ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ទទួលជួបលោក Jaing Feng Zhang នាយកប្រតិបត្តិគម្រោងផ្នែកកសិកម្ម និងធនធានធម្មជាតិ នៃធនាគារអភិវឌ្ឍអាស៊ីប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា

06 03 2019

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង០៨:០០ព្រឹក ថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Jaing Feng Zhang នាយកប្រតិបត្តិគម្រោង ផ្នែកកសិកម្ម និងធនធានធម្មជាតិ នៃធនាគារអភិវឌ្ឍអាស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ADB និងសហការី ដើម្បីស្នើសុំការណែនាំ ចង្អុលបង្ហាញ និងការណែនាំបន្ថែម ពីឯកឧត្តមរដ្ឋមន្ត្រី ទាំងចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ដើម្បីយកទៅកែលម្អ បំពេញបន្ថែម នូវរាល់ចំណុចខ្វះខាត របស់គម្រោងដែល ADB បានជួយកន្លងមក និងជាពិសេសសេចក្តី ត្រូវការជាអាទិភាព របស់ក្រសួង ដើម្បីអភិវឌ្ឍ លើអនុវិស័យនីមួយៗ និងផែនការយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍវិស័យកសិកម្ម។

មានមតិស្វាគមន៍ តាមរយ:លោក Jaing Feng Zhang ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះ ADB ដែលបានដើរ តួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ ជូនភ្ញៀវថា គោលដៅរបស់ក្រសួង រយៈពេលកន្លងមក គឺផ្តោតជាសំខាន់ លើការផលិតស្រូវ និងការនាំចេញ ដោយឡែកក្នុងបរិបទថ្មី នៃកំណើនសេដ្ឋកិច្ច ការកើនឡើង នៃចំនួនប្រជាជន ទេសចរណ៍ និងតម្រូវការនៃទីផ្សារ បានតម្រូវឲ្យក្រសួងពង្រឹង ពង្រីក និងធ្វើបច្ចុប្បន្នភាព នៃគោលដៅរបស់ខ្លួនមក ផ្តោតលើការធ្វើកសិកម្មចម្រុះ និងផលិតផល ដែលមានសក្កានុពល ខ្ពស់ដូចជា ដំឡូងមី ពោតចំណី ស្វាយ ស្វាយចន្ទី និងជាពិសេស សាកវប្បកម្ម ធ្វើយ៉ាងណាជួយប្រជាកសិករ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាព រស់នៅស្រប តាមបរិបទថ្មីនេះ។ ដូច្នេះ ដើម្បីអភិវឌ្ឍវិស័យនេះ ប្រកបដោយចីរភាព និងនិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យ ADB ពិនិត្យលទ្ធភាព ក្នុងការផ្តល់ការគាំទ្រ លើការបំពេញខ្សែច្រវាក់តម្លៃផលិតកម្ម ដោយចាប់ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះ ដើម្បីបង្កើនតម្លៃបន្ថែម ដល់កសិផល ពង្រីកនិងពង្រឹង ការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូនប្រកបដោយ ជំនាញ បច្ចេកទេស និងការធានា ដល់គុណភាព សុវត្តិភាពទាំងអនាម័យ និងភូតគាមអនាម័យ និងជាពិសេសកាត់បន្ថយការ នាំចេញវត្ថុធាតុដើម។

ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឲ្យ ADB ពិនិត្យពិចារណារៀបចំ គម្រោងអភិវឌ្ឍ អនុវិស័យជលផល ផ្នែកវារីវប្បកម្ម និងការកែច្នៃ ដើម្បីផ្គត់ផ្គង់ តម្រូវការទីផ្សារ ឈានទៅដល់បង្កើន ការនាំចេញ និងជាពិសេសកាត់បន្ថយ ការពឹងអាស្រ័យ លើធនធានធម្មជាតិ។ ពាក់ព័ន្ធនឹងអនុវិស័យ ផលិតកម្មសត្វ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកពីចំណុចសំខាន់ នៃផលិតកម្មគោ ដោយផ្តោត លើការបង្កាត់ សប្បនិម្មិត ពូជគោ ដែលកំពុងមានសក្តានុពល លើទីផ្សារ ហើយដែលជាប្រភពចំណូល សម្រាប់កសិករ នៅជនបទយ៉ាងរឹងមាំ។ ដោយឡែក ចំពោះហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដែលសំដៅជាពិសេស លើការប្រើប្រាស់ ទឹកបៃតង ផ្ទះកញ្ចក់ ការធ្វើទំនើបកម្មកសិកម្ម ការធ្វើផលិតកម្ម តាមកិច្ចសន្យា និងការគាំទ្រសហការ ជាមួយវិស័យឯកជន ក្នុងការផលិតពូជគ្រិះសុទ្ធ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានទាញអារម្មណ៍ឲ្យ ADB ក្រឡេកមើល ពីសារៈសំខាន់របស់វា ដែលជាគន្លឹះ ដ៏សំខាន់ជួយបំពេញបន្ថែម ខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម និងផលិតភាព ដើម្បីផ្គត់ផ្គង់ទីផ្សារ ទាំងក្នុងស្រុក និងនាំចេញ។

ជាការឆ្លើយតប លោក Jaing Feng Zhang សូមឯកភាពលើការលើកឡើង របស់ឯកឧត្តម រដ្ឋមន្ត្រី ហើយពិតជាល្អ និងសំខាន់សម្រាប់ រូបលោក និងសហការីយក ទៅពិនិត្យ ពិចារណាផ្តល់ការគាំទ្រ និងជាពិសេសបញ្ចូល ក្នុងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍថ្មី ដែល ADB កំពុងចងក្រង សម្រាប់កម្ពុជា។ ហើយលោក ក៏បានបញ្ជាក់ផងដែរថា ADB នឹងបន្តផ្តល់ការគាំទ្រ មកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីអភិវឌ្ឍវិស័យនេះ កាន់តែមានភាពរីកចម្រើន ថែមមួយកម្រិតទៀត។