ឯកឧត្តម សាយ សំអាល់ អនុញ្ញាតឱ្យប្រតិភូទីក្រុងឡុងប៊ិច ដឹកនាំដោយលោក Robert Garcia ជាអភិបាលក្រុង បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

28​ 01 2019

ថ្ងៃចន្ទ ៨ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នំា២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាត​ ឱ្យប្រតិភូទីក្រុងឡុងប៊ិច ដឹកនាំដោយលោក Robert Garcia ជាអភិបាលក្រុង បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោកអភិបាលក្រុង បានគោរពជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ថា នេះជាលើកទី១ ដែលលោក បានមកបំពេញទស្សនកិច្ច នៅកម្ពុជា និងពិតជាមានក្តីរំភើបរីករាយ ដោយបានមើលឃើញ ពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ភាពស៊ីវីល័យ និងភាពរួសរាយរាក់ទាក់ របស់ប្រជាជន ព្រមទំាង ការវិវត្តរីកចម្រើន របស់ប្រទេសកម្ពុជា ជាពិសេស គឺភាពស្រស់ស្អាត និងភាពទាក់ទាញ របស់រាជធានីភ្នំពេញ ដែលជាបេះដូង នៃប្រទេស។ ទន្ទឹមនឹងនេះ លោកក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមទៀតថា ទីក្រុងឡុងប៊ិច ជាទីក្រុងមួយដែលមានប្រជាជនខ្មែររស់នៅច្រើន (Cambodia Town) ហើយនៅក្នុងការរៀបចំក្រុង គឺមានការគិតគូរយ៉ាងខ្លំាង លើគុណភាព និងនិរន្តរភាពបរិស្ថាន តាមរយៈការដាក់ចេញ នូវវិធានការអនុវត្ត ក្នុងការគ្រប់គ្រង កាកសំណល់រឹង សំណល់រាវ ការបំពុលទឹក សម្លេង ខ្យល់ ការប្រើប្រាស់ ថាមពលកកើតឡើងវិញ ការរៀបចំតភ្ជាប់បណ្តាញ ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ និងការប្រើប្រាស់មធ្យោបាយ ដែលសន្សំសំចៃថាមពលខ្ពស់ ដោយយកបច្ចេកវិទ្យា ជាស្នូល។ ហើយលោក ក៏បានស្នើឱ្យមានការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងទីក្រុង នៃប្រទេសទំាងពីរ ដើម្បីអាចសិក្សារៀនសូត្រ និងដកពិសោធន៍ពីគ្នា ទៅវិញទៅមក។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងបានបញ្ជាក់ ទៅលោកអភិបាលក្រុងឡុងប៊ិច យ៉ាងដូច្នេះថា កម្ពុជាបាន និងកំពុងបោះជំហានទៅមុខ ស្ថិតក្នុងដំណើរ នៃការធ្វើទំនើបភាវូបនីយកម្ម និងបន្តខិតខំរក្សា ឱ្យបាននូវសុខសន្តិភាព និងស្ថេរភាពរបស់ប្រទេស ដើម្បីធានាឱ្យបាន នូវការលើកកម្ពស់ជីវភាព រក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ច និងសុខុនីយកម្ម របស់ប្រជាជនកម្ពុជា នៅទូទំាងប្រទេស។ ការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំណើនប្រជាជន នៅទីក្រុង បានធ្វើឱ្យរាជធានីភ្នំពេញ ត្រូវបន្តគិតគូរ និងយកចិត្តទុកដាក់បន្ថែមទៀត ពាក់ព័ន្ធការ គ្រប់គ្រងសំណល់ ការរៀបចំក្រុង ការរៀបចំចំណត ការរៀបចំចរាចរណ៍ ការរៀបចំចិញ្ចើមផ្លូវ ការបំពុលទឹក ការបំពុលខ្យល់ ការសន្សំសំចៃថាមពល ដោយផ្អែកលើមូលដ្ឋាន នៃការអភិវឌ្ឍក្រុងឈានមុខ ដែលស្អាត បៃតង និងធានាបាន នៅការរស់នៅដោយចីរភាព។ ដើម្បីជំរុញឱ្យកិច្ចការនេះ ទទួលបានលទ្ធផល ជាវិជ្ជមាន ក្រសួងបរិស្ថាន បានធ្វើប្រតិភូកម្មមុខងារ តួនាទីភារកិច្ច និងថវិកាដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលនៅផ្ទាល់ ជាមួយប្រជាពលរដ្ឋ ឱ្យបំពេញការងារ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានដាក់ចេញ នូវវិធានការច្បាប់ និងការផាកពិន័យ ដល់ប្រជាពលរដ្ឋដែលល្មើសច្បាប់ ព្រមទំាងបានយកចិត្តទុកដាក់ ក្នុងការអប់រំ បណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីអនាម័យបរិស្ថានដល់កុមារ និងយុវជនឱ្យមានទម្លាប់ល្អ ក្នុងការរស់នៅស្អាត ក៏ដូចជាកៀរគរប្រភព ថវិកាផ្សេងៗ ដើម្បីគំាទ្រ នូវរាល់បណ្តាសកម្មភាព ទំាងឡាយដែលធ្វើ ឱ្យទីក្រុងកាន់តែស្អាត និងបៃតង ដែលធានាបាន នូវការរស់នៅដោយចីរភាព របស់ប្រជាជន។

ពាក់ព័ន្ធនឹងការ រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ឯកឧត្តម រដ្ឋមន្ត្រី បានស្នើ ឱ្យលោកអភិបាលក្រុង ពិចារណារ ឱ្យមានការផ្លាស់ប្តូរទស្សនទាន នៃការរៀបចំក្រុងឈានមុខ ឬ ទីក្រុងស្អាត និងទីក្រុងដែលប្រជាជន ចង់រស់នៅ តាមរយៈការរៀបចំ សិក្ខាសាលា និងសន្និសីទនានា ព្រមទំាងការឈាន ទៅដល់ការចុះអនុស្សរណៈយោគយល់គ្នា រវាងទីក្រុង នៃប្រទេសទំាងពីរ។