សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមខួបលើកទី ៤០ នៃថ្ងៃជ័យជម្នះ ៧ មករា នៅពហុកីឡដ្ឋានអូឡាំពិក

07​ 01 2019

នៅព្រឹកថ្ងៃចន្ទ ២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែ មករា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចួលរួមអបអរសាទរ​ថ្ងៃជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៩) យ៉ាងមហោឡារិក នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ពិធីអបអរសាទរ​ ខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាជ័យជម្នះ ៧មករា ថ្ងៃនេះ ក៏មានការអញ្ជើញ ចូលរួមផងដែរពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ប្រជាជនកម្ពុជា និងលោកជំទាវ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃគណបក្សប្រជាជនកម្ពុជា ជាច្រើនរូប ព្រមទាំងមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ជាង៦ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សម្រាប់ឆ្នាំ ២០១៩ដែលខួប៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា គឺបានធ្វើយ៉ាងមហោឡារិក នៅស្តាអូឡាំពិក ដោយមានរំលេចចេញ ជាផ្ទាំងទស្សនីយភាពសិល្បៈ ការរៀបចំឈរតម្រៀបគ្នា ចេញទង់ជាតិកម្ពុជា ជារូបភាពព្រាបសន្តិភាព និងជាអក្សរពាក្យស្លោក នៃខ្លឹមសារសមិទ្ធិផលនានា ដែលបានកើតចេញ ពីសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលមើលទៅ គឺរស់រវើក និងទាក់ទាញពិធីទាំងមូល អោយកាន់តែអធិកអធមក្រៃលែង។

មុននឹងអញ្ជើញ ថ្លែងនូវសុន្ទកថា សម្តេចតេជោ នាកយរដ្ឋមន្រ្តី ក៏បានថ្វាយព្រះពរចំពោះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់បំផុត សំរាប់កូនចៅ គ្រប់ៗជំនាន់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះ ជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុត នៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើទារុណកម្ម ដែលបានធ្វើអោយប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ការរស់នៅក្នុងរបបប្រល័យពូជសាសន៍ ដ៏អាក្រក់បំផុត ដែលមានរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ គឺពលរដ្ឋគ្មានសិទ្ធិសេរីភាពទេ មានតែការបំបិទសិទ្ធិ ក្នុងការរស់នៅ និងការបង្ខិតបង្ខំ អោយធ្វើការហួសកម្លាំង និងការធ្វើទារុណកម្ម និងកាប់សម្លាប់ អាយុជីវិតពលរដ្ឋ តែប៉ុណ្ណោះ។

ថ្ងៃ ៧ មករា ១៩៧៩ គឺជាការបើកឡើងវិញ នូវទំព័រសករាជថ្មីនៃ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ យើងពិតជាចងចាំជានិច្ច នូវគុណូបការៈដ៏ឧត្តុង្គឧត្តម របស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្ត វៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេង ក្នុងការប្រយុទ្ធផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារ នៃការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា។

ក្រោយពេលបញ្ចប់ សង្រ្គាមស៊ីវិលទាំងស្រុង បន្ទាប់ពីការដាក់ចេញ នូវនយោបាយ ឈ្នះ ឈ្នះ ប្រទេសជាតិបានផ្តល់ ឱកាសពេញលេញ ដល់កម្ពុជាក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ ប្រទេសអោយរីកចម្រើន លូតលាស់ជាបន្តបន្ទាប់។ នៅក្រោមម្លប់សន្តិភាព សេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់ ដែលក្នុងនោះ គឺទំហំពាណិជ្ជកម្ម និងទំហំវិនិយោគ ពីបរទេសកាន់តែកើនច្រើនឡើង ដែលធ្វើអោយកម្ពុជា អាចរក្សាកំណើន សេដ្ឋកិច្ច ក្នុងរង្វង់ជាង៧%។ ស្របពេលជាមួយគ្នានេះដែរ គឺកម្ពុជាកំពុងទាក់ទាញ ភ្ញៀវទេសចរ អន្តរជាតិ ដែលមានកំណើន ពីមួយឆ្នាំ ទៅមួយឆ្នាំជាបន្តបន្ទាប់។

