ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ពិធីប្រគល់សញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្រជំនាន់ទី១ និងទី២ និងថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី៣ និងទី៤ នៃវិទ្យាស្ថានអភិវឌ្ឍន៍និស្សិត នៅវិទ្យាស្ថានជាតិអប់រំ

14​​ 02 2019

កម្ពុជាបានខិតខំពុះពារ សព្វបែបយ៉ាង​ ក្នុងការកសាងធនធានមនុស្ស ដែលបាត់បងក្នុងកំឡុង ពេលប្រទេសធ្លាក់ ក្នុងភ្នក់ភ្លើងសង្គ្រាម បណ្តាលឱ្យយុវជនបាត់បង់ ឱកាសសិក្សារៀនសូត្រ បន្សល់ទុក្ខនូវអ្នក ដែលមិនមានចំណេះដឹង ជាច្រើន ហើយដែលយើងចាប់ផ្តើម បង្រៀនពីអ្នក ដែលចេះច្រើន បង្រៀនអ្នកចេះតិច រហូតដល់យើងទទួលបានជោគជ័យ ដ៏ធំធេងនាពេលនេះ ក្នុងវិស័យអប់រំរបស់យើង ដោយសារតែគោល នយោបាយដ៏ត្រឹមត្រូវ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញតាំង ពីទសវត្សឆ្នាំ ៨០ នូវអាទិភាព គឺទឹក ផ្លូវ ភ្លើង និងមនុស្ស ហើយម កដល់ពេលនេះ នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់ទី៤ មនុស្សគឺជាអាទិភាពទី១។ នេះជាប្រសាសន៍ លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១ និងទី២ និងថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី៣ និងទី៤ សរុបចំនួន ប្រមាណជាង ៦០៥នាក់ នៃវិទ្យាស្ថានអភិវឌ្ឍន៍និស្សិត នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ដោយថ្ងៃនេះជាទិវា នៃបុណ្យសេចក្តីស្រឡាញ់ ឯកឧត្តម បានស្នើដល់ក្មួយៗទាំងអស់ សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំលឹក ដល់បងប្អូន មិត្តភ័ក្រ្ត សំដៅប្រើប្រាស់ទិវានេះ ឱ្យស្របតាមគន្លងប្រពៃណី ដ៏ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូរ និងប្រែក្លាយទិវានេះ ទៅជាទិវានៃក្តីស្រឡាញ់ ការសិក្សា ក្រុមគ្រួសារ និងប្រទេសជាតិយើង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើក្មួយៗ ជ័យលាភីទាំងអស់ ត្រូវយកចំណេះវិជ្ជា ដែលមានទៅប្រើប្រាស់ ដើម្បីជាប្រយោជន៍សង្គមកម្ពុជា ទាំងមូល ។

