ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញ ជាអធិបតី ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដល់មន្រ្តីរាជការជាថ្នាក់ដឹកនាំរបស់ក្រសួង

11​ 02 2019

ថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញ ជាអធិបតី ក្នុងកម្មវិធី បើកវគ្គបណ្តុះបណ្តាល ​ភាពជាអ្នកដឹកនាំ ដល់មន្រ្តីរាជការ ជាថ្នាក់ដឹកនាំ របស់ក្រសួង “Adaptive Leadership: Leading Change for Organizational Renewal”។

កម្មវិធីវគ្គបណ្តុះបណ្តាលនេះ សហការរៀបចំឡើង ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹង មជ្ឈមណ្ឌល Center of Asia Leadership Initiatives (CALI) ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការ ធ្វើបទបង្ហាញពីវាគ្មិន ដែលបានបញ្ចប់ការសិក្សា មកពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក។

វគ្គបណ្តុះបណ្តាលទី១ ធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់មន្ត្រីរាជការ ជាថ្នាក់ដឹកនាំចំនួន ៥០រូប ចំណែកវគ្គបណ្តុះបណ្តាល ទី២ នឹងត្រូវធ្វើឡើងនៅខេត្ត ព្រះសីហនុចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់មន្ត្រីរាជការ ជាថ្នាក់ដឹកនាំចំនួន ៥០រូបបន្ថែមទៀត។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើង សម្រាប់មន្រ្តីរាជការ ជាថ្នាក់ដឹកនាំ របស់ក្រសួង ដើម្បីបង្កើននូវ ចំណេះដឹងផ្ទាល់ខ្លួន និងសម្រាប់អង្គភាព របស់ខ្លួនលើជំនាញ ភាពជាអ្នកដឹកនាំ ក្នុងគោលដៅបង្កើតនូវ គំនិតផ្តួចផ្តើមថ្មីៗ លើការបង្កើនប្រសិទ្ធភាព ការងារនៅក្នុងអង្គភាព និងសហគមន៍របស់ខ្លួន។

ថ្លែងនៅក្នុងកម្មវិធី បើកវគ្គបណ្តុះបណ្តាលនេះ លោក Faustino John Lim សហស្ថានិក និងជានាយក កិច្ចការអន្តរជាតិ នៃមជ្ឈមណ្ឌល Center of Asia Leadership បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ ចងចាំនូវចំណុចបួនយ៉ាងគឺ៖ ទីមួយ ចូលរួមឱ្យបានសកម្ម ដើម្បីបង្ហាញ អំពីទស្សនៈរបស់ខ្លួន ទីពីរ ចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងបញ្ហា ដែលកំពុងពិភាក្សា ទីបី ភ្ជាប់ប្រធានបទ និងករណីសិក្សា ទៅនឹងអង្គភាពរបស់ខ្លួន បញ្ហាប្រឈមទាក់ទង នឹងភាពជាអ្នកដឹកនាំ របស់ខ្លួនឯង និងចំនុចទីបួន ចំណាយពេលវេលានេះ ជាឱកាសក្នុងការគាំទ្រគ្នា ទៅវិញទៅមក និងសិក្សាពីគ្នា ទៅវិញទៅមក។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី គូសបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះ ជាឱកាសដ៏កម្រក្នុង ការពង្រីកចំណេះជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន ព្រមទាំងផ្តល់ឱកាស ដល់មន្ត្រីរាជការ ជាអ្នកដឹកនាំរបស់យើង បានសិក្សាស្វែងយល់ ពីជំនាញសំខាន់ៗ ចាំបាច់ ក្នុងការចូលរួមចំណែក ប្រកបដោយ ភាពវិជ្ជមាន ដើម្បី ដឹកនាំក្រសួង ក៏ដូចជាប្រទេសជាតិ ឆ្ពោះទៅកាន់ការរីកចម្រើន លូតលាស់បន្ថែមទៀត។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្ថែមថា៖ ឆ្នាំនេះជាឆ្នាំបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្ត្រី ដូច្នេះសិក្ខាកាមទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ យកចិត្តទុកដាក់ ចែករំលែកការអនុវត្តល្អៗ ក្រេបជញ្ជក់ យកចំណេះដឹង និងបទពិសោធន៍ល្អ ពីគ្រូបណ្តុះបណ្តាល ពិសេសបើកចិត្ត ឱ្យទូលាយ ក្នុងការពិភាក្សា ប្រកបដោយផ្លែផ្កា និងបានក្រើនរំលឹកថា៖ “យើងអាចដឹកសេះ ទៅកន្លែងទឹកបាន ប៉ុន្តែយើងមិនអាច បង្ខំសេះឱ្យផឹកទឹកបានទេ”។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ដែលជាអតីតនិស្សិត នៃសាកលវិទ្យាល័យ Harvard បានទទួលស្គាល់ផងដែរថា៖ កម្មវិធីបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាស ដល់មន្រ្តីរាជការគ្រប់រូប ក្នុងការបើកចិត្តឱ្យទូលាយ និងរៀន អភិវឌ្ឍខ្លួនឱ្យទៅជាអ្នកដឹកនាំ ដូចដែលឯកឧត្តម ធ្លាប់ទទួលបានបទពិសោធន៍ សម្រាប់ចំណេះ ជំនាញផ្ទាល់ខ្លួន និងជំនាញវិជ្ជាជីវៈផងដែរ។

សួមជម្រាបជូនថា៖ វគ្គបណ្តុះបណ្តាល រយៈពេល ៣ថ្ងៃទាំង២ វគ្គនេះ នឹងពិភាក្សាលើករណីសិក្សា សំខាន់ៗ ដែលបានសម្រិតសម្រាំង ឡើងយ៉ាងពិសេស សម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់កណ្តាល ដែលបម្រើការងារ ក្នុងវិស័យ សាធារណៈ ស្របតាមក្របខ័ណ្ឌ និងវិធីសាស្រ្តបង្រៀន នៅមហាវិទ្យាល័យ Harvard Kennedy School of Government និងមហាវិទ្យាល័យ Harvard Business School។