ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែធ្នូ ឆ្នាំ២០១៨

10 01 2019

នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្ម បានរកឃើញបេក្ខជន​ ជ័យលាភីផ្នែកការប្រើប្រាស់ កម្មវិធី App ព័ត៌មាន តាមទូរស័ព្ទ ចល័ត ច្រើនជាងគេ សម្រាប់ខែធ្នូ ឆ្នាំ២០១៨ គឺបានទៅលើលោក ពេជ្រ វាសនា ដែលជាមន្ត្រីរាជការ មកពីមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរ គុណបេក្ខជនជ័យលាភី ដែលបានតាមដាន និងគាំទ្រ សកម្មភាពនានា របស់ក្រសួងពាណិជ្ជកម្ម តាមរយ:ការចុច Like និងចែករំលែកព័ត៌មានបន្ត នៅលើទំព័រហ្វេសប៊ុក របស់ខ្លួនច្រើនជាងគេ។ ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធី App ព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម មានផ្ទុកនូវកម្រង សេវាសាធារណៈ និងសកម្មភាពការងារ ប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ ក្រសួង ដើម្បីផ្តល់ចំណេះដឹង ស្តីពីការអភិវឌ្ឍ វិស័យពាណិជ្ជកម្ម នៅកម្ពុជា។

ទន្ទឹមគ្នានេះ សាធារណជន ក៏អាចប្រើប្រាស់កម្មវិធីនេះ ដើម្បីធ្វើការទំនាក់ទំនង ឬសាកសួរព័ត៌មានផ្សេងៗ មកកាន់ក្រសួងពាណិជ្ជកម្ម ហើយមន្ត្រីទំនាក់ទំនង សាធារណៈរបស់ក្រសួង និងផ្នែកពាក់ព័ន្ធ នឹងខិតខំឆ្លើយតបបញ្ហា ឬធ្វើការបកស្រាយ ចម្ងល់ទាំងឡាយ ទៅតាមលទ្ធភាព ជាក់ស្តែង។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់អ្នកប្រើប្រាស់ស្មាតហ្វូន ទាំងអស់ ធ្វើការដោនឡូត (ទាញយក) កម្មវិធី App ព័ត៌មាន របស់ក្រសួង ពាណិជ្ជកម្ម ទៅប្រើប្រាស់ ឱ្យបានកាន់តែច្រើន ដើម្បីមានឱកាស ឈ្នះរង្វាន់លើកទឹកចិត្តគ្រប់ៗគ្នា។

សូមជម្រាបថា កម្មវិធី App ព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម គឺជាផ្នែកមួយ នៃយុទ្ធសាស្ត្រទំនាក់ទំនង សារធារណៈរបស់ក្រសួង ដើម្បីជំរុញ លំហូរព័ត៌មាន ឱ្យបានទៅដល់ដៃ សាធារណជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ក្រៅពីផ្តល់ព័ត៌មាន កម្មវិធីនេះ បានកំពុងដើរតួជាស្ពាន ដើម្បីភ្ជាប់ទំនាក់ទំនង រវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ក្រសួងពាណិជ្ជកម្មផងដែរ។

ដើម្បីដោនឡូត ឬទាញយកកម្មវិធី App ព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម មកប្រើប្រាស់ លោកអ្នកគ្រាន់តែ ចូលទៅកាន់កម្មវិធី Play Store (Android) ឬ App Store (IOS) រួចស្វែងរកពាក្យ «Ministry of Commerce Cambodia» បន្ទាប់មកចុចលើពាក្យ Install ជាការស្រេច។ លោកអ្នកក៏អាច ចុចលើតំណភ្ជាប់ (Link) ខាងក្រោម ដើម្បីដោនឡូត និងដំឡើងកម្មវិធី ទៅក្នុងទូរស័ព្ទដៃផងដែរ។

Android: https://play.google.com/store/apps/details…
IOS: https://itunes.apple.com/kh/app/moc-news/id1325087230?mt=8