ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍ វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែលមានស្ដង់ដាត្រឹមត្រូវ

09 ​04 ​​2019

ក្រសួងទេសចរណ៍ មានគម្រោងជំរុញការរៀបចំ​ តំបន់ភ្នំគូលែនទៅជា «តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ» រួមទាំង «ទេសចរណ៍ផ្សងបែបផ្សងព្រេង» ដ៏ទាក់ទាញថ្មីមួយទៀត នៅខេត្តសៀមរាប-អង្គរ ដើម្បីបំពេញតម្រូវការ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងដើម្បីចូលរួមអនុវត្ត នូវយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលតែងតែជំរុញ ឱ្យមានការបង្កើតផលិតផល ទេសចរណ៍ថ្មីៗបន្ថែម។

ជាពិតណាស់ តំបន់ភ្នំគូលែន នៃខេត្តសៀមរាប មានសក្ដានុពល ផ្នែកវប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិរួចទៅហើយ ហើយក៏មានភ្ញៀវទេសចរ ទៅទស្សនាកម្សាន្ត ជាច្រើនផងដែរ ប៉ុន្តែមិនទាន់មានការរៀបចំ ទៅតាមស្ដង់ដាជាតិ និងអន្តរជាតិនៅឡើយ។

នៅទីនោះសម្បូរ ទៅដោយព្រៃភ្នំក្រំថ្ម បែបធម្មជាតិ មានប្រាង្គប្រាសាទ ចម្លាក់សិលា និងបុរាណដ្ឋានដ៏ច្រើន មានស្ទឹងប្រវត្តិសាស្ត្រ មានពយភ្នំ ដែលកើតឡើងពីធម្មជាតិ ទេសភាព នៅលើគិរីបុព្វតាក៏រឹតតែស្រស់ត្រកាល ថែមទាំងនៅមិនឆ្ងាយ ពីតំបន់អង្គរ និងទីប្រជុំជនសៀមរាបប៉ុន្មានឡើយ ហេតុនេះហើយ បានជារាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ ជាសេនាធិការ មានបំណងចង់ប្រែក្លាយ តំបន់ប្រវត្តិសាស្ត្រមួយនេះ ទៅជាផលិតផល ទេសចរណ៍ថ្មីមួយទៀត ពិសេសគឺចង់រៀបចំបន្ថែម ឱ្យមានប្រភេទទេសចរណ៍ផ្សេងទៀត ដូចជាដំណើរទេសចរណ៍បែបផ្សងព្រេង ដូចនៅតំបន់ភ្នំឱរ៉ាល់ សហគមន៍ទេសចរណ៍អារ៉ែង ភ្នំបូកគោជាដើម។

ក្នុងកិច្ចបូកសរុបលទ្ធផល នៃកិច្ចប្រជុំខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញ នូវផែនការមួយចំនួនឱ្យ « គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំ ផែនការមេ សម្រាប់ការអភិវឌ្ឍ វិស័យទេសចរណ៍ នៅខេត្តសៀមរាប» រួមគ្នាអនុវត្តឱ្យបាន ក្នុងនោះឯកឧត្តម បានជំរុញឱ្យក្រសួង ទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងមន្ទីរពាក់ព័ន្ធផ្សេងទៀត រួមគ្នាជំរុញការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មី នៅលើភ្នំគូលែននេះ ឱ្យបានសម្រេចជោគជ័យ ឆាប់រហ័ស។

គណៈកម្មការអន្តរក្រសួងនេះ ក៏បានឯកភាពគ្នា រៀបចំផែនការមេអភិវឌ្ឍន៍ នៅគោលដៅទេសចរដ៏ធំៗ ចម្បង សម្រាប់ឆ្នាំ២០២០-២០៤០ ផងដែរ ក្នុងនោះមាន គម្រោងអភិវឌ្ឍន៍រយៈពេលខ្លី ៥ឆ្នាំ (២០១៨-២០២៣), ផែនការជំរុញការរៀបចំ កសាងហេដ្ឋរចនាសម្ព័ន្ធ រឹងនៅទីក្រុងសៀមរាប ដែលមានជាអាទិ៍៖ ការជួសជុលផ្លូវក្នុងខេត្ត ផ្លូវក្រវាត់ជុំវិញក្រុង ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ សណ្តាប់ធ្នាប់អនាម័យ ក្នុងទីក្រុង។

ព្រមជាមួយនោះ អង្គប្រជុំក៏បានឯកគ្នា ប្រគល់ភារកិច្ច ជូនលោកអភិបាលខេត្តសៀមរាប ដើម្បីដឹកនាំអង្គប្រជុំ សម្របសម្រូលមួយ ដើម្បីប្រែក្លាយសហគមន៍ នេសាទជ្រាវទៅជាសហគមន៍ តាមស្តង់ដាជាតិ និងអាស៊ានដ៏ទាក់ទាញ ឱ្យបានឆាប់រហ័សផងដែរ។

ឯកឧត្តម ថោង ខុន ក៏បានជំរុញឱ្យមានការពង្រឹងគុណភាព សេវាកម្មទេសចរណ៍ និងធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ដោយត្រូវ ពង្រឹងគុណភាព សាលាបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ ការបណ្តុះបណ្តាលផ្ទៃក្នុង និងជំរុញការអនុវត្ត ស្តង់ដាអាស៊ាន ក្នុងវិស័យទេសចរណ៍ ដោយក្នុងនោះរាជរដ្ឋាភិបាល បានបង្កើតឲ្យមាន «គណៈកម្មការជាតិផ្នែកជំនាញទេសចរណ៍» ដោយមានក្រសួងទេសចរណ៍ ជាប្រធាន ហើយសព្វថ្ងៃកម្ពុជា បានដាក់ឲ្យអនុវត្ត នូវកម្មវិធីបណ្តុះបណ្តាលអាស៊ាន លើ៣២មុខជំនាញ។

ឯកឧត្តមបានបន្តណែនាំ ឱ្យកាត់បន្ថយការធ្លុះធ្លាយ នៃវិស័យទេសចរណ៍ (Tourism Leakage) ដែលកើតចេញ ពីការនាំចូលបន្លែ ផ្លែឈើ និងសាច់ពីបរទេស ដោយត្រូវជំរុញការអភិវឌ្ឍ ខ្សែក្រវាត់បៃតង ជុំវិញក្រុងសៀមរាប ដោយជំរុញសកម្មភាពដាំបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វ ជាលក្ខណៈធម្មជាតិ ដើម្បីផ្គត់ផ្គង់ តម្រូវការភ្ញៀវទេសចរ។

ម្យ៉ាងទៀត ការត្រៀមលក្ខណៈសម្បត្តិ ទទួលភ្ញៀវទេសចរអន្តរជាតិ ដើម្បីធានាផលប្រយោជន៍ អតិបរមាពិសេស ការត្រៀមលក្ខណះ ទទួលទេសចរចិន ដែលនឹងមានកំណើន យ៉ាងច្រើនជារៀងរាល់ឆ្នាំ ដោយត្រូវអនុវត្តន៍ អោយបានល្អ តាមសៀវភៅស្តីពី «China Ready» និងយុទ្ធសាស្រ្ត ទីផ្សារដោយឡែក សម្រាប់ភ្ញៀវទេសចរចិន។

កិច្ចប្រជុំ នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តសៀមរាបនេះ នឹងបន្តនៅពេល ៣ខែខាងមុខទៀត ដើម្បីត្រួតពិនិត្យ លើលទ្ធផល ដែលសម្រេចបាន និងដើម្បីដាក់ទិសដៅអនុវត្តបន្ត៕