ឆ្នាំ២០១៨ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង ៣ប៊ីលានដុល្លារសហរដ្ឋអាមេរិក

28​ 01 2019

ទំហំពាណិជ្ជកម្មសរុប រវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៨ មានទឹកប្រាក់ប្រមាណ ៣,៣១ប៊ីលានដុល្លារអាមេរិក បានកើនឡើង ២៧% ធៀបនឹងឆ្នាំ២០១៧ ដែលមានត្រឹមតែ ២,៦១ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ការចេញរបស់កម្ពុជា មានតម្លៃ ២,៨៨ប៊ីលានដុល្លារ និងនាំចូលមានតម្លៃ ៤២៦លានដុល្លារ ធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាទីផ្សារធំ លំដាប់ទីពីរ របស់កម្ពុជា នេះបើតាមលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីបើកកិច្ចប្រជុំ ក្រុមប្រឹក្សាចម្រុះ លើកទី៥ ស្តីពីកិច្ចព្រមព្រៀង ក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក (5th TIFA) ដែលរៀបចំឡើង នៅសណ្ឋាគារអប្សរា ផាឡេស រីសត ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ សហរដ្ឋអាមេរិក ដែលបានផ្តល់ប្រព្រឹត្តិកម្ម អនុគ្រោះ GSP សម្រាប់ទំនិញ កាបូបដាក់សម្ភារៈ ធ្វើដំណើរ និងជំនួយបច្ចេកទេស ដល់កម្ពុជា ក្នុងការអភិវឌ្ឍច្បាប់ ស្តីពីឧបាស្រ័យពាណិជ្ជកម្ម, ការសិក្សាលទ្ធភាព អនុវត្តកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និងកម្មវិធីកសាងសមត្ថភាព ផ្សេងទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំ អំពីវឌ្ឍនភាព នៃកំណើនសេដ្ឋកិច្ច ដ៏រឹងមាំរបស់កម្ពុជា និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តន៍គោល នយោបាយបើកចំហរ និងការធ្វើសមាហរណកម្ម សេដ្ឋកិច្ច នៅគ្រប់កម្រិត ដើម្បីទាក់ទាញការវិនិយោគ សំដៅធ្វើពិពិធកម្ម ឱកាសការងារ និងប្រាក់ចំណូល ជូនប្រជាជន ព្រមទាំងប្រែក្លាយកម្ពុជា ទៅជាប្រទេស ដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេស ដែលមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

ទន្ទឹមគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានបង្ហាញជំនឿមុតមាំថា ប្រទេសទាំងពីរ ត្រូវការពង្រឹង កិច្ចសហប្រតិបត្តិការថែមទៀត ស្របពេល ដែលពិភពលោក មានការផ្លាស់ប្តូរមិនទៀងទាត់ នៅក្នុងរបៀបវារៈពាណិជ្ជកម្ម អន្តរជាតិ ហើយតាមរយៈ កិច្ចប្រជុំក្រុមប្រឹក្សា TIFA លើកទី៥ ថ្ងៃនេះ គឺជាឱកាសដ៏សំខាន់មួយ សម្រាប់ភាគីទាំងពីរ ធ្វើការតាមដាន និងធ្វើបច្ចុប្បន្នភាពបញ្ហា ដែលនៅសេសសល់ រួមជាមួយបញ្ហាថ្មីៗ ផ្សេងទៀត ដើម្បីបម្រើឧត្តមប្រយោជន៍ ប្រទេសទាំងពីរ ដូចដែលមានចែង នៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំ។

សូមជម្រាបថា នៅក្នុងឆ្នាំ២០១៨ វិស័យពាណិជ្ជកម្ មរបស់កម្ពុជា មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៅក្នុងនោះការនាំចេញទំនិញ សរុបរបស់កម្ពុជា ទីកាន់ទីផ្សារអន្តរជាតិ មានទឹកប្រាក់ ១២,១ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើង ១០% ធៀបនឹងឆ្នាំ២០១៧ ហើយទឹកប្រាក់នេះ ត្រូវបានគេព្យាករណ៍ថា អាចនឹងកើនឡើង ដល់ប្រមាណ ១៣ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ខាងមុខ៕