ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ទទួលជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី

05​ 02 2019

នារសៀលថ្ងៃអង្គារ ១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ បានអនុញ្ញាត ឱ្យលោកស្រី Sunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

នាឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណ ដែលធនាគារអភិវឌ្ឍន៍អាស៊ី តែងតែយកចិត្តទុកដាក់ និងជួយជ្រោមជ្រែង ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍនិងកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើក អំពីស្ថានភាពបច្ចុប្បន្ន និងការរីកចម្រើន នៃវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ទូរគមនាគមន៍ និងប្រៃសណីយ៍ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្ន បណ្ដាញខ្សែកាប្លិ៍អុបទិក មានប្រវែងប្រមាណជាង ៤ម៉ឺនគីឡូម៉ែត្រ ទូទាំងប្រទេស។

លោកស្រីនាយិកា ក៏បានកោតសរសើរ ដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង អភិវឌ្ឍន៍ប្រទេសកន្លងមក ហើយធនាគារអភិវឌ្ឍន៍អាស៊ី គឺជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា។ បេសកកម្ម របស់លោកស្រី គឺដើម្បីជួបពិភាក្សាការងារ ជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពិភាក្សាការងារ និងប្រមូលធាតុចូល សម្រាប់ការរៀបចំចងក្រង ផែនការយុទ្ធសាស្ត្រ នៃភាពជាដៃគូ២០១៩-២០២៣។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវ នូវអាទិភាពសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងយកចិត្តទុកដាក់ ដើម្បីត្រៀមខ្លួនសម្រាប់ សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤។ ក្នុងនោះការរៀបចំ គោលនយោបាយ បទដ្ឋានគតិយុត្តនានា ដើម្បីទ្រទ្រង់ ហិរញ្ញវត្ថុឌីជីថល រដ្ឋាភិបាលឌីជីថល e-Commerce ការអភិវឌ្ឍ ធនធានមនុស្ស ការតភ្ជាប់ឌីជីថល ការពង្រីកវិសាលភាព នៃសេវាប្រៃសណីយ៍ជាដើម គឺជាកិច្ចការសំខាន់ៗ ដែលក្រសួងបាន និងកំពុងផ្តោតការយកចិត្តទុកដាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំដល់ធនាគារ អភិវឌ្ឍន៍អាស៊ី ក្នុងការផ្តល់កិច្ចសហការ ផ្នែកបច្ចេកទេស ក្នុងការតាក់តែង គោលនយោបាយ និងបទដ្ឋានគតិយុត្ត ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងស្នើសុំនូវការបន្តកិច្ច សហប្រតិបត្តិការ បន្ថែមទៀត លើគម្រោងដែល ADB បានអនុវត្ត និងសម្រេចបាន នៅក្នុងតំណាក់កាលកន្លងមក ដូចជាគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្ម នៅជុំវិញតំបន់បឹងទន្លេសាប ជាដើម៕