ឯកឧត្តម សាយ សំអាល់ ជួបពិភាក្សាការងារជាមួយប្រធានគណៈប្រតិភូសមាជិកសភាអាល្លឺម៉ង

04 03 2019

ក្នុងអំឡុងពេលទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូសមាជិកសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានមើលឃើញ និងកោតសរសើរ ពីការរីកចម្រើន របស់ប្រទេសកម្ពុជា និងការគ្រប់គ្រងបរិស្ថាន។ នេះគឺជាការលើកឡើង របស់ឯកឧត្តម ម៉ានហ្វេ្រដ ក្រោន (Manfred Grund) ប្រធានគណៈប្រតិភូសមាជិក សភាអាល្លឺម៉ង នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន។ នៅក្នុងជំនួបនេះ ឯកឧត្តម ម៉ានហ្វេដ ក្រោន បានបញ្ជាក់ពីគោលបំណង របស់ប្រទេសអាល្លឺម៉ង់ សហការជាមួយកម្ពុជា លើការគ្រប់គ្រង សំណល់រឹង-រាវ ជាពិសេសការចូលរួម ចែករំលែក បទពិសោធជាមួយ ក្រសួងបរិស្ថាន លើការកែច្នៃសំរាម និងការកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក នៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា កម្ពុជាមានការអភិវឌ្ឍ រីកចម្រើន ក្នុងនោះកំណើនសេដ្ឋកិច្ច របស់កម្ពុជា មានសន្ទុះល្អ ហើយការងារកែទម្រង់ សេវាសាធារណៈ របស់រាជរដ្ឋាភិបាល បាននិងកំពុងដំណើរការគួរ ឲ្យកត់សម្គាល់ ដូចជាការកែទម្រង់ ការគ្រប់គ្រង វិស័យបរិស្ថាន ជាដើម។ ជាមួយគ្នានេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើន ដែលសហព័ន្ធអាល្លឺម៉ង់ បានរួមចំណែកយ៉ាងសកម្ម ក្នុងការជួយអភិវឌ្ឍសង្គមកម្ពុជា លើវិស័យជាច្រើន ដូចជា អភិបាលកិច្ចល្អ កំណែទម្រង់ដីធ្លី ការបណ្តុះបណ្តាល ធនធានមនុស្សជាដើម។
ក្នុងវិស័យបរិស្ថាន ឯកឧត្តមរដ្ឋមន្រ្តី  មានប្រសាសន៍ថា ក្រសួងបរិស្ថាន បានធ្វើប្រតិភូកម្ម ដល់ថ្នាក់ក្រោមជាតិ ជាពិសេស ដល់អាជ្ញាធរ ស្រុក-ខណ្ឌ ពាក់ព័ន្ធនឹងកិច្ច គាំពារបរិស្ថាន ជាពិសេសអនុក្រឹត្យ របស់រាជរដ្ឋាភិបាល លេខ១១៣ អនក្របក ស្តីពីការគ្រប់គ្រងសំណល់រឹង ( សំរាម ) និងអនុក្រឹត្យលេខ ២៣៥ អនក្របក ស្តីពីការគ្រប់គ្រងលូ។ ឯកឧត្តម សាយ សំអាល់ បានស្នើអញ្ជើញ អ្នកជំនាញអាល្លឺម៉ង់ ឬជំនួយបច្ចេកទេស តាមរយៈ អង្គការខុនរ៉ាដអាឌិនណៅអ៊ែរ ក្នុងការលើកកម្ពស់សមត្ថភាព មន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន និងការបណ្តុះបណ្តាល លើការអភិបាលកិច្ច ដល់មន្រ្តីនៃរដ្ឋបាល ថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងការចូលរួម របស់សមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ឋ អនុវត្តតួនាទីភារៈកិច្ច កាន់តែមានប្រសិទ្ឋភាព ក្នុងការគ្រប់គ្រង កិច្ចគាំពារបរិស្ថាន និងការអភិរក្ស ធនធានធម្មជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យមានកិច្ចសហការល្អថែមទៀត ក្នុងការរៀបចំហេដ្ឋារចនា
សម្ព័ន្ធ លើកកម្ពស់ ដល់ជីវភាពប្រជាពលរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ និងនៅក្បែរតំបន់ការពារធម្មជាតិ ដោយគម្រោងទេសចរណ៍ ធម្មជាតិ ដែលចូលរួមកាត់បន្ថយ ពីការដាក់សំពាធ លើធនធានធម្មជាតិផងដែរ៕