កិច្ចពិភាក្សាលើគម្រោងស្តីពី “ការរៀបចំបង្កើតក្របខណ្ឌការងារសម្រាប់អនុវត្តពិធីសារណាហ្គូយ៉ាស្ដីពីការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីធនធានពន្ធុ (ABS)

08 01 2019

នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៩ អគ្គលេខាធិការដ្ឋាន​ ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ ដោយ​ចីរភាព​ (ក.ជ.អ.ច.) បានរៀបចំសិក្ខាសាលា ​ពិនិត្យ​លើ​គម្រោង​ស្តីពី “ការ​រៀបចំ​បង្កើត​ក្រប​ខណ្ឌ​ការងារ ​សម្រាប់​អនុវត្ត​ ពិធីសារ​ណាហ្គូយ៉ា​ស្ដីពី​ការ​ប្រើប្រាស់ និង​ការ​បែងចែក​ផល​ប្រយោជន៍​ ពី​ធនធាន​ពន្ធុ​ (ABS) នៅរាជធានីភ្នំពេញ។

ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការ ក.ជ.អ.ច.​ បាន​លើកឡើង​ ពី​ភាព​សម្បូរ​បែប ​នៃ​ធនធាន​ជីវៈចម្រុះ​ និង​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ក្នុង​នោះ​កម្ពុជា ជា​ទីជម្រក​ដ៏​សំខាន់​នៃ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ចំនួន​៦១៤៩ ប្រភេទ។ ធនធាន​ទាំង​នោះ​បាន​ផ្ដល់​នូវ​តម្លៃ​ដ៏​ធំធេង​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម វប្បធម៌ ការ​លំហែ​កំសាន្ត និង​ជួយ​ទ្រទ្រង់ ​ដល់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ របស់​ប្រជាជន។

ឯកឧត្ដម ទិន ពន្លក បន្ថែមថា​រាជរដ្ឋាភិបាល​កម្ពុជា មានឆន្ទះខ្ពស់​​ ក្នុង​ការ​អភិរក្ស​ជីវៈចម្រុះ ការ​ប្រយុទ្ធ​ប្រឆាំង​ឆ្លើយតប​ នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ដែល​ជា​មុំ​ដ៏​សំខាន់​មួយ​ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ របស់​រាជរដ្ឋាភិបាល ​ក្នុង​អាណត្តិ​ទី​៦នេះ។ ការ​អនុវត្ត​កំណែទម្រង់​ស៊ី​ជម្រៅ​ លើ​វិស័យ​បរិស្ថាន​ បាន​ពង្រីក​ផ្ទៃដី ​តំបន់​ការពារ​ធម្មជាតិ​ចំនួន​៧.៤ លាន​ហិតតា ស្មើ​នឹង​៤១% នៃ​ផ្ទៃ​ប្រទេស​។

ឯកឧត្ដម​ មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ គម្រោង​ថ្មី​នេះ​នឹង​ជា​ផ្នែក​ សំខាន់​សម្រាប់​ជួយ​រាជរដ្ឋាភិបាល ​រៀប​ចំ​ក្រប​ខណ្ឌ​ច្បាប់ គោលនយោបាយ ការ​កសាង​សមត្ថភាព និង​កសាង​ប្រព័ន្ធ​ត្រួតពិនិត្យ និង​វាយតម្លៃ​ដើម្បី​​ប្រើប្រាស់ និង​ការ​បែងចែក​ផល​ប្រយោជន៍​ ពី​ធនធាន​ពន្ធុ​ដោយ​ស្មើភាព និង​សមធម៌។

សូមបញ្ជាក់ថា សិក្ខាសាលាពិនិត្យ​លើ​គម្រោង​ស្តីពី “ការ​រៀបចំ​បង្កើត​ក្រប​ខណ្ឌ​ការងារ ​សម្រាប់​អនុវត្ត​ ពិធីសារ​ណាហ្គូយ៉ា​ ស្ដីពី​ការ​ប្រើប្រាស់ និង​ការ​បែងចែក​ផល​ប្រយោជន៍ ​ពី​ធនធាន​ពន្ធុ​ (ABS) នេះ​គាំទ្រ​ដោយ​​កម្មវិធី​ អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​មាន​ការ​ចូលរួម​ពី​តំណាង​អគ្គនាយកដ្ឋាន នៃ​ក្រសួង​បរិស្ថាន ​តំណាង​ក្រសួង ស្ថាប័ន ប្រជា​សហគមន៍ ​និង​អង្គការ​ពាក់ព័ន្ធ​ចូលរួម ​ជាច្រើននាក់ ក្នុង​គោលបំណង​ដើម្បី​បង្ហាញ ពិនិត្យ និង​ផ្តល់​យោបល់​លើ​សេចក្ដីព្រាង​ ឯកសារ​គម្រោង​សម្រាប់​ រៀបចំ​ឯកសារ​គម្រោង​ ស្នើ​សុំ​ពេញលេញ (PPG) ស្តីពីABS។

សូម​ជម្រាប​ផង​ដែរ​ថា ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចូល​ជា​សមាជិក​ នៃ​ពិធីសារ​ណាហ្គូយ៉ា​ ស្តីពី​ ABS នៃអនុសញ្ញា​សហប្រជាជាតិ ​ស្តីពី​ជីវៈចម្រុះ​ក្នុង​ឆ្នាំ២០១៥ ដែល​ពីធីសារ​នេះ​ មាន​គោលបំណង ​បែង​ចែក​ដោយ​ស្មើភាព​ និង​សមធម៌​នូវ​ផលប្រយោជន៍​ ពី​ការ​ប្រើប្រាស់​ធនធាន​ពន្ធុ រួម​ទាំង​ ការ​ទទួល​ធនធាន​ពន្ធុ និង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ពាក់ព័ន្ធ​ ឱ្យ​បាន​សមស្រប ដោយ​យក​ចិត្ត​ទុក​ដាក់ ​លើ​សិទ្ធិ​ទាំង​អស់​នៃ​ធនធាន និង​បច្ចេកវិទ្យា​ទាំង​នោះ ​និង​ការ​ផ្តល់​ហិរញ្ញប្បទាន​សមស្រប​ ដែល​ជា​ហេតុ​នាំ ​ដល់​ការ​អភិរក្ស​ជីវៈចម្រុះ ​និង​ការ​ប្រើប្រាស់​សមាសភាគ​ របស់​វា​ដោយ​និរន្តរភាព៕