កម្ពុជាបានខិតខំរើខ្លួនចេញរួចផុត ពីប្រទេសក្រីក្រ គឺប្រទេស ដែលគ្មានអ្វីសោះ មកជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងអភិវឌ្ឍន៍ ឲ្យក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ កម្ពុជាសព្វថ្ងៃ ក៏កំពុងកសាងកិត្យានុភាព លើឆាកអន្តរជាតិ តាមគោលនយោបាយ ការបរទេសរបស់ខ្លួន ឲ្យល្បីរន្ទឺរផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងប្រែក្លាយ ពីប្រទេសដែលពឹងផ្អែក លើវិស័យកសិកម្មទាំងស្រុង ទៅជាប្រទេស ដែលពឹងផ្អែក ទៅលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ នៅឆ្នាំ២០១៩នេះ កម្ពុជាកំពុងដាក់ចេញ នូវផែនការសកម្មភាព គោលនយោបាយថ្មីៗ បន្ថែមទៀត ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ អោយកាន់តែរីកចម្រើនទៅមុខ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា កម្ពុជាត្រូវតែរួមគ្នាការពារ និងថែរក្សាសន្តិភាព អោយបានគង់វង្សជាដាច់ខាត ពីព្រោះសន្តិភាព បាននាំមកនូវការអភិវឌ្ឍ និងរីកចម្រើន។ នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៦នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្ត ក្នុងការដឹកនាំនាវាកម្ពុជា អោយសម្រេចបាន នូវចក្ខុវិស័យរបស់ខ្លួន ជាពិសេសកិច្ចការពារ និងថែរក្សាសន្តិភាពអោយបានគង់វង្ស និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗ ដើម្បីបំពេញតម្រូវការ នៃការរស់នៅ របស់ប្រជាជន, ការយកចិត្តទុកដាក់ ចំពោះជនងាយរងគ្រោះ ដោយប្រការផ្សេងៗ, និងធ្វើអោយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរឡើង។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះដៃគូ និងប្រទេសជាមិត្តទាំងអស់ ដែលកន្លងមកតែងតែផ្តល់ នូវកិច្ចសហប្រតិបត្តិការ និងបានផ្តល់នូវជំនួយផ្សេងៗ ដល់កម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ អោយបងប្អូន ប្រជាពលរដ្ឋត្រូវរួបរួមគ្នា ថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិខ្មែរ និងរួមគ្នាថែរក្សា សមិទ្ធផលជាតិទាំងឡាយ អោយបាននៅគង់វង្សស្ថិតស្ថិរ ដើម្បីជាប្រយោជន៍ ដល់មនុស្សជាតិគ្រប់ជំនាន់។

មុននឹងបញ្ចាប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រិ បានព្រគេនពរ ដល់ព្រះសង្ឈ និងជូនពរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទូទាំង ប្រទេសជួបតែសេចក្តី សុខចម្រើន។

ក្នុងឱកាសនៃថ្ងៃដ៏មហោឡារិក នៃខួប ៤០ឆ្នាំ នៃទិវាជ័យជម្នះ៧មករា ថ្ងៃនេះ គឺមានការដង្ហែរក្បួនព្យុះហយាត្រា មកពីរាជធានី ខេត្ត ក្រុងទាំង២៥ ដែលបង្ហាញពីភាពរុងរឿង និងការរីកចម្រើន របស់កម្ពុជាក្នុងរយៈពេល ៤០ឆ្នាំ មកនេះ។ នៅចុងបញ្ចប់នៃកម្មវិធី គឺមានពិធីព្រលែងព្រាបសន្តិភាព និងបង្ហោះប៉ោងប៉ោង អបអរសាទរទិវាជ័យជម្នះ ៧មករា លើកទី៤០ ជាប្រវត្កិសាស្រ្តនេះ ក្នុងបរិយាកាសសប្បាយរីករាយ ប្រកបដោយមោទនៈភាពក្រៃលែង៕