អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលកែលម្អ កំណាត់ផ្លូវវង់ធំ ចាប់ពីប្រាសាទនាគព័ន្ធ រហូតដល់ប្រាសាទមេបុណ្យខាងកើត

03 04 2019

កំណាត់ផ្លូវវង់ធំ ក្នុងរមណីយដ្ឋានអង្គរ ត្រូវបានជួសជុលកែលម្អ ចាប់ពីប្រាសាទនាគព័ន្ធ រហូតដល់ប្រាសាទមេបុណ្យខាងកើត ដោយបានអ៊ុតកៅស៊ូ ប្រវែង៥០០០ម៉ែត្រ។ គម្រោងនេះ បានបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩។

គម្រោងជួសជុល កែលម្អផ្លូវវង់ធំនេះ គឺដើម្បីជាប្រយោជន៍ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទូទៅក្នុងតំបន់ ក្នុងការធ្វើដំណើរឆ្លងកាត់ ការប្រកបរបរចិញ្ចឹមជីវិត ការដឹកជញ្ជូនទំនិញចេញចូល រួមទាំងបម្រើ ឱ្យវិស័យទេសចរណ៍ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរា បានជួសជុល លើកំណាត់ផ្លូវវង់ធំនេះ បានប្រវែងប្រមាណ ៩០៦០ម៉ែត្រ ចាប់ពីក្លោងទ្វារដីឆ្នាំង រហូតដល់ប្រាសាទមេបុណ្យខាងកើត។ អាជ្ញាធរជាតិអប្សរា ក៏មានផែនការជាបន្តបន្ទាប់ទៀត ក្នុងការជួសជុលកែលម្អ ផ្លូវវង់ធំ ក្នុងរមណីយដ្ឋានអង្គរ ដែលមានប្រវែងសរុប ២០គីឡូម៉ែត្រ។

ចំពោះការជួសជុលកែលម្អផ្លូវកៅស៊ូ នៅវង់ធំនេះ អាជ្ញាធរជាតិអប្សរា បានសិក្សាច្ចេកទេស ចាប់តាំងពីឆ្នាំ២០១៦ ហើយកន្លងមក ក្រុមអ្នកជំនាញការ លើផ្នែកអភិរក្សបុរាណវិទ្យា នៃគណៈកម្មការ អាយស៊ីស៊ី-អង្គរ ក៏បានចុះពិនិត្យ និងផ្តល់យោបល់ នៅនឹងកន្លែង ព្រមទាំងផ្តល់ការការអនុម័ត ឱ្យធ្វើការជួសជុល ក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ កាលពី ខែធ្នូ ឆ្នាំ២០១៧ កន្លងមកដែរ៕