រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីរំលឹកខួបលើកទី៤០ ថ្ងៃជ័យជម្នះ ៧ មករា ដោយមានមហាជនចូលរួមជាង៣ពាន់នាក់

10 01 2019

រដ្ឋបាលខេត្តកំពង់ស្ពឺ​ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានរៀបចំពិធីរំលឹកខួប លើកទី៤០ ថ្ងៃជ័យជម្នះ ៧ មករា ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផែនការ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តកំពង់ស្ពឺ។

នៅក្នុងពិធីនេះ ក៏មានការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ស្ពឺ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង៣,០០០នាក់។ កម្មវិធីនេះ ត្រូវបានប្រារព្ធធ្វើឡើង យ៉ាងកងរំពងជារៀងរាល់ឆ្នាំ នៅទីលានបាល់ទាត់ របស់សាលាខេត្តកំពង់ស្ពឺ។

សម្រាប់ឆ្នាំ២០១៩នេះ ការអបអរសាទរខួប៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា បានធ្វើយ៉ាងមហោឡារឹកអធិកអធម នៅពហុកីឡដ្ឋាន អូឡាំពិក ជាងបណ្តាឆ្នាំកន្លងទៅ ដែលមានការចូលរួមពីមហាជន ជាមួយការរំលេចចេញ នូវផ្ទាំងទស្សនីយភាព សិល្បៈនានា ដូចជា៖ ការឈរតម្រៀបគ្នា ចេញជារូបទង់ជាតិរបស់កម្ពុជា ការតម្រៀបចេញ ជារូបភាពព្រាប និងអក្សរផ្សេងៗ។
ក្នុងនោះ ក៏មានការបង្ហាញ ពីសមិទ្ធផលនានា កើតចេញពីសុខសន្តិភាព ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា ក៏ដូចជា ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស បានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះ ជាប្រវត្តិសាស្រ្ត របស់ប្រជាជនកម្ពុជា ដែលបាន វាយផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាល ដ៏ខ្មៅងងឹតបំផុត នៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ស្លាប់ជាង៣លាននាក់។
៧មករា ១៩៧៩ គឺជាថ្ងៃបើកឡើងវិញ នូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