កំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង)ប្រវែងសរុប១១០,៩០គីឡូម៉ែត្រ គ្រោងចំណាយទឹកប្រាក់សរុបចំនួន ២៤៣,៧៤លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់​ ជាមួយក្រុមហ៊ុនហើយ

28​ 01 2019

ថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី  ក្រសួង​សាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង គម្រោងធ្វើ ឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង) ដោយមានការចូលរួម ថ្នាក់ដឹកនាំក្រសួង តំណាងមកពីទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន ក្រុមហ៊ុន ILSUNG-CIENCOI, ក្រុមហ៊ុនOBAYASHI Corporation និង តំណាង ក្រុមហ៊ុនTEKKEN-IKEE Joint Venture។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោម កម្ចីឥណទាន សម្បទាន ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើមសាងសង់ ចេញពីព្រែកក្តាម រហូត ដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកា ប្រមាណ ៥០០ លានដុល្លារអាមេរិក ហើយការស្ថាបនា ត្រូវបាន បែងចែកជាបីផ្នែកធំៗគឺ៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល។

គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាលនេះ មានប្រវែងសរុប ១១០,៩០គីឡូម៉ែត្រ ដោយចាប់ពីធ្លាម្អម ដល់ បាត់ដំបង ទទឹងប្រវែង២៣ម៉ែត្រ ពី២គន្លងទៅ ៤គន្លង ក្រាលកៅស៊ូAC កម្រាស ១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារ នៅចំកណ្តាល គ្រោងចំណាយទឹកប្រាក់ សរុបចំនួន ២៤៣,៧៤លានដុល្លារអាមេរិក ហើយការស្ថាបនា មានរយៈពេល ប្រមាណ ៤២ខែ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ កំណាត់ផ្លូវជាតិនេះ ជាផ្លូវអាស៊ានហាយវេលេខ១ អាច បង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកប ដោយសក្តានុពលខ្ពស់ សម្រាប់បម្រើវិស័យ សេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវនេះ នឹងមានជីវភាពកាន់តែល្អប្រសើរ តាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនម៉ៅការសាងសង់ ដាក់ផ្លាកសញ្ញាសុវត្ថិ ភាពឱ្យបានត្រឹមត្រូវ នៅតាមការដ្ឋានសាងសង់ផ្លូវ ដែលអាចបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាល ឱ្យស្លាប់ ចំពោះអ្នកធ្វើដំណើរ និងបានសំណូមឱ្យក្រុមហ៊ុនទាំងបី ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង និងក្រុមហ៊ុន ប្រឹក្សាយោបល់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាព និងសុវត្ថិភាពនៃការសាងសង់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលផ្តល់កម្ចីឥណទាន សម្បទាន និងជំនួយបច្ចេកទេស តាមរយៈទីភ្នាក់ងារសហ ប្រតិបត្តិការ អន្តរជាតិជប៉ុន ដើម្បីធ្វើឱ្យប្រសើរឡើង កំណាត់ផ្លូវដ៏សំខាន់នេះ សំដៅរួមចំណែក ជំរុញកំណើន សេដ្ឋកិច្ចជាតិ អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋ។