ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសុពលភាពថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីរាជការដែលទើបទទួលបានការតែងតាំងថ្មី

10 04 2019

ថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ សាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសុពលភាព ថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីរាជការ​ដែលទើបទទួលបាន ការតែងតាំងថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន ប្រធានអង្គភាព និងមន្ដ្រីរាជការក្រសួងផងដែរ។

ថ្លែងក្នុងពិធីប្រកាសតែងតាំង នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ការតែងតាំង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការថ្មី របស់ក្រសួងនាពេលនេះ ធ្វើឡើងដោយភាពសុក្រឹត្យ តាមសមត្ថភាព និងការខិតខំប្រឹងប្រែង បំពេញការងារ បម្រើប្រជាពលរដ្ឋ ក្រសួង និងប្រទេសជាតិ នាពេលកន្លងមក និងដើម្បី បំពេញតាមមុខតំណែង ក្នុងរចនាសម្ព័ន្ធអង្គការលេខថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល ទទួលបានការឯកភាព ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ហើយរចនាសម្ព័ន្ធថ្មីនេះ នឹងជួយធ្វើឱ្យកំណែទម្រង់ របស់ក្រសួងអាចសម្រេចបាន នូវប្រសិទ្ធភាព និងតម្លាភាព ក្នុងការបំពេញការងារ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានសម្តែង នូវការអបអរសាទរ និងបានជំរុញលើកទឹកចិត្ត ដល់មន្ត្រីដែលទើបបាន តែងតាំងថ្មីទាំងអស់ ឱ្យខិតខំប្រឹងប្រែងធ្វើការងារ ឱ្យកាន់តែសកម្ម និងប្រកបដោយភាព ទទួលខុសត្រូវនៅ តាមមុខតំណែងរបស់ខ្លួន ដើម្បីជាផលប្រយោជន៍ ដល់ក្រសួង និងប្រទេសជាតិ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញ ឱ្យគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ផ្សព្វផ្សាយដល់មន្ត្រី របស់ខ្លួនក្នុងការប្រើប្រាស់ កម្មវិធីថែទាំផ្លូវ ROAD CARE mobile app ឱ្យបានទូលំទូលាយ និងប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួន ដែលជួយរកចំណូលបន្ថែម ចូលថវិកាជិត។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី ក៏បានស្នើ ឱ្យមន្ដ្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ ត្រូវ អនុវត្តតាម នូវអនុសាសន៍ ១១ចំណុចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើការងារ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិរបស់យើង។