រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំណែនាំអនុវត្តអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជនក្រុង ស្រុក និងតាមដងផ្លូវជាតិ

27 02 2019

ព្រឹកថ្ងៃពុធ ៨រោជ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩ ក្រសួងបរិស្ថាន សហការជា មួយរដ្ឋបាល ខេត្តព្រះសីហនុ បើកកិច្ច ប្រជុំតាមដាន ត្រួតពិនិត្យ និងផ្តល់ការគាំទ្រ បច្ចេកទេសការអភិវឌ្ឍមុខងារ ដែលផ្ទេរ ពីក្រសួងបរិស្ថាន ដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្ដម ចាយ សាមិត្ត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម សឹម យ៉ាវែន អនុរដ្ឋលេខាធិការ ទទួលបរិស្ថាន ទទួលបន្ទុក ខេត្តព្រះសីហនុ និងលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួម ពីអភិបាល អភិបាលរងក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ។

កិច្ចប្រជុំផ្តោតសំខាន់ លើការតាមដាន ការណែនាំអនុវត្ត អនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជនក្រុង ស្រុក និងតាមដងផ្លួវជាតិ។ ក្រសួងបានធ្វើប្រតិភូ កម្មការប្រមូលសំរាមមក ថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលក្រុង ស្រុកជាអ្នកអនុវត្ត  បង្កើតយន្តការថ្នាក់ជាតិ និងខេត្តជួយសម្របសម្រួល និងគាំទ្រ ដល់ការអនុវត្តមុខងារក្រុង ស្រុក គ្រប់គ្រងសំរាមសំណល់រឹង នៅតាមទីប្រជុំជនក្រុង ស្រុក ត្រូវធ្វើស្ថិតិខ្នងផ្ទះ ចំនួនប្រជាជន សហគ្រាសអាជីវកម្ម ដែលកំពុងប្រតិបត្តិការ ពិនិត្យលើសៀវភៅបន្ទុក និងអំពីកាតព្វកិច្ច ផ្តល់សេវាផ្ទៀងផ្ទាត់មធ្យោបាយ ដឹកជញ្ជូន កម្មករ ដើម្បីប្រមូលសំរាម ចេញបានទាន់ ពេលវេលា។ បង្កើនការប្រមូលសំរាម និងផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋ ពីរសេវា និងសារប្រយោជន៍។ ចេញសេចក្តីក្តៅជូនដំណឹង ស្តីពីការវេចខ្ចប់ បញ្ចេញ ប្រមូលសំអាត ក្នុងទីប្រជុំជន ឱ្យមានប្រសិទ្ធិភាគ និងនិរន្តរភាពសេវា សំរាមនៅទីប្រជុំជន និងកំណត់យន្តការកម្រៃ សេវាប្រមូលសំរាមប្រកប ដោយតម្លាភាព។

ឯកឧត្តម ចាយ សាមិត្ត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រសួងបានធ្វើប្រតិភូកម្ម មកឱ្យថ្នាក់ក្រុង ស្រុក ជាអ្នកអនុវត្តការប្រមូល សំរាមចេញពីទីប្រជុំជន ដើម្បីធានាបរិស្ថាន និងសុខុមាលភាព របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីលើក កម្ពស់សោភ័ណភាពទី ក្រុង ទីប្រជុំជនក្រុង ស្រុក និងការចូលរួមប្រឡងប្រណាំង ទីក្រុងស្អាត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ដ ខេត្តព្រះសីហនុ។

ឯកឧត្តមសង្ឃឹមថា បញ្ហាសំរាម និងសំណល់រឹង រាវ ពិតជាមិនមានបញ្ហាចោទ ដល់បរិស្ថានទៀតទេ គឺយើងធ្វើយ៉ាងណា សហការជាមួយក្រុមហ៊ុន ប្រមូលសំរាម និងជាមួយប្រជាពលរដ្ឋ ក្នុងការកំណត់ពេលវេលាប្រមូល សំរាមចេញពីទីប្រជុំជន បានទាន់ពេលវេលា៕