កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ក្នុងការសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ

12 03 2019

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការជាតិគ្រប់គ្រងគម្រោង និងជាប្រធាន គណៈកម្មការជាតិ អភិវឌ្ឍន៍ទេសចរណ៍ បានលើកឡើងថា កំពង់ផែទេសចរណ៍ អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារ អន្តរជាតិផ្លូវសមុទ្រ ដ៏សំខាន់ក្នុងការ​ធានា​រ៉ាប់រង​ និងសម្រួល ដល់ប្រព័ន្ធ​គមនាគមន៍​ជាតិ។​

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំក្រុមការងារ និងមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ ចុះត្រួតពិនិត្យ សកម្មភាពសាងសង់ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» ដែលមានទីតាំងស្ថិត នៅស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

កំពង់ផែទេសចរណ៍ អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រហូតមកបច្ចុប្បន្ន សម្រេចបានប្រមាណជាង ២៥% ដោយគ្រោងនឹងបញ្ចប់ នៅដំណាច់ឆ្នាំ២០១៩ ខាងមុខ ស្របពេលនឹងខេត្តកំពត ទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំបុណ្យសមុទ្រ ជុំទី២។

ឯកឧត្តម រដ្ឋមន្រ្តីក៏បានធ្វើការណែនាំ ដល់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ និងក្រុមហ៊ុន Consultant ត្រូវខិតខំពន្លឿនដំណើការ សាងសង់ដោយអនុវត្ត ទៅតាមផែនការសកម្មភាព និងប្រកបដោយគុណភាពខ្ពស់។

គម្រោងសាងសង់ កំពង់ផែទេសចរណ៍អន្តរជាតិនេះ ជាគម្រោងគាំទ្រ ដោយធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាផ្នែកមួយ នៃគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ពន្ធ័ទេសចរណ៍ សម្រាប់កំណើន ប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194)។

កំពង់ផែនេះ គឺជាកំពង់ផែទេសចរណ៍អន្តរជាតិ ដែលគ្រោង នឹងអាចផ្ទុកទេសចរ និងអ្នកដំណើរប្រមាណ ១លាននាក់។ កំពង់ផែនេះ មានរចនាសម្ព័ន្ធ​ តាមស្តង់ដារអន្តរជាតិ និងជាកំពង់ផែ សម្រាប់អ្នកដំណើរ (មិនមែនជាកំពង់ផែទំនិញឡើយ)។

កំពង់ផែនេះ នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូន ភ្ញៀវទេសចរ ទៅកាន់បណ្តាកោះនានា នៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ តាមរយៈកំពង់ផែនេះ នឹងជួយជំរុញបន្ថែម ការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានា នៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា៕