ជាការពិតណាស់ការ អប់រំមនុស្ស មានការលំបាក ហើយត្រូវការនូវភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម ធ្វើជាគម្រូគេ តាំងតែពីអាកប្បកិរិយា ការនិយាយស្តី និងការប្រព្រឹត្តផ្សេងៗ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ បញ្ជាក់ថា លទ្ធផលដ៏ថ្លៃថ្លានេះ គឺពិតជាបាន មកពីការខិតខំ និងស្មារតី ឧស្សាហ៍ព្យាយាម របស់ក្មួយៗនិស្សិត ក្នុងការគោរពវិន័យ និងការរៀនសូត្រ ក្រោមការណែនាំ របស់ថ្នាក់ដឹកនាំ ការអប់រំ និងការបង្រៀន របស់សាស្ត្រាចារ្យ នៃវិទ្យាស្ថានអភិវឌ្ឍន៍និស្សិត។ នេះគឺជាជោគជ័យថ្មីមួយ របស់វិទ្យាស្ថានអភិវឌ្ឍន៍និស្សិត ក្នុងការលើក កម្ពស់គុណភាព អប់រំបណ្តុះបណ្តាល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរបស់រាជរដ្ឋាភិបាល ដែលជានិច្ចកាល យកចិត្តទុកដាក់ការ កសាងជំនាន់យុវវ័យ សម្រាប់បន្តវេន ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើផង ដែលដល់និស្សិតទាំងអស់ និងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេសទាំងអស់ យកចិត្តដាក់ចូលរួម ដល់ការបើកការបណ្តុះ បណ្តាលកំរិតជំនាញ ឱ្យបានច្រើន ព្រោះថាបច្ចុប្បន្ននេះ តម្រូវការទៅលើកម្លាំង ពលកម្មជំនាញពិត ជាមានតម្រូវការខ្ពស់ ជាពិសេស នៅក្នុងបរិបទនៃការ វិវត្តន៍របស់បដិវត្ត ឧស្សាហកម្មទី៤.0 ។ ឯកឧត្តមលើកឧទាហរណ៍ថា គ្រាន់តែនៅក្នុងវិស័យសំណង់មួយ តើត្រូវការវិស្វករ អ្នកជំនាញ កម្មករជំនាញគ្រប់ផ្នែក ប៉ុន្មាននាក់? ផែ្អកតាមគោលនយោបាយ ដ៏ត្រឹមត្រូវដែល រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ តាមរយៈការធានា ថែរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាគន្លឹះដ៏រឹងមាំ ដើម្បីយើងអាចឈាន ទៅសម្រេចឱ្យបាន នូវគោលនយោយនានា ដែលបានដាក់ចេញ ជាពិសេស គោលនយោបាយជាតិ អភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា គោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមទាំងក្របខណ្ឌគោល នយោបាយគាំពារសង្គម ដើម្បីសំដៅសម្រេច ឱ្យបាននូវមហិច្ឆិតារបស់កម្ពុជា ក្នុងការប្រែក្លាយទៅជាប្រទេស ដែលមាន ចំណូលមធ្យមកំរិត ខ្ពស់នាឆ្នាំ២០៣០ និងក្លាយទៅជាប្រទេស ដែលមានចំណូលខ្ពស់ នាឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវក្តីសង្ឈឹមយ៉ាងមុតមាំថា យើងអាចធ្វើបាន ផ្អែកលើបទពិសោធន៏ ថ្នាក់ដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដ៏គួរឱ្យជឿជាក់ របស់យើង ហើយដែលទោះ ក្នុងស្ថានភាពណា ក៏ដោយក៏យើងបានត្រៀមខ្លួន រួចជាស្រេចហើយ ក្នុងការបន្តជំរុញកំណើន សេដ្ឋកិច្ចរបស់យើង ធានានូវឧត្តមភាព ប្រកួតប្រជែង និងភាពទាក់ទាញ់ វិនិយោគ ធានានូវឱកាសការងារ ឱកាសសិក្សារៀនសូត្រ ចំណេះដឹង វិជ្ជាជីវៈ ដើម្បីអនាគត ដ៏ត្រកាលនៃប្រជាជន។

បើតាមរបាយការណ៍ របស់លោក គា បូរ៉ាត នាយកវិទ្យាស្ថានអភិវឌ្ឍន៍និស្សិត បានឳ្យដឹងថា ចាប់តាំងពីពេល កកើតដំបូង នៅឆ្នាំ២០០៧ មកដល់បច្ចុប្បន្ន វិទ្យាស្ថានបានប្រឹងប្រែ ងពង្រឹង និងពង្រីកវិសាលភាព នៃការបណ្តុះបណ្តាល របស់ខ្លួន តាំងពីកម្រិតសិក្សា រយៈពេល ៣-៤ ខែ កម្រិតមធ្យម រហូតដល់កម្រិតឧត្តម ដើម្បីឆ្លើយតបទៅ នឹងតម្រូវការ នៃទីផ្សារការងារបច្ចុប្បន្ន ប៉ុន្តែនៅតែបន្តការងារ ជាអង្គការមិនមែន រដ្ឋាភិបាលដដែល។ នេះគឺជាលក្ខណៈពិសេស ដោយឡែករបស់វិទ្យាស្ថាន អភិវឌ្ឍន៍និស្សិត ដែលបានទទួលស្គាល់ ជាគ្រឹះស្ថានឧត្តមសិក្សា ដោយបានធ្វើសកម្មភា ពអប់រំ និងបណ្តុះបណ្តាលសិស្ស-និស្សិត តាមគោលនយោបាយ របស់ក្រសួង និងស្របតាមយុទ្ធសាស្ត្រ ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា៕