ឯកឧត្ដម សៅ សុភាព ដឹកនាំកិច្ចប្រជុំត្រីមាសលើកទី៥ នៃក្រុមការងារក្រសួងបរិស្ថាន ដើម្បីពិនិត្យលើវឌ្ឍនភាពគម្រោង​ និងផ្តល់អនុសាសន៍ទៅលើបញ្ហាប្រឈម នាពេលបច្ចុប្បន្ន

06 02 2019

នៅទីស្តីការក្រសួងបរិស្ថាន​ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជានាយក គម្រោង «រៀបចំបង្កើត និងអនុវត្តសាកល្បងវិធីសាស្រ្ត និងជម្រើសនានា ដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុ ក្នុងតំបន់ទីប្រជុំជន» ដែលគាំទ្រថវិកា ដោយសម្ព័ន្ធប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) និងអនុវត្តដោយក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំ ត្រីមាសលើកទី៥ នៃក្រុមការងារក្រសួងបរិស្ថាន ដើម្បីពិនិត្យលើវឌ្ឍនភាព គម្រោងនិងផ្តល់អនុសាសន៍ ទៅលើបញ្ហាប្រឈម នាពេលបច្ចុប្បន្ន។ អង្គប្រជុំមានសមាសភាព ចូលរួមប្រមាណ ១៥នាក់ មកពីក្រសួងបរិស្ថាន CCCA ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស និងអ្នកម៉ៅការដែលផ្តល់ សេវាកម្មដល់គម្រោង។ លោក ហួរ លឹមឈុន បានធ្វើបទបង្ហាញពីវឌ្ឍនភាព របស់គម្រោង ដែលរួមមាន៣ផ្នែកធំៗ៖
១- គម្រោងបានជ្រើសរើស សាលាចំនួន០៥ ដើម្បីអនុវត្តវិធីសាស្រ្តឆ្លើយ តបទៅនឹងភាពធន់នៃ ការប្រែប្រួលអាកាសធាតុ និងការបញ្ចេញ កាបូនតិច រួមមានការបំពាក់ប្រព័ន្ធសូឡា ចំនួន៤ផ្ទាំងមានកម្លាំង1100W ការសន្សំសំចៃទឹក ដោយធ្វើអាងត្រងទឹកភ្លៀង ចំណុះ៥០០០លីត្រ ចំនួន២ និងម៉ូទ័របូមទឹក១ បំពាក់អំពូល LED ចំនួន២០ និងកង្ហា២០ និងធុងសម្រាមចំនួន២០ សម្រាប់សាលានីមួយៗ ព្រមទាំងរៀបចំសួនជីវចម្រុះ និងដាំដើមឈើមធ្យម តូច ចំនួន១៣០ដើម និងរុក្ខជាតិតូចៗ ចំនួន៣៧៥ដើម សម្រាប់សាលាចំនួន០៣។ លើសពីនេះទៀត គម្រោងបានសាងសង់បង្គន់ និងកន្លែងលាងដៃ សម្រាប់គ្រូ និងសិស្សានុសិស្សប្រើប្រាស់បន្ថែម ទៅអ្វីដែលមាន នាពេលបច្ចុប្បន្ន និងកសាងធនធានមនុស្ស ស្តីពីសាលាមេត្រីបរិស្ថាន។
២- ការសិក្សាបានធ្វើបញ្ចប់ ទៅលើការប្រើប្រាស់ ម៉ូតូអាគុយ ដើម្បីលើកកំពស់នូវ បច្ចេកវិទ្យាបញ្ចេញកាបូនតិច ក្នុងការធ្វើដំណើរ នៅទីក្រុង។
៣- ផលិតនិងផ្សព្វផ្សាយ នូវសកម្មភាព និងលទ្ធផល ខាងលើតាមរយៈស្ថានីយទូរទស្សន៍ និងវិទ្យុអប្សារា និងបោះពុម្ពជាខិតប័ណ្ណ សំរាប់ផ្សព្វផ្សាយ (poster and brochure) ដើម្បីលើកកំពស់ ការយល់ដឹងជាសាធារណៈ និងវិធានការឆ្លើយតប សមស្របទៅនឹង ការប្រែប្រួល អាកាសធាតុ ផលប៉ះពាល់របស់វា។
ក្រោយពីបទបង្ហាញ អង្គប្រជុំបានពិភាក្សា ទៅលើបញ្ហាប្រឈម និងការងារ ដែលត្រូវរៀបចំ ពិធីប្រគល់ ទទួលសម្ភារៈ និងសមិទ្ធផល របស់គម្រោង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអនុវិទ្យាល័យសម្តេច ហ៊ុន សែន ព្រៃវែង និងដែល ឯកឧត្តម រដ្ឋមន្រ្តី បានឯកភាព អញ្ជើញចូលរួមជាអធិបតី ក្នុងពីធីនេះ។ ឯកឧត្តមប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីជំរុញល្បឿន ដល់ការងារ ដែលនៅសេសសល់ ដើម្បីធ្វើបញ្ចប់នៅចុងខែកុម្ភៈនេះ និងអនុសាសន៍ ពាក់ព័ន្ធទៅនឹងការរៀបចំពិធី ប្រគល់ទទួលសម្ភារៈ និងសមិទ្ធផលសម្រេចបាន ដើម្បីឱ្យពិធីនេះប្រព្រឹត្តទៅប្រកបដោយរលូន និងជោគជ័យ។