ឯកឧត្តម ប៉ាន សូរស័ក្តិ ជំរុញមន្ត្រីប្រឹងប្រែងសិក្សាជំនាញចំនួន ៤ ដើម្បីទទួលបានការផ្តល់មុខតំណែង និងឱកាសបម្រើការងារនៅបរទេស

12​ 03 2019

មុខជំនាញសំខាន់ៗចំនួន ៤ រួមមាន ភាសាអង់គ្លេស, កុំព្យូទ័រ, សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងនយោបាយ ត្រូវបាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញមន្ត្រី​ នៅតាមមន្ទីរពាណិជ្ជកម្ម ខិតខំប្រឹងប្រែងសិក្សា ដើម្បីទទួលបាន ការតែងតាំងមុខតំណែងកាន់តែខ្ពស់ ជាមួយឱកាសចេញ ទៅបន្តការសិក្សា ឬបំពេញការងារ ជាអនុព័ន្ធពាណិជ្ជកម្ម នៅតាមបណ្តាស្ថានទូតនានា របស់កម្ពុជា នៅក្រៅប្រទេស។

ការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើង នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី របស់មន្ទីរពាណិជ្ជកម្ម ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដែលរៀបចំឡើង នៅសាលប្រជុំមន្ទីរពាណិជ្ជកម្ម នៃខេត្តទាំងពីរ កាលពីព្រឹក និងរសៀលថ្ងៃអង្គារ៍ ទី១២ ខែមីនា ឆ្នាំ២០១៩ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកព័ត៌មាន អំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗ ទាក់ទងវិស័យពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា និងពិភពលោក។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ជំនាញទាំងបួនខាងលើ ពិតជាមានសារៈសំខាន់ សម្រាប់មន្ត្រី នៅក្នុងក្រសួង និងនៅតាមមន្ទីរពាណិជ្ជកម្ម ដែលចង់ឡើងឋានៈ ឬចេញទៅបំពេញការងារ ជាអនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា នៅឯបរទេស ពីព្រោះពួកគេ ត្រូវធ្វើការតាមដាន វិភាគ និងប្រមូលព័ត៌មាន ទាក់ទងនឹងព្រឹត្តិការណ៍ សេដ្ឋកិច្ច និងនយោបាយ នៅក្នុងប្រទេស ដែលពួកគេបម្រើការងារ។

«អនុព័ន្ធពាណិជ្ជកម្ម គឺជាមន្ត្រីទទួលខុសត្រូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដូច្នេះចាំបាច់ ត្រូវមានចំណេះដឹង និងសមត្ថភាព គ្រប់គ្រាន់ និងត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាល ជំនាញ “ការទូត” ត្រឹមត្រូវ ដើម្បីអាចទំនាក់ទំនង ជាមួយមន្ត្រីរដ្ឋាភិបាល អង្គទូត និងវិនិយោគិន សំដៅស្វែងរកអត្ថប្រយោជន៍ ជូនប្រទេសជាតិ និងប្រជាជន» ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់។

ក្រៅពីជំរុញមន្ត្រី ខិតខំប្រឹងប្រែងសិក្សា ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម នៅក្នុងខេត្តទាំងពីរ ខាងលើ បន្តយកចិត្តទុកដាក់ ជួយសម្រួលធុរកិច្ចរបស់សហគ្រាស ធុនតូច និងតូចបំផុត (MSMEs) ដើម្បីលើកស្ទួយការអភិវឌ្ឍ វិស័យឯកជន និងកំណើនសេដ្ឋកិច្ចជាតិ ពិសេសចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមលើនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏ជម្រាប ជូនថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពាណិជ្ជកម្មទាំងអស់ អំពីវិធានការណ៍ ចាំបាច់មួយចំនួន ដែលក្រសួង គ្រោងអនុវត្តន៍ ដើម្បីពង្រឹងតម្លៃកសិផល និងស្ថិរភាពផលិតកម្ម របស់វិស័យ MSME ដូចជា ការបង្កើតគម្រោងមេ ដោយប្រើប្រាស់ ថវិកាជាតិ និងថវិកាជំនួយប្រទេសចិន នៅក្រោមក្របខណ្ឌ ខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីសាងសង់សៃឡូ (ឡសម្ងួត) និងទិញកសិផល ពីប្រជាកសិករ ទៅតាមតម្លៃទីផ្សារ, ការអនុវត្តគម្រោង ជំរុញទីផ្សារសម្រាប់កសិកម្ម ខ្នាតតូច (AIMS) ដើម្បីអភិវឌ្ឍន៍ ចង្វាក់តម្លៃផលិតផល និងតភ្ជាប់ផលិតកម្ម ជាមួយទីផ្សារចាស់ និងថ្មី ព្រមទាំងការបង្កើត ក្រុមការងារពិសេស ដើម្បីដោះស្រាយបញ្ហា ប្រឈមផ្សេងៗ ពាក់ព័ន្ធការអភិវឌ្ឍ វិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ ជាដើម។ល។