រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសស្វាគមន៍គម្រោងវិនិយោគក្រុមហ៊ុនចិន 4PX Express លើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក

20 03 2019

រដ្ឋមន្ត្រីពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានប្រកាសស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគ​ របស់ក្រុមហ៊ុន Shenzhen 4PX Express ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Alibaba Cainiao Logistics Group ដើម្បីជំរុញការ ធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ឆ្លងកាត់ព្រំដែន នៅក្នុងប្រទេសកម្ពុជា និងបង្កើតកាលានុវត្តភាព ធុរកិច្ច សម្រាប់សហគ្រាស ធុនតូច និងមធ្យម ដើម្បីពង្រីកការនាំចេញ។

ការប្រកាសរបស់ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើឡើង នៅក្នុងជំនួប ជាមួយប្រតិភូក្រុមហ៊ុន Shenzhen 4PX Express ដឹកនាំដោយស្ថាបនិក និងនាយកប្រតិបត្តិ លោក KEVIN Yue Li និងមានការចូលរួមពីលោក Nick Beresford តំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញក្រុមហ៊ុន Shenzhen 4PX Express ធ្វើការបោះទីតាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើត នូវហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ (ការបណ្តុះបណ្តាល ធនធានមនុស្ស និងផ្ទេរចំណេះដឹង) សម្រាប់គាំទ្រប្រតិបត្តិការ E-Commerce និងការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើក្រុមហ៊ុន Shenzhen 4PX Express ពិចារណាចាប់ដៃគូ ជាមួយសហគ្រាស ធុនតូច និងមធ្យម នៅកម្ពុជា ដើម្បីជំរុញវត្តមាន ផលិតផលខ្មែរ ដូចជាទំនិញកសិកម្ម គ្រឿងចម្លាក់ពីដៃ វត្ថុអនុស្សាវរីយ៍ ផ្លែឈើស្រស់ និងម្ហូបអាហារ នៅលើទីផ្សារអនឡាញ ជាពិសេស Alibaba ដែលជាគេហទំព័រ បោះដុំទំនិញធំបំផុត នៅក្នុងប្រទេសចិន និងលើពិភពលោក។

បន្ថែមលើនោះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជម្រាប ជូនក្រុមហ៊ុន Shenzhen 4PX Express អំពីកិច្ចប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញវិស័យ E-Commerce តាមរយៈការពន្លឿនច្បាប់ស្តីពី E-Commerce និងយុទ្ធសាស្ត្រវិស័យនេះ ការកសាងមជ្ឈមណ្ឌល ពាណិជ្ជកម្ម និងវប្បធម៌កម្ពុជា នៅតាមទីក្រុងធំៗ ក្នុងប្រទេសចិន និងការធ្វើបច្ចុប្បន្នភាព យុទ្ធសាស្ត្រសមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា (CTIS) ជំនាន់ទី៤ ជាដើម។

ជាការឆ្លើយតប លោក KEVIN Yue Li និងសហការី បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានចែករំលែក នូវព័ត៌មានសំខាន់ៗ  ទាក់ទងស្ថានភាព វិស័យ E-Commerce នៅក្នុងប្រទេសកម្ពុជា។

ស្ថាបនិកក្រុមហ៊ុន Shenzhen 4PX Express រូបនេះ បានប្តេជ្ញា ចូលរួមអភិវឌ្ឍន៍វិស័យ E-Commerce ជាមួយក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចាប់ដៃគូ ជាមួយអង្គការ UNDP និងក្រុមហ៊ុនក្នុងស្រុក ព្រមទាំងការកសាងស្ថានីយមួយ ដែលសហគ្រាសធុនតូច និងមធ្យម អាចទម្លាក់ផលិតផលរបស់ខ្លួន ដើម្បីក្រុមហ៊ុនលក់ និងចែកចាយ ទៅកាន់ទីផ្សារ ក្នុងតំបន់ និងពិភពលោក។