រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារសិក្សា និងកីឡារបស់ប្រតិភូចិនខេត្តសានស៊ី

10 04 2019

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ និងគាំទ្រ​ចំពោះគម្រោងវិនិយោគ​របស់ប្រតិភូធុរជនចិន​ខេត្តសានស៊ី ដែលចង់បង្កើតរោងចក្រ​ ផលិតសម្ភារសិក្សា និងកីឡានៅកម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ក្នុងស្រុក ជាពិសេស វិស័យអប់រំជាតិ និងនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ សំខាន់ៗ ដែលជាដៃគូពាណិជ្ជកម្ម របស់កម្ពុជា។

នៅក្នុងជំនួបពិភាក្សា ជាមួយប្រតិភូធុរជនចិន ខេត្តសានស៊ី ដឹកនាំដោយលោក វ៉ាង លីពីង (Wang Liping) ប្រធានក្រុមហ៊ុន GuangBo Group Co., Ltd និងជាលេខាធិការគណៈកម្មការបក្ស នៃសភាប្រជាជនទី១២ កាលពីព្រឹកថ្ងៃអង្គារ៍ ទី០៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើង អំពីសក្តានុពល​ នៃទីតាំងភូមិសាស្ត្រ ប្រទេសកម្ពុជា គោលនយោបាយ គាំពារវិនិយោគ គោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្ម គម្រោង Plus One នៅតាមតំបន់សេដ្ឋកិច្ចពិសេស និងការលើកទឹកចិត្តផ្សេងៗ របស់រាជរដ្ឋាភិបាល ចំពោះវិនិយោគិនបរទេស។

« កម្ពុជាមានតំបន់សេដ្ឋកិច្ច ពិសេសចំនួន ១៩កំពុងធ្វើប្រតិបត្តិការ សម្រាប់ផ្តល់ឱ្យវិនិយោគិន បើករោងចក្រ ដើម្បីទទួលបានការលើកលែង ពន្ធ លើប្រាក់ចំណេញ ៩ឆ្នាំ អាចគ្រប់គ្រងភាគហ៊ុន ១០០% ហើយអាចនាំចេញផលិតផល ទៅកាន់ទីផ្សារក្នុងតំបន់ (អាស៊ាន) សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប នៅក្រោមកម្មវិធី អនុគ្រោះពន្ធថែមទៀត » ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបន្តជម្រាបជូនធុរជនចិន អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការកាត់បន្ថយ សកម្មភាពការិយាធិបតេយ្យ ការសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ផ្លូវគមនាគមន៍ ព្រលានយន្តហោះ កំពង់ផែអន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេស) ការបណ្តុះបណ្តាលធនធានមនុស្ស ការចងក្រង និងធ្វើវិសោធនកម្មច្បាប់ថ្មីៗ សំដៅគាំទ្រការអភិវឌ្ឍ វិស័យឯកជន និងពង្រឹងឧត្តមភាព ប្រកួតប្រជែងរបស់កម្ពុជា។

ជាការឆ្លើយតប លោក វ៉ាង លីពីង និងសហការី បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានគាំទ្រគម្រោង វិនិយោគខាងលើ និងបានចែករំលែក នូវព័ត៌មានសំខាន់ៗ ទាក់ទងឱកាសវិនិយោគ នៅក្នុងប្រទេសកម្ពុជា។ លោក វ៉ាង លីពីង ក៏បានសន្យាពិនិត្យលទ្ធភាព ពង្រីកការវិនិយោគមកកម្ពុជា នៅក្នុងពេលឆាប់ៗ ខាងមុខ ដើម្បីតភ្ជាប់ទំនាក់ទំនង ពាណិជ្ជកម្មប្រទេសទាំងពីរ នៅក្រោមក្របខណ្ឌ ខ្សែក្រវ៉ាត់១ និងផ្លូវ១ សំដៅរួមចំណែកបង្កើត ឱកាសការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងចូលរួមអភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា។