ចេក ម៉ា មហាសេដ្ឋីស្រុកចិនមកទស្សនាអង្គរទាំងអារម្មណ៍អស្ចារ្យនិងក្តីគោរព

12 03 2019

ភាពល្បីល្បាញ នៃរមណីយដ្ឋានអង្គរ មិនត្រឹមតែទាក់ទាញ អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ទូទៅប៉ុណ្ណោះទេ បុគ្គលល្បីៗ ក្នុងលោក រួមនឹងអ្នកមានៗ លំដាប់ពិភពលោកច្រើនរូប ក៏ទាក់ចិត្តមិនខកខាន ក្នុងដំណើរមកទស្សនាអង្គរដែរ។ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ចាត់ទុកជាថ្ងៃពិសេសមួយទៀត ដែលមហាសេដ្ឋីស្រុកចិន និងជាប្រធានក្រុមហ៊ុន Alibaba គឺ លោក ចេក ម៉ា (Jack Ma) បានមកបំពេញ ទស្សនកិច្ចពេញមួយថ្ងៃ នៅប្រាសាទនានា ក្នុងតំបន់អង្គរ។

ឯកឧត្តម សុខ សង្វារ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា ដែលបានជូនដំណើរលោក ចេក ម៉ា ទស្សនាប្រាសាទអង្គរវត្ត បានបញ្ជាក់ថា លោក ចេក ម៉ា ជាមនុស្សសុភាព គួរឲ្យគោរព។ ថ្វីត្បិតលោក ជាមហាសេដ្ឋី តែឥរិយាបថ របស់លោក បានបង្ហាញនូវការគោរព ផ្តល់តម្លៃយ៉ាងខ្លាំង ចំពោះប្រាសាទខ្មែរ។ លោកបានសួរសំណួរនានា ដែលពាក់ព័ន្ធ នឹងការគ្រប់គ្រងប្រាសាទ ក្នុងភាពជាអ្នកចង់ចេះដឹង ពិតប្រាកដ និងផ្តល់ការគោរព យ៉ាងជ្រាលជ្រៅ ចំពោះអង្គរ។

ឯកឧត្តមបន្តថា តាមការបញ្ជាក់របស់លោក ចេក ម៉ា លោកពិតជាស្ញើចសរសើរ នូវភាពអស្ចារ្យ នៃប្រាសាទខ្មែរ និងកោតសរសើរ នូវការគ្រប់គ្រង រមណីយដ្ឋានអង្គរ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោក បញ្ជាក់ថា លោកនឹងមកកាន់ រមណីយដ្ឋានអង្គរ នាឱកាសក្រោយទៀត ដោយការធ្វើដំណើររបស់លោក នាពេលនេះ គ្រាន់តែជាលើកដំបូងប៉ុណ្ណោះ តែច្បាស់ណាស់ នឹងមានលើកទី២ ឬទី៣ បន្តទៀត ។

ឯកឧត្តមជឿជាក់ថា តាមរយៈវត្តមានរបស់លោក ចេក ម៉ា ក៏ដូចជា បុគ្គលល្បីៗផ្សេងទៀត ក្នុងពិភពលោក ក្នុងការមកទស្សនា រមណីយដ្ឋានអង្គរ ពិតជាធ្វើឲ្យភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ កាន់តែចាប់អារម្មណ៍ ហើយមកទស្សនារមណីយដ្ឋានអង្គរ កាន់តែច្រើនឡើងៗ ជារៀងរាល់ឆ្នាំបន្ថែមទៀត៕