កម្ពុជានឹងបង្កើតស្ដង់ដាវិថីម្ហូបអាហារ និងស្ដង់ដាតូបលក់ម្ហូបអាហារ ចូលទៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត

11​ 02 2019

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត គ្រោងនឹងស្នើរាជរដ្ឋាភិបាល សុំដាក់បញ្ចូលស្ដង់ដា វិថីម្ហូបអាហារ (Food Street) និងស្ដង់ដាតូបលក់ម្ហូបអាហារ ចូលទៅក្នុងចលនាប្រឡងប្រណាំង ទីក្រុងស្អាត ដើម្បីលើកកម្ពស់អនាម័យ ម្ហូបអាហារនៅកម្ពុជា ដែលជាសក្ដានុពល ដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរ។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈកម្មការជាតិ វាយតម្លៃទីក្រុងស្អាត ដើម្បីត្រៀមរៀបចំ ទិវាជាតិទីក្រុងស្អាត លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍។

ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ស្ដង់ដាវិថីម្ហូបអាហារ និងស្ដង់ដាតូបលក់ម្ហូបអាហារ (ទាំងចល័ត និងអចល័ត) នឹងក្លាយជាផ្នែកមួយ ដ៏សំខាន់ ក្នុងការចូលរួមលើក កម្ពស់គោលដៅ ទេសចរណ៍កម្ពុជា ក៏ដូចជាលើកកម្ពស់ សេវាកម្មម្ហូបអាហារផង និងលើកកម្ពស់សុវត្ថិភាព អនាម័យម្ហូបអាហារ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ។

ក្រៅពីនេះ វាក៏នឹងចូលរួមលើកកម្ពស់ សោភ័ណភាពទីក្រុង លើកកម្ពស់ភាពស្អាត និងបៃតង នៅតាមក្រុង-ស្រុក និងទីប្រជុំជននានា នៃរាជធានី-ខេត្តគោលដៅ ទេសចរណ៍ទៀតផង។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលបានទទួលទានអាហារ ដែលឆ្លងកាត់ការរៀបចំ ស្ដង់ដាវិថីម្ហូបអាហារនេះ នឹងទទួលបាន នូវភាពកក់ក្ដៅជឿទុកចិត្តបាន។

លើសពីនេះ ស្ដង់ដាវិថីម្ហូបអាហារ និងស្ដង់ដាតូបលក់ម្ហូបអាហារ នឹងលើកកម្ពស់ជីវភាព សុខមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញ អាជីវកម្មខ្នាតតូច បែបគ្រួសារ ឱ្យមានការរីកលូតលាស់ផងដែរ។

ឯកឧត្តម ថោង ខុន បានបន្តថា « នៅពេលគេល្បីតៗគ្នាថា កម្ពុជាមានស្ដង់ដា ម្ហូបអាហារល្អត្រឹមត្រូវ មានសុវត្ថិភាព មានអនាម័យត្រឹមត្រូវ នោះហើយ គឺជាសក្ដានុពលថ្មីមួយទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ អន្តរជាតិបន្ថែម »។

ប៉ុន្តែនៅចំពោះមុខ ស្ដង់ដាទាំងពីរនេះ មិនទាន់ត្រូវបានអនុវត្តនៅឡើយទេ បើគិតក្នុងក្របខណ្ឌ ចលនាប្រឡងប្រណាំង ទីក្រុងស្អាត។ ត្រង់ចំណុចនេះ លោក ថោង ខុន បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត នឹងស្នើសុំរាជរដ្ឋាភិបាល ដើម្បីបញ្ចូលស្ដង់ដាទាំងពីរនេះ ទៅក្នុងសូចនាករចលនា ប្រឡងប្រណាំងទីក្រុងស្អាត។

ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា ជាការគ្រោងទុក នៅពេលរៀបចំទិវាជាតិ ទីក្រុងស្អាតលើកទី៧ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត នឹងប្រកាសដាក់ ឱ្យអនុវត្តស្ដង់ដាវិថី ម្ហូបអាហារ និងស្ដង់ដាតូបលក់ម្ហូបអាហារនេះ ទៅក្នុងចលនាប្រឡងប្រណាំង ទីក្រុងស្អាត ដើម្បីបំផុសឱ្យក្រុងបេក្ខភាពនានា ខិតខំរៀបចំទីក្រុងរបស់ខ្លួន ឱ្យកាន់តែលេចធ្លោរឡើង៕