គោលដៅទេសចរណ៍ជាច្រើន​ របស់កម្ពុជា កាន់តែត្រូវបានអន្តរជាតិចាប់អារម្មណ៍ខ្លាំងឡើងៗ នាឱកាសពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅប្រទេសវៀតណាម

20 01 2019

ក្រោយពីបានចូលរួមផ្សព្វផ្សាយ កាន់តែទូលំទូលាយ អំពីគោលដៅទេសចរណ៍ ជាច្រើន នៅក្នុងព្រឹត្តិការណ៍ ជាតិ-អន្តរជាតិតូចធំនានា កម្ពុជាមានការជឿជាក់ថា គោលដៅទេសចរណ៍ជាច្រើន របស់ខ្លួន កាន់តែត្រូវបានអន្តរជាតិចាប់អារម្មណ៍ខ្លាំងឡើងៗបន្ថែមទៀត នាឱកាសពិព័រណ៍ ទេសចរណ៍អន្តរជាតិ (TRAVEX) ដែលទើបធ្វើឡើង នៅប្រទេសវៀតណាម។

ការចូលរួមផ្សព្វផ្សាយ ពីផលិតផលទេសចរណ៍ នៅក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ ខាងលើនេះ ត្រូវបានធ្វើឡើង នាឱកាសលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ក្រុមសិល្បៈរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមហ៊ុនឯកជន ចូលរួមកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្ដីទេសចរណ៍អាស៊ាន លើកទី២២ ដែលធ្វើឡើងស្របពេល ជាមួយគ្នានឹងវេទិកាទេសចរណ៍ អាស៊ាន លើកទី៣៨ ចាប់ពីថ្ងៃទី១៦-១៨ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហាឡុង ខេត្តក្វាងនីង ប្រទេសវៀតណាម។
ក្រសួងទេសចរណ៍ បានឱ្យដឹងថា «ពិព័រណ៍ទេសចរណ៍អន្តរជាតិ» គឺជាពិព័រណ៍ទេសចរណ៍ អន្តរជាតិដ៏ធំមួយ នៅអាស៊ាន ដែលបានបង្កើត ឡើង ដើម្បីទិញ-លក់កញ្ចប់ទស្សនកិច្ច និងសេវាកម្មទេសចរណ៍ ផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ និងបង្កើតភាពជាដៃគូ ក្នុងធុរកិច្ច ទេសចរណ៍ជាមួយគ្នា សំដៅអភិវឌ្ឍវិស័យទេសចរណ៍ នៅក្នុងតំបន់អាស៊ាន ឲ្យកាន់តែប្រសើរឡើង បន្ថែមទៀត។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍ ទេសចរណ៍ នាឆ្នាំ២០១៩ នេះផងដែរ គេសង្កេតឃើញមានស្ដង់ជាង ៣០០ស្ដង់ មានអ្នកចូលរួមជិត ១,៥០០នាក់ មកពី ៥២ប្រទេស ក្នុងនោះមានអ្នកលក់ចំនួន ៦៤០នាក់ អ្នកទិញ (Buyers) ៣៦២នាក់ អ្នកសារព័ត៌មាន (Media) ១៤៥នាក់ ប្រតិភូចូលរួមប្រជុំ ៣៤០នាក់ និងប្រតិភូផ្សេងៗទៀតចំនួន ១៦២នាក់។

ក្រសួងទេសចរណ៍បានចូលរួម តាំងបង្ហាញផ្សព្វផ្សាយ សក្ដានុពលទេសចរណ៍ ដ៏ទាក់ទាញមានវប្បធម៌ និងធម្មជាតិ ដោយមានក្រុមហ៊ុន ទេសចរណ៍ចូលរួមចំនួន ១២ក្រុមហ៊ុន ក្នុងនោះមានសណ្ឋាគារ ចំនួន៨ ទីភ្នាក់ងារទេសចរណ៍ ចំនួន៣ និងក្រុមហ៊ុនទូកទេសចរណ៍ ចំនួន១ រួមជាមួយសិល្បការិនីបុរាណ ៣រូប មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធ្វើការផ្សព្វផ្សាយវប្បធម៌ ប្រពៃណីដ៏ផូរផង់ របស់កម្ពុជា។

ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ អន្តរជាតិ TRAVEX ប្រតិភូក្រសួងទេសចរណ៍ បាននជួបពិភាក្សាការងារ ផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានជាមួយ នឹងធុរជន វិនិយោគិន សារព័ត៌មាន និងអ្នកជំនាញទេសចរណ៍ ជាច្រើន សំដៅជំរុញទេសចរ និងវិនិយោគិន មកទស្សនា និងបណ្ដាក់ទុន នៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ក្នុងនោះពន្លាក្រសួងទេសចរណ៍ បានទទួលស្វាគមន៍ភ្ញៀវ ចូលទស្សនាជាង ១០០០នាក់។

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក៏បានធ្វើបទបង្ហាញ ទៅដល់អ្នកសារព័ត៌មាន អន្តរជាតិ នៅក្នុងកម្មវិធី Media Briefing អំពីវឌ្ឍនភាព នៃគោលដៅទេសចរណ៍ ផលិតផលទេសចរណ៍ថ្មីៗ ស្ថិតិទេសចរឆ្នាំ២០១៨ និងព្រឹត្តិការណ៍ទេសចរណ៍ អន្តរជាតិថ្មីៗ ដែលកម្ពុជាគ្រោងនឹងរៀបចំ នៅឆ្នាំ២០១៩ ឆ្នាំ២០២០ និងឆ្នាំ២០២១ ក្នុងនោះកម្ពុជា ក៏មានការផ្សព្វផ្សាយ អំពីកម្ពុជា គឺជាម្ចាស់ផ្ទះ នៃការរៀបចំវេទិកាទេសចរណ៍ អាស៊ាន ឆ្នាំ២០២១ និងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ផងដែរ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច សម្រាប់រៀបចំវេទិកាទេសចរណ៍ អាស៊ាន ឆ្នាំ២០២១ ឲ្យកាន់តែជោគជ័យ និងប្រសើឡើងបន្ថែមទៀត៕