ឯកឧត្តម វេង សាខុន អញ្ជើញជាអធិបតី​ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ វិស័យព្រៃឈើឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩

14​​ 02 2019

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី​ ក្នុងពិធីបិទសន្និបាត បូកសរុបការងារវិស័យព្រៃឈើ ឆ្នាំ២០១៨ និងលើកទិសដៅ អនុវត្តបន្ត ឆ្នាំ២០១៩ ដែលពិធីនេះត្រូវបានរៀបចំ ធ្វើនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញ ចូលរួមពីឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រី និងមន្រ្តីរដ្ឋបាលព្រៃឈើ ប្រមាណ ២៥០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមកែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាប្រធានរដ្ឋបាលព្រៃឈើ បានមានមតិស្វាគមន៍ និងរាយការណ៍ ជូនអង្គសន្និបាតជ្រាប ដោយសង្ខេបពីលទ្ធផល សម្រេចបានក្នុងរយ:ពេល ១ឆ្នាំកន្លងមក ជាពិសេសលទ្ធផល នៃអង្គសន្និបាតរយ:ពេល០២ថ្ងៃ កន្លងមកនេះ ដោយបានរំលេច ពីសមិទ្ធផលសំខាន់ៗទាក់ទង នឹងការងារគ្រប់គ្រង និងអភិរក្ស ធនធានព្រៃឈើ សត្វព្រៃ ជីវចម្រុះ ការងារស្រាវជ្រាវ ការរៀបចំ និងការអនុវត្តលិខិត បទដ្ឋានគតិយុត្ត ការងារបណ្តុះបណ្តាល ផ្សព្វផ្សាយ ការដាំកូនឈើ ការងារបង្រ្កាប និងទប់ស្កាត់បទល្មើសព្រៃឈើ សត្វព្រៃឈើ។ល។ និងបញ្ហាប្រឈមមួយចំនួនទៀត។

មានមតិសំណេះសំណាល ទៅកាន់អង្គសន្និបាត ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលព្រៃឈើ ដែលបានខិតខំ បំពេញភារកិច្ច យ៉ាងសកម្ម ប្រកបដោយស្មារតី ទទួលខុសត្រូវ ក្នុងការបំពេញការ ងារក្នុងរយ:ពេល ១ឆ្នាំកន្លងមក ហើយសកម្មភាព នេះកើតឡើង ស្របពេល ដែលរាជរដ្ឋាភិបាល បាននិងកំពុងធ្វើកំណែទម្រង់ ស៊ីជម្រៅ លើវិស័យព្រៃឈើ។ លោកក៏បាន គូសបញ្ជាក់ផងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងខិតខំរៀបចំ លិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្ត និងផែនការជាតិនានា ដែលគាំទ្រ ដល់ការគ្រប់គ្រង ធនធានព្រៃឈើ ប្រកបដោយចិរភាព ក៏ដូចជាផែនការ យុទ្ធសាស្រ្តអភិវឌ្ឍជាតិ ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍវិស័យកសិកម្ម។ល។ ពិសេសយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា “ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា” ។ ភ្ជាប់ទៅ នឹងសមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ជូនចំពោះអន្តរស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ ដែលបានជួយគាំទ្រ សម្របសម្រួល និងផ្តល់កិច្ចសហការ បានយ៉ាងល្អប្រសើរ នាពេលកន្លងមក ហើយលោកសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តពង្រឹង និងពង្រីក ឲ្យកាន់តែល្អប្រសើរថែមទៀត។

ជាការពិត ក្នុងការអនុវត្តការងារតែងតែ ពើបប្រទះនូវការលំបាក បញ្ហាប្រឈម និងការប៉ះទង្គិច តែទោះជាយ៉ាង ណា ជាថ្មីម្តងទៀតលោក សូមធ្វើការកោតសរសើរ និវាយតម្លៃខ្ពស់លើសមិទ្ធផល ដែលរដ្ឋបាលព្រៃឈើ សម្រេចបាន នាឆ្នាំកន្លងមក។ ដើម្បីទទួលបានជោគជ័យ ក្នុងការអនុវត្តផែនការ សកម្មភាពបន្ត សម្រាប់ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវវិធានការ និងអនុសាសន៍ គន្លឹះមួយចំនួន ដើម្បីជាទុនផ្នែកច្បាប់ បច្ចេកទេស និងគោលន យោបាយសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ របស់រដ្ឋបាលព្រៃឈើ យកទៅពិនិត្យ ពិចារណា កែច្នៃឲ្យបានសមស្រប ទៅនឹងស្ថានភាព និងកាល:ទេស:ជាក់ស្តែង នៅពេលអនុវត្តការងារ ដែលអនុសាសន៍ ទាំងនោះមានដូចតទៅ៖

