ពិធីបិទសន្និបាតបូកសរុបការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩

10 01 2019

ថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីបិទសន្និបាត បូកសរុបការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ដោយមានការចូលរួម ពីក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

សន្និបាតនេះ បានប្រព្រឹត្តទៅអស់រយៈពេល ១ថ្ងៃកន្លះ ដែលមានការចូលរួម ធ្វើបទអន្តរាគមន៍ ពីអង្គភាពពាក់ព័ន្ធ បានពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ការងារយ៉ាងផុលផុស បានពិនិត្យលើបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ និងបានបូកសរុបលទ្ធផល ការងារឆ្នាំ២០១៨ និងលើកទិសដៅការងារ សម្រាប់អនុវត្ត ក្នុងឆ្នាំ២០១៩។

ថ្លែងក្នុងសន្ទរកថា នាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ អំពីសមិទ្ធផលការងារឆ្នាំ ២០១៨ ដែលជាឆ្នាំទទួលបាន នូវការគាំទ្រ និងជំនឿទុកចិត្តខ្ពស់ ពីបងប្អូនប្រជាពលរដ្ឋ លើក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងការអនុវត្តការងារ របស់ខ្លួនប្រកបដោយជោគជ័យ តាមការសន្យា សមិទ្ធផលសំខាន់ៗទាំងនោះរួមមាន៖ ការងារដឹកជញ្ជូនផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ការងារផ្លូវដែក ការងារសាធារណការ ការងារភស្តុភារកម្ម ការងារសហគ្រាសសាធារណៈ និងការងារព័ត៌មានវិទ្យា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីទិសដៅការងារ សម្រាប់ឆ្នាំ២០១៩ ដែលជាឆ្នាំត្រូវជំរុញទ្វេដង ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដែលបានផ្តល់ការទុកចិត្ត ដល់រាជរដ្ឋាភិបាល និងបង្កើនចំណូលជាតិ ស្របតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើង អំពីផែនការគម្រោងសំខាន់ៗ សម្រាប់ឆ្នាំ២០១៩នេះ ដែលក្នុងនោះរួមមាន៖ សេចក្ដីព្រាង អនុក្រឹត្យ ស្តីពីផ្លាកលេខពិសេសរថយន្ត សំដៅប្រមូលថវិកាជូនរដ្ឋ ផ្តល់ជម្រើសងាយស្រួល ដល់ម្ចាស់កម្មសិទ្ធិយានយន្ត និងពង្រឹងការគ្រប់គ្រងយានយន្ត គម្រោងកាត់បន្ថយអត្រា នៃការរងរបួសធ្ងន់ធ្ងរ ឱ្យបាន ៥០%ត្រឹមឆ្នាំ២០២០ និងការបង្កើតក្រុមការងារ ត្រួតពិនិត្យរថយន្តដឹកជញ្ជូនទំនិញ តាមគោលដៅកំពង់ផែស្វយ័ត ដើម្បីទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ជាដើម។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលសម្រេចបាន ក្នុងរយៈពេល១០០ថ្ងៃដំបូង ដើមអាណត្តិទី៦ នៃរាជរដ្ឋាភិបាល ដូចជា៖ ការដាក់ឱ្យដំណើរការកម្មវិធី ថែទាំផ្លូវ យុទ្ធនាការជិះកង់ ត្រួតពិនិត្យមើលផ្លូវ ការជួសជុលថែទាំផ្លូវ-ស្ពាន ដែលរងការខូចខាត ដោយសារទឹកជំនន់ ការដាក់ឱ្យដំណើរការ សាលាបង្រៀន បើកបររថយន្តធុនធ្ងន់ ការបង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាល សុវត្ថិភាព ចរាចរណ៍ផ្លូវគោក និងការរៀបចំបញ្ចប់ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការផ្តល់ផ្លាកលេខពិសេស ជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងការកោតសរសើរ ចំពោះបណ្តាប្រទេស ផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារ ថវិកា និងបច្ចេកទេស លើការរៀបចំផែនការ និងការ អនុវត្តសកម្មភាពការងារ ក្នុងវិស័យសាធារណការ និងជញ្ជូន៕