ឯកឧត្តម វេង សាខុន អនុញ្ញាតឱ្យ លោក Ho Ren Hua នាយកក្រុមហ៊ុន ធីដាប់ប៊លយូភីស៊ី អ៊ីនវេសមិន (ខេមបូឌា) ឯ.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅឯទីស្តីក្រសួង

08 01 2019

នៅរសៀលថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យ លោក Ho Ren Hua នាយកក្រុមហ៊ុន ធីដាប់ប៊លយូភីស៊ី អ៊ីនវេសមិន (ខេមបូឌា) ឯ.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅឯទីស្តីក្រសួង។​ លោកនាយកក្រុមហ៊ុន បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី ថាក្រុមហ៊ុន មានប្រភពមកពីប្រទេសថៃ និងបានបោះទុនវិនិយោគ លើវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា ដោយក្រុមហ៊ុន បានទទួលគោលការណ៍ បង្កើតរោងចក្រកែច្នៃដំឡូងមី ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម តាំងពីចុងឆ្នាំ២០១៧ មកម៉្លេះ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងបញ្ចប់ ការសាងសង់រោងចក្រ និងត្រៀមលក្ខណៈក្នុងការដំណើរការកែច្នៃ ក្នុងពេលឆាប់ៗខាងមុខ។ នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុនមានគម្រោងព ង្រីកការកែច្នៃដំឡូងមីពី ៤០០០០ ទៅ ៥០០០០តោន និងបង្កើនការកែច្នៃរហូតដល់ ២០០ ០០០តោន នៅពេលអនាគត។ ទន្ទឹមនឹងនេះក្រុមហ៊ុនក៏មានគម្រោង បង្កើតចម្ការ និងដាំដំឡូងមីនៅលើផ្ទៃដីចំនួន ៤ ០០០ហិកតា នៅស្រុកសំរោង ខេត្តឧត្តរមានជ័យ ដោយខ្លួនឯងដើម្បីធានានូវនិរន្តភាព នៃការផ្គត់ផ្គង់។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសាទរ ចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគ នៅកម្ពុជា ហើយ ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមគាំទ្រ ដល់ការបង្កើតចម្ការ និងដាំដំឡូងមីនៅកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំក្រុមហ៊ុន ឱ្យអនុវត្តនូវផលិតផកម្ម តាមកិច្ចសន្យា ដោយធ្វើការកំណត់ទីតាំងដាំដុះ ដែលមានសក្តានុពល សម្រាប់ដំណាំដំឡូងមី ទន្ទឹមនឹងនេះបណ្តាខេត្ត ដែលមានព្រំប្រទល់ជាប់ខេត្តឧត្តរមានជ័យ ក៏មានសក្តានុពល សម្រាប់ដំណាំនេះផងដែរ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំ ដល់ក្រុមហ៊ុន បន្តសហការជាមួយមន្រ្តីពាក់ព័ន្ធ ដើម្បីពិភាក្សាពីនីតិវិធីនានា ក្នុងការគាំទ្រដល់ការវិនិយោគនេះ ទទួលបានជោគជ័យ។