ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ទទួលជួបលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារំាងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

04 02 2019

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃច័ន្ទ ១៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារំាង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ដើម្បីពិភាក្សាការងារ អំពីការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការ រវាងប្រទេស រួមទាំងប្រធានបទផ្សេងៗទៀត។

មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងអំណរអរគុណ ជូនចំពោះរដ្ឋាភិបាលបារាំង ដែលកន្លងមក បានជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជារួម និងដោយឡែកការ អភិវឌ្ឍវិស័យកសិកម្ម។ ជំនួយឧបត្ថម្ភទាំងហិរញ្ញវត្ថុ និងបច្ចេកទេស របស់រដ្ឋាភិបាល បារាំងបានចូលរួមចំណែកធ្វើឱ្យវិស័យកសិកម្ម មានការរីកចម្រើន គួរឱ្យមោទនភាព ហើយឯកឧត្តម រដ្ឋមន្រ្តីសង្ឃឹមថា រដ្ឋាភិបាលបារាំង នឹងបន្តជួយអភិវឌ្ឍវិស័យកសិកម្មបន្ថែមទៀត ជាពិសេស ដល់វិស័យកៅស៊ូគ្រួសារ ឱ្យកាន់តែមានការរីកចម្រើន សមស្របតាមនិន្នាការ រីកចម្រើនផ្នែកសេដ្ឋកិច្ច កំណើនប្រជាជន និងការប្រកួតប្រជែងទីផ្សារ។

នាឱកាសនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងពីចំណាប់អារម្មណ៍ របស់លោកជំទាវទាក់ទង នឹងការរីកចម្រើន របស់ប្រទេសកម្ពុជា ជាពិសេសការរីកចម្រើន លើវិស័យកសិកម្ម ដែលបានចូលរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចជាតិ កែលម្អកម្រិតជីវភាព របស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។ លោកជំទាវបានបន្តថា ជំនួបនាពេលនេះ គឺជាឱកាស នៃការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ល្អៗ និងធ្វើការសិក្សា លើកទិសដៅបន្តអនុវត្តគម្រោង ដែលពាក់ព័ន្ធ នឹងវិស័យកសិកម្ម។ ទោះជាយ៉ាងណា លោកជំទាវថា នឹងខិតខំផ្តល់កិច្ច សហការបន្ថែមទៀត ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាអភិវឌ្ឍន៍ វិស័យកសិកម្ម នៅកម្ពុជាឱ្យមានការរីកចម្រើន សមស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា។

នាឱកាសនេះដែរ ភាគីទាំងពីរ​ ក៏បានលើកយកប្រធានបទសំខាន់ៗ មកពិភាក្សាផងដែរជាអាទិ៍÷ ទី១. ការអភិវឌ្ឍ វិស័យកៅស៊ូគ្រួសារ ទី២. ការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋរចនាសម្ព័ន្ធគាំទ្រ ដល់វិស័យស្រូវ អង្កកម្ពុជា ទី៣.ការលើកកម្ពស់ផលិតភាព ផលិតកម្មកសិកម្ម ការកែច្នៃ ការវេចខ្ចប់ ការធានាគុណភាព សុវត្ថិភាព អនាម័យ និងភូតគាមអនាម័យ (SPS) ឆ្លើយតបតាមនិយាម ក្នុងតំបន់ និងនៅលើពិភពលោក ទី៤.ការលើកកម្ពស់ប្រសិទ្ធភាព នៃការប្រើប្រាស់ដីកសិកម្ម ឱ្យមាននិរន្តរភាព និងទី៥. វិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនជ្រូកអាហ្វិច (African Swine Fever)។