ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

09​ 01 2019

ថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម​ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅ អនុវត្តការងារឆ្នាំ២០១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនក្រោមឱវាទ តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផលធំៗ ដែលសម្រេចបានមួយចំនួនពាក់ព័ន្ធនឹង កំណែទម្រង់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលក្នុងនោះរួមមាន៖ ការដាក់ឱ្យដំណើរការកម្ម វិធីថែទាំផ្លូវ (ROAD CARE mobile app) ដែលអាចអនុញ្ញាត ឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការថែទាំផ្លូវ យុទ្ធនាការជិះកង់ត្រួតពិនិត្យផ្លូវ ការបើកឱ្យប្រើប្រាស់ កំពង់ផែពហុបំណង នៅក្រុងព្រះសីហនុ ការ បើកឱ្យដំណើរការសាលាបង្រៀន បើកបរយានយន្តធុនធ្ងន់ ការបើកឱ្យប្រើប្រាស់ជាផ្លូវការ បណ្តាញផ្លូវថ្នល់មួយចំនួន យុទ្ធនាការចែកមួកសុវត្ថិភាព ជូនប្រជាពលរដ្ឋបានចំនួនប្រាំម៉ឺនមួក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងយុទ្ធនាការយល់ដឹង អំពីគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ អំពីគម្រោងបង្កើតអង្គភាព តាមដានយានយន្ត ដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ ដែលដឹកជញ្ជូនទំនិញចេញ ពីកំពង់ផែ គម្រោងបិទក្រុមហ៊ុន កែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសគ្មានច្បាប់ អនុញ្ញាត គម្រោងរៀបចំ វគ្គបណ្តុះបណ្តាលភាពជាអ្នក ដឹកនាំសម្រាប់អ្នកជំនាន់ក្រោយ ដើម្បីបន្តវេនការដឹកនាំ ក្រសួងសាធារណការ និងដឹកជញ្ជូនបន្ត និង គម្រោងរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រួលបែបបទនាវា និងនាវិកចេញចូល នៅកំពង់ផែ (Port EDI)។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រី ក្រោមឱវាទ រៀបចំបែបបទនីតិវិធី ដើម្បីសម្រួលដល់ការកសាង ផ្លូវថ្នល់ឱ្យបានរឹងមាំ និងស្នើឱ្យរៀបចំ ផែនការ តាមដាន វាយតម្លៃសកម្មភាព របស់ខ្លួនដើម្បីបំពេញការងារ ឱ្យមានប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ក៏ដូចជា មន្ត្រីក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញការងារ និងសម្រេចបានសមិទ្ធផលជាទីមោទនៈ និងបានធ្វើការក្រើនរំលឹកផងដែរថា ក្នុងនាមមហាគ្រួសារ តែមួយនៃក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវរួបរួមសាមគ្គីគ្នា ក្នុងការបំពេញការងារ និងមិនត្រូវមានការបែងចែកបក្សពួកអ្វីឡើយ៕