ទី១. ពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ លើវិសោធនកម្មច្បាប់ ស្តីពីព្រៃឈើ ដែលនឹងត្រូវ កែសម្រួលថ្មី ព្រមទាំងធ្វើបច្ចុប្បន្នភាព កម្មវិធីព្រៃឈើជាតិ ដើម្បីឆ្លើយតបទៅ នឹងស្ថានភាពកែទម្រង់ បច្ចុប្បន្ន ក្នុងបរិបទ នៃតំបន់ភាវូបនីយកម្ម សំដៅធានាបានស្ថិរភាព រឹងមាំលើការអភិវឌ្ឍ វិស័យព្រៃឈើជាតិ យូរអង្វែង។
ទី២. បន្តបង្ក្រាបបទល្មើស ការកាប់ឈើ និងការធ្វើពាណិជ្ជកម្មឈើ ខុសច្បាប់ ទប់ស្កាត់ការជួញដូរ សត្វព្រៃ ចុះស្រាវជ្រាវ រុករក និងបង្រ្កាបបទល្មើស ការកាប់រាន ដុត ឈូសឆាយដីព្រៃ យកដីធ្វើកម្មសិទ្ធិ តាមគ្រប់រូបភាព ហើយត្រូវជំរុញ ការបោះបង្គោលព្រំប្រទល់ ដែនព្រៃឈើ និងធ្វើបច្ចុប្បន្នភាពគម្រប ព្រៃឈើ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ទី៣. បន្តត្រួតពិនិត្យ តាមដាន និងពង្រឹងការគ្រប់គ្រង ការចេញលិខិតអនុញ្ញាត ដឹកជញ្ជូនផល និងអនុផលព្រៃឈើ គ្រប់ប្រភេទ។ ត្រូវគ្រប់គ្រង រាល់សកម្មភាព របស់ឧស្សាហកម្មឈើ រោងចក្រ សិប្បកម្មកែច្នៃ និងអាជីវកម្មឈើ ឲ្យបានហ្មត់ចត់ ព្រមទាំងចាត់វិធាន ការទប់ស្កាត់ និងលុបបំបាត់ ការនាំចេញឈើ និងផលិតផលកែច្នៃឈើ គ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាត និងគ្មានប្រភពច្បាស់លាស់។
ទី៤. ត្រូវបន្តជំរុញ ការស្តារដាំដុះព្រៃឈើឡើងវិញ នៅលើដីព្រៃរេចរិល ដីព្រៃរងការធ្វើអាជីវកម្ម ដីទំនេររបស់រដ្ឋ និងដីព្រៃ ដែលបានដកហូត ពីសម្បទានដីសេដ្ឋកិច្ច ដោយសហការ ជាមួយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ព្រមទាំងបង្កើន ការបណ្តុះកូនឈើគ្រប់ប្រភេទ នៅតាមស្ថានីយ សម្រាប់ចែកចាយ ជូនប្រជាពលរដ្ឋ ដើម្បីសម្រេច ឲ្យបាននូវសូចនាករ ដែលបានកំណត់ ដោយត្រូវស្តារឡើងវិញចំនួន ២ម៉ឺន ៥ពាន់ហិកតា ក្នុងមួយឆ្នាំ។
ទី៥. បន្តពង្រឹង និងពង្រីកសហគមន៍ព្រៃឈើ​ ឲ្យចូលរួមគ្រប់គ្រង ថែរក្សាធនធានព្រៃឈើ បង្កើតមុខរបរថ្មីៗ បន្ថែមទៀត ដើម្បីបង្កើនចំណូល លើកកម្ពស់ជីវភាពរស់នៅ តាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម ការចិញ្ចឹមសត្វ និងមិនពឹងផ្អែកខ្លាំង លើការយកផលពីព្រៃឈើ។ ជំរុញការផ្សព្វផ្សាយ អប់រំ បណ្តុះបណ្តាល ដល់សហគមន៍ឲ្យយល់ដឹង អំពីវិស័យព្រៃឈើ ការការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ ប្រកបដោយនិរន្តភាព។
ទី៦. រៀបចំបង្កើតសួនភូត គាមសាស្ត្រ នៅតាមតំបន់អេកូឡូស៊ី រុក្ខជាតិ ដើម្បីអប់រំបណ្តុះបណ្តាល និងផ្សព្វផ្សាយប្រភេទ រុក្ខជាតិមាន ដោយកម្រ និងជិតផុតពូជ ព្រមទាំងបន្តផ្សព្វផ្សាយ ច្បាប់ស្តីពីព្រៃឈើ បទបញ្ជា សេចក្តីជូន ដំណឹង និងលិខិតបទដ្ឋាន គតិយុត្តនានា ដែលនៅជាធរមាន ហើយត្រូវបន្ត សហការរៀបចំ កែសម្រួលលិខិតបទដ្ឋាន ក្រោមច្បាប់ ស្តីពីព្រៃឈើឲ្យបានទាន់ ពេលវេលា សមស្រប និន្នាការរីកចម្រើន របស់ប្រទេសជាតិ។
ទី៧. ត្រូវបន្តសហការ ជាមួយដៃគូពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា និងស្វែងរកដៃគូថ្មីៗទៀត ដើម្បីជំរុញកិច្ច សហប្រតិបត្តិការ ឱ្យកាន់តែប្រសើរ និងអនុវត្តគម្រោង ការបណ្តុះបណ្តាលសមត្ថភាព ដល់មន្រ្តី ដោយបង្កើន ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ-សត្វព្រៃ តាមចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្ត។
ទី៨. រដ្ឋបាលព្រៃឈើ ត្រូវបន្តជំរុញការពន្លឿន ការចុះបញ្ជីប័ណ្ណកម្មសិទ្ធិ ការធ្វើអនុប្រយោគ ការរៀបចំ និងការ អនុវត្តផែនការមេ របស់ក្រុមហ៊ុន សម្បទានដីសេដ្ឋកិច្ច ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ មុខធ្វើការអភិវឌ្ឍន៍ ប្រយោជន៍ដើម្បី ពង្រឹងការគ្រប់គ្រង សម្បទានសេដ្ឋកិច្ច ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។

ចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ បន្តសហការ សាមគ្គីភាពផ្ទៃក្នុង បែងចែកភារកិច្ច ឲ្យបានសមស្រប និងយកចិត្តទុកដាក់ អនុវត្តភារកិច្ច ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ទៅតាមជំនាញ។