ឯកឧត្តម វេង សាខុន អនុញ្ញាឲ្យលោកស្រី Sunniya Durrani Jamal នាយកប្រតិបត្តិធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំប្រទេសប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម

06 02 2019

នៅទីស្តីការក្រសួងនារសៀលថ្ងៃពុធ ០២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញា ឲ្យលោកស្រី Sunniya Durrani Jamal នាយកប្រតិបត្តិ ធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំប្រទេស ប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីកិច្ច សហប្រតិបត្តិការ លើការអភិវឌ្ឍវិស័យកសិកម្ម។ លោកស្រីបានជម្រាប ជូនឯកឧត្តមរដ្ឋមន្រ្តីថា គោលបំណងនៃជំនួប ពិភាក្សា នាពេលនេះគឺទី ១-ចង់បានអនុសាសន៍ ពីឯកឧត្តម រដ្ឋមន្រ្តី ដើម្បីរៀបចំគម្រោង អភិវឌ្ឍវិស័យផ្សេងៗ ជារួម និងដោយឡែក វិស័យកសិកម្មដូចជា កសិកម្ម និងទឹក ការប្រែប្រួលអាកាសធាតុ ការធ្វើឱ្យប្រសើរឡើង លើកិច្ចសហការ រវាងរដ្ឋ និងវិស័យឯកជន និងការបង្កើនផលិតភាព ផលិតកម្ម។ល។ ទី២- សិក្សាលើតម្រូវការចាំបាច់ ដែលត្រូវលើកយកមកពិភាក្សា រួចដាក់ចេញនូវគម្រោងអភិវឌ្ឍ ឱ្យត្រូវតាមគោលនយោបាយ របស់ក្រសួង ជាពិសេស ឱ្យបានសមស្រប តាមតម្រូវការជាក់ស្តែង របស់ប្រជាកសិករ ឬអ្នកផលិត។
មានមតិស្វាគមន៍ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនលោកស្រីថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្ម មានការរីកចម្រើន គួរឱ្យកត់សម្គាល់ ដែលបានចូលរួមចំណែក លើកកម្ពស់កំណើនសេដ្ខកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ តែទោះជាយ៉ាងណា វិស័យកសិកម្មទាមទារ ធ្វើការអភិវឌ្ឍច្រើនថែមទៀត ដើម្បីឆ្លើយតម ទៅតាមកំណើនសេដ្ឋកិច្ច ក្នុងតំបន់ ក៏ដូចជានៅទូទាំងពិភពលោក កំណើនប្រជាជនកម្ពុជា កំណើនភ្ញៀវទេសចរណ៍ ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ ហេតុផលនេះ តាមរយៈលោកស្រី ឯកឧត្តមរដ្ឋមន្រី្តបាន ស្នើឱ្យធនាគារអភិវឌ្ឍអាស៊ី គិតគូពិចារណា និងធ្វើការសិក្សា ឱ្យបានស៊ីជម្រៅបន្ថែមទៀត ពីលទ្ធភាព នៃការផ្តល់ហិរញ្ញវត្ថុ ដើម្បីអនុវត្តគម្រោងនានា ដែលទាក់ទង នឹងអនុវិស័យសំខាន់ៗមួយចំនួន ដូចជា៖ ទី១ -ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់ការអភិវឌ្ឍផលិតកម្មបន្លែ និងដំណាំរួមផ្សំ ជាអាទិ៍៖ ការពង្រឹង និងការបញ្ចូលបច្ចេកវិទ្យា ទៅក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្អគាំទ្រ និងការគ្រប់គ្រងដំណាំ ការប្រមូលផល ការវេចខ្ចប់ ស្លាកសញ្ញា ឃ្លាំងត្រជាក់ រក្សាផលិតផល និងកាតគ្រប់គ្រងទិផ្សារ ។ល។ និយាយជារួម គឺខ្សែច្រវាក់ផលិតកម្ម គ្រប់ជ្រុងជ្រោយពី A to Z ដើម្បីធានាបានទាំងបរិមាណ ផ្គត់ផ្គង់ គុណភាព អនាម័យ និងភូតគាមអនាម័យ (SPS) ទី២- លើកកម្ពស់វិស័យ វារីវប្បកម្មឱ្យបានល្អ ប្រសើរទាំងទឹកប្រៃ និងទឹកសាប ធ្វើយ៉ាងកាត់បន្ថយ ការចាប់មច្ចជាតិ ពីប្រភពធម្មជាតិ លើកកម្ពស់ផលិតភាព ផលិតកម្ម បង្កើនតម្លៃបន្ថែម និងចំណូលគ្រួសារ ក៏ដូចចំណូលសហគមន៍ ធ្វើការកែច្នៃ និងនាំចេញ។ ទី៣- វិស័យផលិតកម្មសត្វ ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួម លើកកម្ពស់កម្រិត ជីវភាពគ្រួសារ ដូច្នេះទាមទារ ត្រូវធ្វើការអភិវឌ្ឍពូជ (ប្តូរពូជ និងការបង្កាត់សិប្បនិមិ្មត្ត) ដែលមានតម្លៃ ក្នុងទីផ្សារជំងឺ និងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សម្រាប់គ្រួសារកសិករ រួមទាំងការគ្រប់គ្រង ចំណី ការការពារ ។ ទី៤-ជំរុញ និងលើកទឺកចិត្ត ដល់វិស័យឯកជន ក្នុងការផលិតពូជ ធ្វើការផ្សព្វផ្សាយ និងប្រើប្រាស់ ឱ្យបានទូលំទូលាយ នូវពូជសុទ្ធល្អ ធានាគុណភាពល្អ និងទិន្នផលកើន រួចត្រូវអនុវត្តផលិតកម្ម កសិកម្ម តាមកិច្ចសន្យា ដើម្បីធានាការនូវបរិមាណផ្គត់ផ្គង់ ធានាបាននូវការជឿទុកចិត្ត រក្សាតម្លៃ និងនិរន្តរភាពនៃការ ផលិត។ ទី៥-ផលិតកម្មពោត ក៏ជាវត្ថុធាតុដើមមួយ យ៉ាងសំខាន់ ក្នុងវិស័យផលិតកម្មចំណីសត្វ ដែលទាមទារ ឱ្យធ្វើការយកចិត្តទុកដាក់ លើការដាំដុះ ពូជ បច្ចេកទេស ក្រោយប្រមូលផល (ឃ្លាំងស្តុក និងរោងសម្ងួត) ដើម្បីបង្កើនផលិតភាព ផលិតកម្មពោត ធានាបរិមាណផ្គត់ផ្គង់ ឱ្យទីផ្សារចំណីសត្វ គុណភាព និងកាត់បន្ថយការនាំចូល។
ដើម្បីបង្កើនប្រសិទ្ធភាព នៃការអនុវត្តគម្រោង ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំ ដល់មន្រ្តីបង្គោលទាំងអស់ ធ្វើតាមដានជាប្រចាំ នូវស្ថានភាពប្រាក់ចំណូល និងស្ថានភាពជីវិភាពរស់នៅ របស់កសិករមុន និងក្រោយទទួលបាន ការឧបត្ថម្ភពីគម្រោង ។ អ្វីដែលក្រសួង និងរាជរដ្ឋាភិបាល ចង់បាន ចង់ឃើញគឺការផ្លាស់ប្តូរកម្រិតជីវភាព របស់ប្រជាពលរដ្ឋ ពិតប្រាកដ។ ជាថ្មីម្តងទៀត ក្នុងនាមឱ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម រដ្ឋមន្រ្តីបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគារ អភិវឌ្ឍអាស៊ី ដែលកផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការ អភិវឌ្ឍវិស័យកសិកម្ម ហើយសង្ឃឹមថា លោកស្រីនឹងខិតខំ អស់លទ្ធភាពបន្តគាំទ្រ ដល់ការអភិវឌ្ឍវិស័យកសិកម្ម ឱ្យមានការរីកចម្រើន ជាបន្តបន្ទាប់។ ចំពោះសំណើ របស់ឯកឧត្តម រដ្ឋមន្រ្តី លោកស្រីបានទទួលយកទៅពិនិត្យ ពិចារណា ហើយលោកស្រី បានសន្យាថានឹងខិតខំ ឲ្យអស់លទ្ធភាពសិក្សា និងវាយតម្លៃ រាល់ចំណុច នីមួយៗដែលឯកឧត្តមរដ្ឋមន្រ្តិ បានលើកឡើងឱ្យស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដោយក្រុមជំនាញនីមួយៗ។