ឯកឧត្តមរដ្ឋ វេង សាខុន ដឹកនាំប្រតិភូក្រសួងអញ្ជើញមកចូលរួម​ ក្នុងកិច្ចប្រជុំពិភាក្សា ក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

04 03 2019

នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋ វេង សាខុន រដ្ឋមន្រ្តី​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូក្រសួង អញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំពិភាក្សា ក្នុងក្របខ័ណ្ឌឧត្តម ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលកិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្ដម ហួង ធៀមទៀង ប្រធានប្តូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ គោលបំណងសំខាន់ របស់កិច្ចប្រជុំនេះ គឺធ្វើការពិភាក្សា ស្វែងយល់ និងតាមដានពីវឌ្ឍនភាព លើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបញ្ហាប្រឈមជារួម ដែលពាក់ព័ន្ធ នឹងការអភិវឌ្ឍវិស័យនេះ។

តាមកម្មវិធី ដែលបានគ្រោងទុក បន្ទាប់ពីឯកឧត្តម ប្រធានប្តូរវេនមានមតិស្វាគមន៍រួចមក ឯកឧត្តមរដ្ឋមន្រ្តី បានរាយការណ៍ ជូនកិច្ចប្រជុំពិភាក្សា ដោយសង្ខេបជាបន្តបន្ទាប់ ទៅតាមអនុវិស័យនីមួយៗ ជាអាទិ៍ អនុវិស័យដំណាំ គ្រប់ប្រភេទ ព្រៃឈើ ជលផល ផលិតកម្មសត្វ និងសុខភាពសត្វ និងអនុវិស័យកៅស៊ូ ដោយផ្តោតជាសំខាន់ ទៅលើវឌ្ឍនភាព គោលនយោបាយ និងផែនការអភិវឌ្ឍ វិស័យកសិកម្ម និងបញ្ហាប្រឈមពាក់ព័ន្ធ។

ក្នុងកិច្ចភិភាក្សា ឯកឧត្តម ប្រធានគណបក្ស ដែលជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់បានចោទ សួរ លើកសំណើ សំណូមពរ ផ្លាស់ប្តូរទស្សនវិស័យ និងផ្តល់មតិសំខាន់ៗ ទាក់ទង នឹងការអភិវឌ្ឍ វិស័យកសិកម្ម និងវិធីសាស្រ្ត ឬយុទ្ធសាស្រ្ត ដោះស្រាយបញ្ហា។ល។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានបកស្រាយ និងគូស បញ្ជាក់អំពីយន្តការ នៃដំណោះស្រាយបញ្ហា ដោយឈរលើគោលការណ៍ បច្ចេកទេស ច្បាប់ គោលនយោបាយ និងជាសំខាន់គឺយោង ទៅតាមតួនាទី និងភារកិច្ចរបស់ក្រសួង ដែលមានលក្ខណ ប្រទាក់ក្រឡា ស៊ីជម្រៅ ទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព និងជាពិសេសសមស្រប តាមនិន្នាការនយោបាយ ការរីកចម្រើន ផ្នែកសេដ្ឋកិច្ចជាសកល ការវិវឌ្ឍន៍របស់ប្រទេសជាតិ ទាំងផ្នែកសេដ្ឋកិច្ច ប្រជាជន កំណើនភ្ញៀវទេសចរណ៍ សេចក្តីត្រូវការស្បៀង ការប្រកួតប្រជែងទីផ្សារក្នុង និងក្រៅប្រទេស និងការរីកចម្រើន ផ្នែកបច្ចេកវិទ្យាកសិកម្មទំនើបៗ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណជាអនេក ជូនចំពោះសមាជិក សមាជិកានៃអង្គពិភាក្សា ដែលបានចំណាយពេលវេលា អញ្ជើញចូលរួម ក្នុងអង្គពិភាក្សា និងបានផ្តល់មតិ ដែលជាពុទ្ធិ និងធាតុចូលដ៏សំខាន់ សម្រាប់ជាគន្លឹះ ក្នុងការដោះស្រាយបញ្ហា ជាគោលធំៗ ដើម្បីឈានទៅធ្វើការអភិវឌ្ឍ វិស័យកសិកម្មកម្ពុជា ឲ្យមានចីរភាព និរន្តរភាព និងភាតរបរិស្ថាន ឈានទៅសម្រេច ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សា នាព្រឹកនេះ បានផ្តោតជាសំខាន់ លើប្រធានបទមានជាអាទិ៍÷ ទី១.វឌ្ឍនភាព អំពីការងារ បង្កបង្កើនផល បញ្ហាតម្លៃ ទីផ្សារកសិផល និងសម្ភារកសិកម្ម ទី២.វិធានការទប់ស្កាត់ និងគ្រប់គ្រងបទ ល្មើសព្រៃឈើ និងនេសាទ ទី៣. កញ្ចប់ថវិកា របស់ក្រសួង ទី៤.វឌ្ឍនភាព នៃការអនុវត្តដី សម្បទានសេដ្ឋកិច្ច ទី៥.ការប្រែក្លាយ តំបន់កសិកម្ម ទៅជាតំបន់កសិ-ទេសចរណ៍ កសិ-ឧស្សាហកម្ម និងកសិ-ពាណិជ្ជករ ទី៦.ការអភិវឌ្ឍ ខ្សែច្រវាក់ផលិតកម្មកសិកម្ម A ទៅ Z (ដាំដុះ ប្រមូលផល កែច្នៃ វេចខ្ចប់ ឡសម្ងួត ឃ្លាំងស្តុក ឃ្លាំងត្រជាក់ និងការនាំចេញ) ទី៧.ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ទី៨.ការយកចិត្តទុកដាក់ ថែរក្សា និងអភិរក្ស ជំនឿ វប្បធម៌ ប្រពៃណី និងសាសនារបស់បងប្អូន ជនជាតិភាគតិច ពិសេសការអភិវឌ្ឍ សហគមន៍ព្រៃឈើ។