ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ទទួលជួបពិភាក្សាការងារជាមួយលោក មីគី វ៉ាត់ណាបេ ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍សភា កិច្ចការបរទេស និងការពារជាតិរដ្ឋសភា ជប៉ុន

10 01 2019

ក្នុងជំនួបពិភាក្សា​ ការងារ រវាងលោក មីគី វ៉ាត់ណាបេ (Miki Watanabe) ប្រធានគណៈកម្មាធិការ អចិន្រៃ្តយ៍សភា កិច្ចការបរទេស និងការពារជាតិ​រដ្ឋ​សភា​ ជប៉ុន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានមានប្រសាសន៍ថា នៅពេលខាងមុខ នឹងមានក្រុមហ៊ុនជប៉ុន បើកជាបន្តបន្ទាប់ដើម្បី បណ្តុះបណ្តាល និងងាយស្រួលបញ្ជូន កម្មសិក្សាការី ពីកម្ពុជាទៅជប៉ុន ខណៈដែលរដ្ឋាភិបាលជប៉ុន បានកែប្រែច្បាប់ថ្មី។

ឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រុមហ៊ុនខាងលើ គឺជាក្រុមហ៊ុនចម្រុះ ខាងផ្នែកឧស្សាហកម្ម និងផ្នែកសេវា បច្ចុប្បន្នក្រុមហ៊ុននេះ បានគ្រប់គ្រងបុគ្គលិក ប្រមាណ០២ម៉ឺននាក់ នៅជប៉ុន ដែលត្រូវការកម្លាំងបន្ថែមទៀត។ ឯកឧត្តមបន្តថា ដើម្បីអនុវត្តន៍នូវគម្រោងថ្មីនេះបាន នាពេលខាងមុខ រដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ពិសេសក្រសួងការងារ កំពុងរៀបចំ ឲ្យមានចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការ ជាមួយក្រសួងពាក់ព័ន្ធ របស់ប្រទេសជប៉ុន ដើម្បីអនុវត្តន៍នូវប្រព័ន្ធថ្មី និងច្បាប់ថ្មីរបស់ភាគីជប៉ុន។

ជប៉ុនបានចាប់ផ្តើមរៀបចំ បង្កើតឱ្យមានគម្រោងថ្មី សម្រាប់បង្កើន លំហូរនៃកម្លាំងពលកម្ម ពីប្រទេសផ្សេងៗ និងសម្រាប់អនុវត្ត នូវកំឡុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីដោះស្រាយ បញ្ហាកខ្វះកម្លាំងពលកម្មជំនាញ នៅប្រទេសជប៉ុន។ ជាមួយគ្នានេះ ជប៉ុនបាននឹងកំពុងរៀបចំ ឱ្យមានសេចក្តីព្រាង និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយបណ្តាប្រទេស បញ្ជូនទាំងអស់ ដែលបានអនុញ្ញាត ឱ្យបញ្ជូលទាំងកម្មសិក្សាការី បច្ចេកទេស និងអ្នកធ្វើការជំនាញ បច្ចេកទេស ទៅប្រទេសជប៉ុន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការ ជាមួយមន្ត្រីជំនាញ នៃប្រទេសជប៉ុន ដើម្បីពិនិត្យ និងរៀបចំឱ្យមានកិច្ចព្រមព្រៀង សហប្រតិបត្តិការ ជាមួយគ្នា ក្នុងគោលបំណង ដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារ ដល់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងចំណោម ជាដៃគូប្រទេសជប៉ុន ដែលបញ្ជូនពលករទៅធ្វើការ នៅទីនោះមានចំនួន ១៥ប្រទេស ហើយចំនួន ដែលបានបញ្ជូន ទៅពីលេខ១ រហូតដល់១៥ កម្ពុជាឈរលើលេខរៀងទី៧៕