រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នា លុបបំបាត់ភាពមិនអនុលោមច្បាប់នៃលក្ខខណ្ឌការងារ នៅក្នុងវិស័យវាយនភណ្ឌ

04​ 04 2019

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានអំពាវនាវ​ ដល់ស្ថាប័នពាក់ព័ន្ធ បន្តសហការគ្នាលុបបំបាត់ ឱ្យបានទាំងស្រុង នូវភាពមិនអនុលោម តាមបទបញ្ញត្តិ នៃលក្ខខណ្ឌការងារ ដើម្បីលើកកម្ពស់កិត្តិនាម ឧស្សាហកម្មវាយនភណ្ឌកាត់ដេរ និងស្បែកជើងកម្ពុជា សំដៅទាក់ទាញ ការបញ្ជាទិញកាន់តែច្រើន ពីទីផ្សារអន្តរជាតិធំៗ នៅក្នុងពិភពលោក។

ការអំពាវនាវរបស់ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើង នៅក្នុងកិច្ចប្រជុំ ប្រចាំត្រីមាស ស្តីពីការអនុវត្តកម្មវិធីរោងចក្រ កាន់តែប្រសើរ នៅកម្ពុជា (ILO-BFC) កាលពីរសៀលថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩ នាទីស្តីការ ក្រសួងពាណិជ្ជកម្ម ដើម្បីតាមដានវឌ្ឍនភាព និងបញ្ហាប្រឈមនានា ជុំវិញឧស្សាហកម្មវាយនភណ្ឌ នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំពារ និងលើកកម្ពស់ សុខមាលភាព កម្មករនិយោជិត ព្រមទាំងលក្ខខណ្ឌការងារ សម្រាប់វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ជាពិសេសការអនុវត្តយុទ្ធសាស្ត្ររួមគ្នា និងផែនការសកម្មភាព ដែលមានគោលដៅ ពង្រឹងសមត្ថភាព និងភាពជាម្ចាស់ របស់រាជរដ្ឋាភិបាល ក្នុងការបំពេញការងារ ត្រួតពិនិត្យ ប្រកបដោយវិជ្ជាជីវៈ និងឯករាជ្យ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ដល់ក្រុមការងារត្រួតពិនិត្យចម្រុះ ដែលមានសមាសភាព មន្ត្រីមកពីក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា និងអង្គការពលកម្មអន្តរជាតិ ដែលបានសកម្ម ក្នុងការចុះតាមដាន និងត្រួតពិនិត្យលក្ខខណ្ឌការងារ នៅតាមរោងចក្រកាត់ដេរ ដែលចូលរួមកម្មវិធី ILO-BFC ដើម្បីធានាឱ្យមានការអនុលោម បទបញ្ញត្តិត្រឹមត្រូវ ហើយជាលទ្ធផលបាន ជួយឱ្យកម្ពុជា  ក្លាយជាប្រទេសគោលដៅ សម្រាប់ការបញ្ជាទិញ ពីទីផ្សារអន្តរជាតិ។

បើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់កម្មវិធី ILO-BFC ដែលបានធ្វើការអង្កេតទៅ លើប្រតិបត្តិការរោងចក្រ មួយចំនួន នៅក្នុងប្រទេសកម្ពុជា បានរកឃើញថា ភាពអនុលោមបទបញ្ញត្តិ នៃលក្ខខណ្ឌការងារ កាន់តែមានលក្ខណៈល្អប្រសើរ គួរឱ្យកត់សម្គាល់ ចំណែកឯពលកម្មកុមារ នៅក្នុងវិស័យនេះ ក៏បានថយចុះ ស្ទើរតែពុំមានកាលពីឆ្នាំមុន។