសាទបុរាណខ្មែរ ការគ្រប់គ្រងបេតិកភណ្ឌអង្គរ អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក និងស្គាល់ចម្លាក់បុរាណខ្មែរ ក្បាច់សិល្បៈបុរាណខ្មែរ របាំខ្មែរ សិប្បកម្មសូត្រខ្មែរ កាន់តែល្អប្រសើរជាងមុន។

លោកស្រី ផាន់ ហាន់ណា សាស្ត្រាចារ្យអក្សរសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យ Cornell បញ្ជាក់ថា និស្សិតសិល្បៈ និងបុរាណវិទ្យា នៃសាកលវិទ្យាល័យ Cornell កាន់តែច្រើនបានចាប់អារម្មណ៍ពីសិល្បៈនិងបុរាណវិទ្យាកម្ពុជា ហើយនេះ ជាលើកទី៥ ដែលសាកលវិទ្យាល័យ Cornell បានដឹកនាំនិសិ្សត មកធ្វើទស្សនកិច្ច នៅកម្ពុជា ដើម្បីស្វែងយល់ដោយផ្ទាល់ពីប្រវត្តិសិល្បៈ វប្បធម៌ តម្បាញសូត្រ ចម្លាក់ថ្ម របាំ និងប្រាសាទខ្មែរ ជាពិសេសការប្រើប្រាស់ទឹក និងគ្រប់គ្រងទឹកក្នុងតំបន់អង្គរ។

លោកស្រីសាស្រ្តាចារ្យ Kaja Mc Gowan ជាអ្នកដឹកនាំនិស្សិតបានលើកឡើងថា ទស្សនកិច្ចសិក្សានេះ វាជាបទពិសោធន៍ដ៏សំខាន់ នៅក្នុងជីវិតរបស់និស្សិតសិល្បៈ និងបុរាណវិទ្យាទាំង៩នាក់ ដែលបានមកសិក្សាដោយផ្ទាល់ អំពីអរិយធម៌ខ្មែរ ព្រោះនៅកម្ពុជា មានបុរាណដ្ឋានច្រើនកន្លែង មានវប្បធម៌ប្រពៃណីគួរ ឱ្យចាប់អារម្មណ៍ទាំងការសិក្សាទ្រឹស្តី និងការស្រាវជ្រាវផ្ទាល់។

លោកស្រីសាស្ត្រាចារ្យ ក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធរជាតិអប្សរា ដែលបានសហការយ៉ាងល្អ ជាមួយសាកលវិទ្យាល័យ Cornell ពិសេសអនុញ្ញាត ឱ្យលោកបណ្ឌិត អ៊ា ដារិទ្ធ ទៅចែករំលែកបទពិសោធន៍ ការងារទាក់ទង នឹងបុរាណវិទ្យា ប្រវត្តិសាស្ត្រខ្មែរ វប្បធម៌ប្រពៃណីខ្មែរ អរិយធម៌ពិភពលោក នយោបាយ នៅអាស៊ីអាគ្នេយ៍ ការគ្រប់គ្រងទឹក និងការគ្រប់គ្រងរមណីយដ្ឋាន អង្គរដល់និស្សិតនៅ Cornell បានយល់កាន់តែច្បាស់ និងមកសិក្សាស្វែងយល់ ដោយផ្ទាល់នៅអង្គរ និងរាជធានីភ្នំពេញ៕