ពិធីបុណ្យទនេ្លនៅខេត្តកំពង់ឆ្នាំង ត្រៀមរួចរាល់រង់ចាំទទួលស្វាគមន៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ

04​ 03 2019

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មការអន្តរក្រសួង​ រៀបចំបុណ្យទន្លេ បានស្នើដល់អាជ្ញាធរ និងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំពង្រឹង ឱ្យបានម៉ឺងម៉ាត់នូវបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ពិសេសគឺការដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍ ក្នុងទីក្រុង នៅពេលប្រារព្ធពិធីបុណ្យទន្លេ លើកទី៥ នៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខឆាប់ៗនេះ។

ក្នុងនាមជាប្រធាន គណៈកម្មការអន្តរក្រសួង ឯកឧត្តម ថោង ខុន បានរំលឹកយ៉ាងដូច្នេះថា «សូមស្នើឱ្យអាជ្ញាធរ និងកងកម្លាំង សមត្ថកិច្ច ពាក់ព័ន្ធនានា ធ្វើការសិក្សាពិនិត្យឱ្យបានដិតដល់ ចំពោះបញ្ហសន្តិសុខ សណ្ដាប់ធ្នាប់ ពិសេសគឺបញ្ហាកកស្ទះចរាចរណ៍ ធ្វើដំណើរ របស់យានយន្ត ដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរឆ្លងកាត់ និងមកទស្សនា ក្នុងពិធីបុណ្យទន្លេ ខេត្តកំពង់ឆ្នាំង»។ ត្រូវយកចិត្តទុកដាក់ ពង្រាយកម្លាំងសមត្ថកិច្ចចរាចរណ៍ និងរថយន្តសង្គ្រោះ នៅតាមដងផ្លូវជាតិលេខ៥ ២៤ម៉ោង និងនៅទីតាំងសំខាន់ៗ នៃពិធីបុណ្យទន្លេនេះ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹក ដល់រដ្ឋបាលខេត្ត និងផ្នែកពាក់ព័ន្ធទាំងអស់ បន្តសហការ ជាមួយសមាគមសិប្បកម្ម ផលិតក្អម ឆ្នាំង រៀបចំតាំងពិព័រណ៍ឱ្យបានល្អ ដើម្បីបង្ហាញពីអត្តសញ្ញាណ របស់ខេត្តឱ្យប្រជាជន និងភ្ញៀវទេសចរបានស្គាល់។ មួយវិញទៀត ត្រូវយកចិត្តជ្រើសរើស បង្ហាញផលិតផលកសិកម្ម សិប្បកម្មដែលផលិតបាន ក្នុងប្រទេស និងមានលទ្ធភាពនាំចេញ ឱ្យបានច្រើន។ ត្រូវខិតខំរៀបចំ ពិព័រណ៍ម្ហូបអាហារ ឱ្យបានច្រើន ដើម្បីបម្រើដល់សេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកទស្សនា ក្នុងពិធីបុណ្យទន្លេខាងមុខនេះ។ ត្រូវរៀបចំ ពិព័រណ៍ម្ហូបអាហារ ឱ្យបានល្អ ទាំងអនាម័យ ទាំងសេវា និងតម្លៃឱ្យបានសមរម្យ។ ត្រូវចាប់ផ្តើមសាកល្បង វិថីម្ហូមអាហារ Food Street មួយតាមស្តង់ដា ដែលទើបបានបង្កើតឡើង ហើយដែលរាជរដ្ឋាភិបាល បានសម្រេចឱ្យបញ្ចូល ទៅក្នុងសូចនាករ នៃចលនាប្រឡងប្រណាំង «ទីក្រុងស្អាត» ក្នុងពេលថ្មីៗនេះ។

អង្គប្រជុំបានបូកសរុបវាយតម្លៃថា អ្វីៗ បានរៀបចំត្រៀមរួចរាល់ តាមផែនការណែនាំ នៅសល់កិច្ចការតូចតាចខ្លះ ដែលសប្តាហ៍ក្រោយ និងបញ្ចប់ជាស្ថាពរ។

សូមជម្រាបថា បុណ្យទន្លេលើកទី៥ រយៈពេល៣ថ្ងៃ នៅខេត្តកំពង់ឆ្នាំង ខាងមុខនោះ ធ្វើឡើងក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ក្រោមពន្លឺព្រះចន្ទពេញបូណ៌មី និងក្រោមម្លប់ សន្តិភាពពេញផ្ទៃប្រទេស៕