រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចុះសួរសុខទុក្ខ និងជូនពរនាយទាហាន ពលទាហាន នៃយោធភូមិភាគទី៤ ខេត្តសៀមរាប ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

07​ 04 2019

នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួង រួមជាមួយ​អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ សមាគមទីភ្នាក់ងារ​ ទេសចរណ៍កម្ពុជា ក្រុមហ៊ុន និងផ្នែកឯកជន ចុះសួរសុខទុក្ខ សំណេះសំណាល និងជូនពរ ដល់នាយទាហាន ពលទាហាន នៃយោធភូមិភាគទី៤ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិ នៅទីបញ្ជាការដ្ឋាន យោធភូមិភាគទី៤ ខេត្តសៀមរាប។

ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាប ជូនអង្គពិធីទាំងមូល អំពីសភាពការណ៍នយោបាយ និងការអភិវឌ្ឍរីកចម្រើន​ នៃសេដ្ឋកិច្ច សង្គម ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពិសេស សម្តេចតេជោ តែងបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ជាប់ជាប្រចាំ ក្នុងការជួយសម្រួល និងលើកកម្ពស់ ជីវភាពរស់នៅ របស់មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ កម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើង ពីសភាពការណ៍ទេសចរណ៍កម្ពុជា និងទេសចរណ៍ ខេត្តសៀមរាប ដែលមានការអភិវឌ្ឍ រីកចម្រើន គួរជាទីមោទនៈក្នុងរយ:ពេល ២ទស្សវត្សចុងក្រោយនេះ ដោយវិស័យទេសចរណ៍ ជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារ មុខរបរ ប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៨ កន្លងមកនេះ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ជាង ៦,២០លាន​នាក់ កើនឡើង ១០,៧% ធៀប​នឹងឆ្នាំ២០១៧ បង្កើតប្រាក់ចំណូល ជូនជាតិប្រមាណ ៤.៣៧៥លានដុល្លារអាមេរិក រួមចំណែកប្រមាណ ១២,៧% នៃផលិតផល ក្នុង​ស្រុក​សរុប​ (GDP) បង្កើតការងារ ដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ និងការងារ ដោយប្រយោលរាប់ម៉ឺននាក់បន្ថែមទៀត។

ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះយោធភូមិភាគ៤ ដែលបានចូលរួមចំណែក ដ៏ខ្លាំងក្លាក្នុងការរក្សាការពារ បូរណភាពទឹកដី និងការពាំរតំបន់ បេតិកភណ្ឌអង្គរ និងតំបន់ជុំវិញ។ កងយោធពល ខេមរភូមិន្ទ គឺជាឆ្អឹងខ្នង ដ៏រឹងមាំ របស់ប្រទេសជាតិ ហើយទោះបីស្ថិត ក្នុងតំលៃណាក៏ដោយ គឺត្រូវការពារ អោយបានរឹងមាំ នូវសុខសន្តិភាព ស្ថិរភាព និងប្រឆាំងដាច់ខាត ចំពោះចលនាបដិវត្តន៍ពណ៌ មិនឲ្យកើតមាន នៅកម្ពុជា។

ក្នុងឱកាសសួរសុខទុក្ខនេះ ឯកឧត្តម រដ្ឋមន្ត្រី បាននាំយក នូវថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលទទួល បានពីសប្បុរសជន ជូនដល់នាយទាហាន ពលទាហានយោធភូមិភាគ៤ ដែលរួមមាន ថវិកាសរុបចំនួន ៥៤.៧០៥.០០០រៀល ទឹកបរិសុទ្ធ Oral ចំនួន ៥០កេស ទឹកបរិសុទ្ធ Vital ចំនួន ៧០កេស ស្រាបៀរកម្ពុជា ១០០កេស អង្ករចំនួន ៨បាវ ត្រីខកំប៉ុងចំនួន ៨កេសធំ មីយើងចំនួន ៦៤កេស ទឹកត្រី ៨០យួរ ទឹកស៊ីអ៉ីវ ៩២យួរ ប៊ីចេង ២៥គីឡូក្រាម និងអំបិល ១២០គីឡូក្រាម។