ឯកឧត្តម សៅ សុភាព ដឹកនាំកិច្ចប្រជុំស្តីពី «ការរៀបចំគោលនយោបាយអំពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (PES) នៅកម្ពុជា»

10 04 2019

នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំស្តីពី «ការរៀបចំ គោលនយោបាយ ​អំពីការបង់ថ្លៃសេវាកម្ម ប្រព័ន្ធអេកូឡូស៊ី (PES) នៅ​កម្ពុជា» នៅបន្ទប់ប្រជុំប្រាជ្ញស៊ុន ទីស្តីការក្រ​សួងបរិស្ថាន។
កិច្ចប្រជុំនេះរៀបចំឡើង ដោយនាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព​ (ក.ជ.អ.ច.)​ ដោយមានអ្នកចូលរួម ​ពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន​ ក.ជ.អ.ច. អគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះក្រសួងបរិស្ថាន សរុបចំនួន ៤៩រូប។ កិច្ចប្រជុំនេះមានគោលបំណង៖
១- បង្ហាញពីសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងដំណើរការ នៃការអនុវត្តយន្តការ PES នៅក្នុងស្ថានភាព នៃប្រទេសកម្ពុជា
២- បង្ហាញពីលទ្ធផល នៃការប្រមូលពត៌មាន និងសិក្សាជាក់ស្តែង សម្រាប់ការអនុវត្តគម្រោងសាកល្បង PES នៅភ្នំគូលែន និងក្បាលឆាយ
៣-បង្ហាញពីលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាព របស់គម្រោងសាកល្បងPES។ ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានលើកឡើងពីប្រវត្តិ ឱកាស និងភាពចាំបាច់នានា ក្នុងការស្វែងរកយន្តការថ្មីៗបន្ថែមទៀត ដើម្បីចូលរួមការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ សំដៅធានាបាន ក្នុងការប្រើប្រាស់ធនធានទាំងនោះ ប្រកបដោយចីរភាព ធានានិរន្តរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបំពេញបានតាមតម្រូវការ របស់ប្រជាពលរដ្ឋមូលដ្ឋាន។

កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច អនុញ្ញាតឱ្យក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ដើម្បីរៀបចំគោលនយោបាយ ស្តីពីការបង់ថ្លៃសេវាកម្ម ប្រព័ន្ធអេកូឡូស៊ី (PES) ដែលនឹងត្រូវអនុវត្ត សាកល្បង ក្នុងតំបន់គោលដៅចំនួន ០២ គឺតំបន់ប្រើប្រាស់ច្រើន យ៉ាងក្បាលឆាយ ខេត្តព្រះសីហនុ និងឧទ្យានជាតិជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ខេត្តសៀមរាប។

សូមជម្រាបផងដែរថា យន្តការ PES គឺជានិន្នាការពិភពលោកថ្មីមួយ ប្រកបដោយសក្តានុពល នៃការកៀរគរហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់ ថែរក្សាការពារ និងអភិរក្សសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ។ សេវាកម្មប្រព័ន្ធអេកូឡូស៊ី សំខាន់ៗរួមមាន ១) សេវាផ្តល់ឱ្យ (ទឹកសាប អាហារ ឱសថ…) ២) សេវាជានិយ័តករ (បន្សុទ្ធទឹក-អាកាស កាត់បន្ថយ គ្រោះធម្មជាតិ រក្សាកាបូន..) ៣) សេវាកម្មផ្នែកវប្បធម៌ (ជំនឿ សាសនា ប្រពៃណី ទំនៀមទំលាប់ វប្បធម៌ អប់រំ ទេសភាព សោភណ្ឌភាព...) ៤) សេវាកម្មគាំពារ (ជម្រក ជីធម្មជាតិ ដំណើរលម្អង..)។ កិច្ចប្រជុំ បានលើកឡើង នូវជ្រើសមួយចំនួន សម្រាប់ការចាប់ផ្តើមអនុវត្ត នៅទីតាំងទាំងពីរ។ តាមការពិភាក្សា កិច្ចប្រជុំយល់ឃើញថាគោលការណ៍ស្មគ្រចិត្ត បង់ថ្លៃសេវាកម្មប្រើប្រាស់ទឹកសាប ពីភាគីអ្នកប្រើប្រាស់ទឹក ច្រើនជាលក្ខណអាជីវកម្ម ត្រូវចាប់ផ្តើមអនុវត្ត ជាលក្ខណបន្ទាន់ និងការបង់ថ្លៃសេវាកម្ម ប្រើប្រាស់ទឹកជាកាត្តព្វកិច្ច ចាំបាច់ត្រូវមានច្បាប់គាំទ្រ។