សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនិស្សិតខ្មែរ ៤៦៨ នាក់នៅប៉េកាំង

20 01 2019

នៅល្ងាចថ្ងៃទី ២០ ខែ មករា នេះ បន្ទាប់ពីបានអញ្ជើញ មកដល់ទីក្រុងប៉េកាំង ប្រទេសចិន សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកូនក្មួយនិស្សិត ចំនួន ៤៦៨នាក់ ដែលកំពុងសិក្សា នៅក្នុងប្រទេសចិន។ ក្មួយៗនិស្សិតមានសេចក្តីសប្បាយ រីករាយក្រៃលែង ដែលមានឱកាសបានជួប សម្តេចតេជោ ប្រមុខដឹកនាំ ដោយផ្ទាល់ ដែលជានិច្ចជាកាល លោកតែងតែ ឆ្លៀតយកពេលវេលា ដោយមិនគិត ពីការនឿយហត់ ដើម្បីជួបជុំសួរសុខទុក្ខ កូនក្មួយ ជានិស្សិត ដែលកំពុងសិក្សា នៅក្នុងប្រទេសចិន។
សម្តេចតេជោ បានមានប្រសាសន៍ថា នេះជាទស្សនកិច្ចផ្លូវការ លើកទី ៦ ហើយដែល សម្តេច បានអញ្ជើញ មកកាន់ប្រទេសចិន ដោយមិនរាប់បញ្ចូល ទស្សនកិច្ចការងារជាង ១១ លើកមុនទៀត។ តាមរយៈទស្សនកិច្ចទាំងនេះ គឺបានរិតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ អោយកាន់តែរឹងមាំ ខ្ពស់ឡើងថែមទៀត។
នៅក្នុងទស្សនកិច្ចផ្លូវការ នៅពេលនេះគឺ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងខិតខំជំរុញ នូវកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាពិសេស វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍។ នៅក្នុងឆ្នាំ ២០១៧ យើងទទួលបានទេសចរចិន ប្រមាណ ១.២ លាននាក់ ហើយនៅឆ្នាំ ២០១៨ កន្លងទៅនេះ ទេសចរចិន បានកើនឡើងដល់ ១.៩លាននាក់។ កាលពីឆ្នាំមុន សម្តេចតេជោ គ្រោងចង់បានទេសចរចិន ប្រមាណ ០.០១% តែចាប់ពីឆ្នាំ ២០១៩ នេះ គឺកម្ពុជាចង់បានទេសចរចិន យ៉ាងហោចណាស់ ០.០៥% នៃចំនួនប្រជាជនចិន ១,៣០០ លាននាក់។
ជាមួយគ្នានេះដែរ គឺកម្ពុជាត្រូវខិតខំបើក ពង្រីក និងពង្រឹងទីផ្សារ អោយបានច្រើនថែមទៀត ក្រៅពីទីផ្សាអាមេរិក និងអ៊ឺរ៉ុប ដើម្បីបញ្ចេញទំនិញ និងផលិតផលកសិកម្មកម្ពុជា ចេញក្រៅ ដូចជានៅក្នុងប្រទេសចិន, អាហ្វ្រិក, មឈ្ឈឹមបូព៌ា និងកូរ៉េជាដើម។ សព្វថ្ងៃនេះ ទំហំពាណិជ្ជកម្មកម្ពុជា និងចិន ក៏បានកើនឡើងដល់ ៥,៦០០លានដុល្លារហើយ។ មិត្តចិនគឺវិនិយោគធំជាងគេ នៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ឋផ្លូវ ថ្នល់ ស្ពាន ស្ពានអាកាស និងវារីអគ្គីសនី ជាដើម។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានពន្យល់អំពីស្ថានការណ៍ ពិភពលោក ដល់និស្សិតអោយបានយល់ដឹង ហើយ សម្តេច បានមានប្រសាសន៍ថា ទោះបីស្ថានភាពពិភពលោក មានការប្រែប្រួលឬមិនច្បាស់លាស់ទៅផ្លូវណា គឺកម្ពុជាមិនអោយពលរដ្ឋខ្លួន ដាច់បាយឡើយ។ សម្តេចនឹងបន្តខិតខំ ដើម្បីពង្រឹងសេដ្ឋកិច្ចប្រទេសជាតិ អោយបានរឹងមាំ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី សប្បាយរីករាយ និងមានមោទនៈភាព ដែលបានឃើញកូនក្មួយនិស្សិត មានឱកាសបានមកសិក្សា នៅប្រទេសចិន ដែលជាប្រទេសមហាអំណាចមួយដែរ។ សម្តេចបានលើកទឹកចិត្តអោយក្មួយៗ និស្សិតយកចិត្តទុកដាក់ ក្នុងការសិក្សារួមទាំងភាសាអង់គ្លេស និងភាសាចិន ហើយរស់នៅគោរពច្បាប់ ប្រទេសចិន រក្សាសន្តិសុខសណ្តាប់ធ្នាប់ អោយបានល្អ ចេះស្រឡាញ់រាប់អានគ្នា និងចេះជួយយកអាសារគ្នាទាំង តាមរយៈដោយផ្ទាល់ខ្លួន និងតាមរយៈសមាគម ឬតាមរយៈសាលា និងតាមរយៈកុងស៊ុល និងស្ថានទូតជាដើម។ ទន្ទឹមនឹងនេះដែរ គឺត្រូវខិតខំយក ពេលវេលាសិក្សា រៀនសូត្រ បង្កើនចំណេះដឹង និងសមត្ថភាព អោយកាន់តែមានប្រយោជន៍ដល់ខ្លួន។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសថតរូបជាអនុស្សាវរីយ៍ និងបានឧបត្ថម្ភ ដល់ការសិក្សារបស់ក្មួយៗ និស្សិតក្នុងម្នាក់ៗ ទទួលបាន ៣០០ ដុល្លារ ព្រមទាំងឧបត្ថម្ភ ដល់សមាគមនិស្សិត នៅប្រទេចិន ៩០,០០០ (ថវិកាសម្តេច ៣ម៉ឺន, សភាពាណិជ្ជកម្ម ៥ម៉ឺន, និងមន្រ្តីរដ្ឋាភិបាល ១ម៉ឺន) ។ សម្តេចតេជោ បានជូនពរ ដល់កូនក្មួយនិស្សិតទាំងអស់ ទទួលបានជោគជ័យ ក្នុងការសិក្សា។ តាមការគ្រោងទុក គឺសម្តេចតេជោនឹងអញ្ជើញ មកប្រទេសចិនម្តងទៀត នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៩ ខាងមុខនេះ ដើម្បីចូលរួម ក្នុងកិច្ចប្រជុំសំខាន់ៗមួយចំនួន ដែលផ្តល់នូវអត្ថប្រយោជន៍ ជាច្រើន ដល់ប្រទេសកម្ពុជាយើង៕