ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជួសជុលសាងសង់បាន ៩៣ ភាគរយហើយ គ្រោងនឹងដាក់អោយប្រើប្រាស់មុនថ្ងៃបុណ្យចូលឆ្នាំខែ្មរខាងមុខនេះ

31 01 2019

គម្រោងស្តារឡើងវិញ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាហិរញ្ញប្បទាន ឥតសំណង របស់រដ្ឋាភិបាលជប៉ុន ដែល ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។ គម្រោងនេះបានចាប់ផ្តើម ការជួសជុលសាងសង់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានក្រុមហ៊ុន Obayashi ជាក្រុម ហ៊ុនទទួលបានសិទ្ធិ ក្នុងការជួសជុលសាងសង់ និង ក្រុមហ៊ុន Central Consultant Inc ជាក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស។ គិតត្រឹមដើមឆ្នាំ២០១៩ នេះ គម្រោងនេះសម្រេច បាន៩៣ ភាគរយ លឿនជាងការគ្រោងទុក១៤ ភាគរយ។
ផ្អែកលើកិច្ចព្រមព្រៀងរវាង រដ្ឋាភិបាលប្រទេសទាំងពីរ គម្រោងនេះគ្រោងនឹងបញ្ចប់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែដោយសារការ អនុវត្តគម្រោងនេះលឿន ជាងការគ្រោងទុក ស្ពាននេះនឹងបើក ឲ្យធ្វើចរាចរណ៍បណ្តោះអាសន្ន នៅពេលបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ។