សកម្មភាពឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះត្រួតពិនិត្យការដ្ឋានជួសជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុន សម្រេចបាន៩៧%ហើយ និងគ្រោងបើកឱ្យដំណើរ ការនៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

06 03 2019

ថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការជួសជុលស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ជ្រោយចង្វារ) ដោយមានការចូលរួម ពីមន្ត្រីក្រសួង តំណាងក្រុមហ៊ុនជួសជុលសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណបច្ចេកទេស។

ស្ពាននេះមានប្រវែង ៩៧១មែត្រ ទទឹង១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រទឹកដី រាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ភោធឱ្យប្រើប្រាស់ ក្នុងឆ្នាំ១៩៦៣ ក្រោមហិរញ្ញប្បទានឥត សំណងរបស់ប្រទេសជប៉ុន។ ស្ពាននេះត្រូវបាន ខូចខាតដោយសង្គ្រាមស៊ីវិល នៅកម្ពុជា និងត្រូវបានសាង សង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាព កម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ សម្ដេចព្រះបាទព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ។

ដោយសារស្ពាននេះ មានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងរំហូរចរាចរណ៍ កើនឡើងជាលំដាប់ ស្ពាននេះ តម្រូវឱ្យមានការជួសជុល ឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទាន ឥតសំណង របស់រដ្ឋាភិបាលជប៉ុន ដែលបានចាប់ផ្តើម បើកការដ្ឋានសាងសង់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ និងគម្រោងបញ្ចប់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។ គិតរហូតមកដល់ពេលនេះ ការងារស្តារ និងជួសជុលស្ពាននេះឡើងវិញ សម្រេចបាន ៩៧% ហើយ និងគ្រោងបើកឱ្យដំណើរការ នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។