ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យទីតាំងសម្ពោធបើកការដ្ឋានផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

18 03 2019

នៅវេលាព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្រ្តី និងសមាជិកក្រុមការងារ គម្រោងពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ ទីតាំងត្រៀមរៀបចំ សម្រាប់ពិធីសម្ពោធបើកការដ្ឋាន ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។

ផ្លូវល្បឿនលឿន ដែលមានប្រវែង ១៩០គម ០៣៦ម នេះ គ្រោងសម្ពោធបើកការដ្ឋាន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីតាំងឃុំវក្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចន្លោះ គ.ម៣៩ ផ្លូវជាតិលេខ៤។