កម្ពុជារំពឹងទាក់ទាញវិនិយោគិន និងទេសចរពីទីផ្សារអឺរ៉ុបបន្ថែម ក្រោយព្រឹត្តិការណ៍ MITT 2019

12 03 2019

ប្រតិភូក្រសួងទេសចរណ៍ ដឹកនាំដោយឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តំណាងឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីក្រសួង និងក្រុមហ៊ុនឯកជនចំនួន ៣ក្រុមហ៊ុន ចូលរួមក្នុងព្រឹត្តិការណ៍ ពិព័រណ៍ទេសចរណ៍អន្តរជាតិ «26th Moscow International Travel & Tourism Exhibition (MITT 2019)» នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែមីនា។

ព្រឹត្តិការណ៍ពិព័រណ៍ ទេសចរណ៍អន្តរជាតិនេះ ក៏មានការចូលរួមពី ៥៤ប្រទេស និង៥២តំបន់ នៃសហព័ន្ធរុស្ស៊ី ដូចជា៖ មជ្ឈុមបូព៌ា អាស៊ី អាមេរិក អាហ្វ្រិក អឺរ៉ុប មេឌីទែរ៉ាណេ បណ្តាប្រទេស នៃអតីតសហភាពសូវៀត (CIS) និងក្រុមហ៊ុនទេសចរណ៍រុស្ស៊ី ព្រមទាំងផ្នែកឯកជនពាក់ព័ន្ធ វិស័យទេសចរណ៍ រហូតដល់ទៅ ១៨០០ក្រុមហ៊ុន និងមានអ្នកទិញ ដ៏មានសក្តានុពល ព្រមទាំងមានអ្នកជំនាញ មកពីស្ថាប័នទេសចរណ៍ជាតិនានា ធ្វើបទបង្ហាញ ស្តីពីវឌ្ឍនភាព នៃវិស័យទេសចរណ៍ ជុំវិញពិភពលោក និន្នាការនៃការធ្វើដំណើរថ្មី ការបង្កើនប្រសិទ្ធភាព នៃមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ និងយុទ្ធសាស្ត្រផ្សព្វផ្សាយ ទាក់ទាញទេសចររុស្ស៊ី។

ក្នុងឱកាសនេះដែរ ឯកឧត្តម គុជ បញ្ញាសា ត្រូវបានអញ្ជើញកិត្តិយស ក្នុងការផ្តល់បទសម្ភាសន៍ ជាមួយបណ្តាញផ្សព្វផ្សាយនានា របស់សហព័ន្ធរុស្ស៊ី ស្តីពីការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តរភាពរបស់កម្ពុជា។

MITT 2019 គឺជាព្រឹត្តិការណ៍ពិព័រណ៍ ទេសចរណ៍លំដាប់ ទី៥នៃពិភពលោក ដែលជាឱកាសសម្រាប់កម្ពុជា ក្នុងការជំរុញយុទ្ធនាការ ផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» និងផ្សព្វផ្សាយ វេទិកាទេសចរណ៍អាស៊ាន (ATF 2021) ដែលកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ ព្រមទាំងទាក់ទាញ ប្រតិបត្តិករទេសចរណ៍ វិនិយោគគិន និងភ្ញៀវទេសចរ ពីទីផ្សារអឺរ៉ុប ជាពិសេសទេសចររុស្ស៊ី មកទស្សនា និងវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត។

គួរកត់សម្គាល់ថា ឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរ ពីអ៊ឺរ៉ុបប្រមាណ ៨២០,០០០នាក់ ស្មើនឹង ១៣% នៃចំនួនទេសចរសរុប ដែលមកទស្សនាកម្ពុជា។ តាមរយៈព្រឹត្តិការណ៍ MITT 2019 ដែលជាទីផ្សារទេសចរណ៍ អាទិភាព ទើបងើបឡើងថ្មី កម្ពុជាសង្ឃឹមថា នឹងទទួលបានទេសចរ មកពីទីផ្សារអឺរ៉ុបកាន់តែច្រើនថែមទៀត៕