ព្រឹត្តិការណ៍ «រត់ប្រណាំង និងថ្មើរជើងប្រវត្តិសាស្ដ្រ» នៅអន្លង់វែង ជោគជ័យខ្លាំង រហូតទទួលការសរសើរពីភាគីថៃ

05​ 01 2019

ព្រឹត្តិការណ៍ «​ រត់ប្រណាំង និងថ្មើរជើងប្រវត្តិសាស្ដ្រ » ដែលជាព្រឹត្តិការណ៍កីឡា និងទេសចរណ៍ថ្មីមួយទៀត ត្រូវបានក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) និងអាជ្ញាធរពាក់ព័ន្ធ រៀបចំ នៅតំបន់ប្រវត្តិសាស្ដ្រ នៃស្រុកអន្លង់វែង លើភ្នំដងរែក ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នេះ គឺបានបញ្ចប់ដោយជោគជ័យ និងទទួលបានការគាំទ្រ ពេញទំហឹង ពីប្រជាពលរដ្ឋ នៅស្រុកអន្លង់វែង រហូតមានការគាំទ្រ ពីភាគីថៃទៀតផង។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានមានប្រសាសន៍ថា គណៈកម្មការ រៀបចំពិត ជាមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះជោគជ័យ លើសពីការរំពឹង ដោយព្រឹត្តិការណ៍ កីឡាលក្ខណៈកម្សាន្ដ មានអ្នកចូលរួមយ៉ាងច្រើន រហូតដល់ជិត ១,៤០០នាក់ជាង ក្នុងនោះ អ្នករត់ ចម្ងាយ ៣គីឡូម៉ែត្រ ប្រមាណជាង ១,៣០០នាក់ និងអ្នកដើរចម្ងាយ ៦គីឡូម៉ែត្រប្រមាណជាង ៦០០នាក់ ពិសេសក៏មានការចូលរួម ពីប្រជាពលរដ្ឋថៃជិត ២០០នាក់ ទាហានថៃមួយចំនួន រួមទាំងថ្នាក់ដឹកនាំថៃ គឺអភិបាលរងខេត្តស៊ីសាកេត ក៏មិនចូលរួមដែរ។

« ចំណុចសំខាន់ ដែលយើងមិននឹកស្មាន គឺមានអ្នកចូលរួមច្រើន លើសពីការរំពឹង ព្រោះយើងរំពឹងត្រឹម ១,០០០នាក់អីទេ តែជាក់ស្ដែង មានចូលរួមជិត ១,៤០០នាក់ ចឹងជោគជ័យមែនទែន ប្រជាពលរដ្ឋរស់នៅហ្នឹង បានសម្ដែងការភ្ញាក់ផ្អើល និងសប្បាយចិត្ត ពិសេសអភិបាលរង ខេត្តស៊ីសាកេត រួមទាំងប្រជាជនថៃមួយចំនួនតូច ដែលចូលរួម បានកោតសរសើរ ជុំវិញការរៀបចំ ព្រឹត្តិការណ៍នេះ ហើយថែមទាំងមាន គម្រោងសហការគ្នា រៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍ជាច្រើនទៀត នៅទឹកដីអន្លងវែងទៀតផង»។

រដ្ឋលេខាធិការក្រសួង ទេសចរណ៍ដដែលបន្ថែមថា « ក្នុងនាមគណៈកម្មការរៀបចំ ពិតជាមានការសប្បាយចិត្តជាខ្លាំង ដែលការរៀបចំ ព្រឹត្តិការណ៍ « រត់ប្រណាំង និងថ្មើរជើងប្រវត្តិសាស្ដ្រ » លើកដំបូង ទទួលបានជោគជ័យ និងការគាំទ្រខ្លាំង ពីប្រជាពលរដ្ឋ នៅអន្លង់វែង ដែលនេះគឺជាកម្លាំងចិត្ត ដល់សំខាន់ សម្រាប់គណៈកម្មការ ដើម្បីបន្ដរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍ ជាបន្ដបន្ទាប់ នៅតំបន់តស៊ូចុងក្រោយ របស់ខ្មែរក្រហម ដែលជាតំបន់ប្រវត្តិសាស្ដ្រ ដូចជាផ្ទះតាម៉ុកជាដើម ហើយយើងសង្ឃឹមថា ការរៀបចំលើកក្រោយៗ នឹងមានការភ្ញៀវ ឲ្យបរទេសចូលរួមកាន់តែច្រើន»។

ព្រឹត្តិការណ៍កីឡាបែបកម្សាន្ដ លើទឹកដីប្រវត្តិសាស្រនេះ បានរៀបចំ ក្រោមកិច្ចសហការ ជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ សាលាស្រុកអន្លង់វែង មជ្ឈមណ្ឌលសន្តិភាព អន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីជាការចាប់ផ្តើមថ្មី សម្រាប់ស្រុកអន្លង់វែង និងដើម្បីគាំទ្រ ដល់សន្តិភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់តស៊ូចុងក្រោយ នៃចលនាខ្មែរក្រហម ដោយចេញ ពីសារមន្ទីរប្រវត្តិសាស្ត្រ អន្លង់វែង ឬសារមន្ទីរអតីតផ្ទះតាម៉ុក និងច្រកអន្តរជាតិជាំ ស្ថិតនៅភ្នំដងរែក ដើម្បីផ្សព្វផ្សាយ និងស្វែងយល់នូវតំបន់ដ៏អាថ៌កំបាំង ដំណើរផ្សងព្រេង សម្ភស្សធម្មជាតិ ក្នុងតំបន់ប្រវត្តិសាស្ដ្រ ដ៏ស្រស់ស្អាតមួយនេះ។

នេះគឺជាព្រឹត្តិការណ៍ សង្គមដំបូងបង្អស់ ដែលរៀបចំឡើង ដើម្បីអបអរសាទរខួប ២០ឆ្នាំនៃការទទួលបាន សន្តិភាពពេញលេញ ក្នុងប្រទេសកម្ពុជា បន្ទាប់ពីការធ្វើសមាហរណកម្ម ចុងក្រោយ នៅស្រុកអន្លង់វែង នៅក្នុងឆ្នាំ១៩៩៨ ពិសេស គឺដើម្បីតម្រង់ការចាប់អារម្មណ៍ ទៅលើសារសំខាន់ ផ្នែកប្រវត្តិសាស្ត្រ របស់ស្រុកអន្លង់វែង និងទៅលើចំណុចគោល នៃសន្តិភាព សន្តិសុខ និងវិបុលភាព របស់ប្រទេសកម្ពុជា។ អន្លង់វែង គឺជាតំបន់តស៊ូចុងក្រោយ របស់ខ្មែរក្រហម ប៉ុន្តែតំបន់នេះក៏ជាចំណុច របត់និមិត្តរូបមួយ នៃការងើបចេញពីអតីតកាល ដ៏សោកសង្រេងរបស់កម្ពុជាដែរ៕