ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

06​ 04 2019

រសៀលថ្ងៃសុក្រ ០១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុប លទ្ធផលការងារ ឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការ អញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ និយោជិក ព្រមទាំងវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន តំណាងប្រតិបត្តិករ និងភ្ញៀវកិត្តិយស ជាច្រើនកុះករផងដែរ។

មានប្រសាសន៍ នាឱកាសនោះ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានមតិស្វាគមន៍ និងកោតសរសើរ ចំពោះការខិតខំ ប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ អង្គភាព និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្ត ព្រមទាំងមន្ត្រីរាជការ និយោជិកទាំងអស់ របស់ក្រសួង ដែលបានខិតខំរួមគ្នា ក្នុងការបំពេញភារកិច្ចជួយ ឲ្យក្រសួងសម្រេចបាន នូវសមិទ្ធផលសំខាន់ៗ ជាច្រើន ដើម្បីបុព្វហេតុជាតិ និងប្រជាជនដ៏ឧត្តុង្គឧត្តមរបស់យើង។ ហើយអង្គសន្និបាត នៅពេលនេះ គឺជាវេទិកា ដើម្បីពិគ្រោះពិភាក្សាគ្នា វាយតម្លៃត្រួតពិនិត្យឡើងវិញ គ្រប់លទ្ធផល ដែលសម្រេចបានក្នុងឆ្នាំ២០១៨កន្លងទៅ និងរិះរកគ្រប់វិធានការ ដើម្បីដោះស្រាយ កំណត់បាន នូវគោលដៅជាយុទ្ធសាស្ត្រសំខាន់ៗ ធានាដល់កិច្ចអភិវឌ្ឍន៍ វិស័យទាំង៣ នាឆ្នាំ២០១៩ និងបណ្តាឆ្នាំខាងមុខទៀត។ ឯកឧត្ដម រដ្ឋមន្ត្រី បានបន្តទៀតថា យើងត្រូវមានគោលដៅ ការងារមួយចំនួន ដើម្បីធ្វើការរៀបចំ ឲ្យក្លាយទៅ ជាសកម្មភាពការងារ ជាក់ស្តែងសម្រាប់បន្តអនុវត្ត ដើម្បីបន្តអភិវឌ្ឍន៍ការតភ្ជាប់ ផ្នែកឌីជីថល តាមរយៈការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន បណ្តាញខ្សែកាប្លិ៍អុបទិកមេ និងបណ្តាញខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ទូរស័ព្ទចល័ត ប្រកបដោយគុណភាព មានលក្ខណៈទំនើបទាន់សម័យ មានតម្លៃប្រកួតប្រជែង និងមានសេវាគ្របដណ្តប់ទូទាំងប្រទេស។

ឯកឧត្ដមរដ្ឋមន្ត្រី សង្ឈឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាមន្រ្តីរាជការ របស់ក្រសួង និងភាគីពាក់ព័ន្ធទាំងអស់ នៅតែជួយគាំទ្រ និងធ្វើកិច្ចសហការ យ៉ាងជិតស្និទ្ធបន្តទៀត ជាមួយក្រសួង ដើម្បីឲ្យក្រសួង អាចឈានទៅសម្រេច បានជោគជ័យ នូវផែនការ សកម្មភាព ការងារឆ្នាំ២០១៩ និងបណ្តាឆ្នាំខាងមុខទៀត ក្នុងការអភិវឌ្ឍវិស័យទាំងបី រួមចំណែកអនុវត្តន៍កម្មវិធី នយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ និងភាពគ្រប់ជ្រុងជ្រោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ មុននឹងបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញបំពាក់ គ្រឿងឥស្សរិយយស ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តការងារ នាពេលកន្លងមកផងដែរ៕