ប្រាសាទមេបុណ្យខាងលិច កំពុងត្រូវបានបន្តជួសជុលឡើងវិញ

12 02 2019

ប្រាសាទមេបុណ្យខាងលិច ត្រូវបានចាប់ផ្តើមបន្តជួសជុលឡើងវិញ កាលពីដើមខែមករា ឆ្នាំ២០១៩ បន្ទាប់ពីមានបញ្ហា កង្វះថវិកា នាពេលកន្លងមក។

ក្នុងពេលទស្សនកិច្ច នៅការដ្ឋានជួសជុល ប្រាសាទមេបុណ្យខាងលិច នៅព្រឹកថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ បានលើកឡើងថា ការដ្ឋាននេះ បានចាប់ផ្តើមដំណើរឡើងវិញ ចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ តាមរយៈកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតបារាំង និងអាជ្ញាធរជាតិអប្សរា។ ក្រៅពីនេះ ស្ថានទូតបារាំង ក៏បានប្រគល់នូវរថយន្តចំនួន ២គ្រឿង ដល់អាជ្ញាធរជាតិអប្សរា ដើម្បីយកមកប្រើប្រាស់ សម្រាប់ការដ្ឋាននេះផងដែរ។

ប្រាសាទមេបុណ្យ ដែលស្ថិតនៅ ចំកណ្ដាលបារាយណ៍ទឹកថ្លា បានចាប់ផ្តើមជួសជុលឡើងវិញ ចាប់ពីឆ្នាំ ២០១២ ដោយមានកិច្ចសហប្រតិបត្តិការ រវាងប្រទេសបារាំង និងកម្ពុជា។ ការដ្ឋាននេះ មានភាពស្មុគស្មាញ ដោយសារវាស្ថិត នៅចំកណ្ដាលបារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច ដែលត្រូវបានលិចទឹកព័ទ្ធជុំវិញស្ទើរ តែពេញមួយឆ្នាំ បង្កឱ្យមានការលំបាក ក្នុងការដឹកជញ្ជូនសម្ភារ ក៏ដូចជាតំឡើង ឧបករណ៍ប្រើប្រាស់ ផ្សេងៗទៀត។ បញ្ហានេះត្រូវបានដោះស្រាយ ដោយអាជ្ញាធរជាតិអប្សរា ដោយបានជួយបច្ចេកទេសទឹក នៅក្នុងការងារនេះ ដើម្បីអនុញ្ញាត ឱ្យដំណើរការ ១២ខែក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ក្នុងដំណើរចុះពិនិត្យការដ្ឋាន នៅព្រឹកថ្ងៃទី១១ កុម្ភៈ នោះដែរ ខាងអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម ហង់ ពៅ ចំណែកស្ថានទូតបារាំង ដឹកនាំដោយលោក គីយូម ណាកហ្សឺឡេ (Guillaume NARJOLLET) ដែលជាសហប្រធាន ក្នុងគម្រោងជួសជុល ប្រាសាទមេបុណ្យខាងលិច៕