ការថែទាំ និងជួសជុលផ្លូវថ្នល់ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកតម្លៃរមណីយដ្ឋានអង្គរ

22 04 2019

ក្នុងការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក និងជាដួងព្រលឹងជាតិខ្មែរ អាជ្ញាធរជាតិអប្សរា បានប្រកាន់ខ្ជាប់ នូវគោលការណ៍ ពីរសំខាន់ គឺការអភិរក្ស និងការអភិវឌ្ឍប្រកប ដោយចីរភាព ដែលចាំបាច់ត្រូវ ដើរទន្ទឹមគ្នា និងបម្រើផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក។

ផ្តោតលើគោលការណ៍ខាងលើ សមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើន បានរំលេចចេញ តាមរយៈការជួសជុល និងអភិរក្សប្រាង្គប្រាសាទ ការអភិវឌ្ឍវិស័យ ទេសចរណ៍ ការលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ និងការបណ្តុះបណ្តាល ធនធានមនុស្ស។

ដូចគ្នាដែរ ការកសាងហេដ្ឋារចនាសម្ពន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹកជាដើម ក៏បានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួម ចំណែក លើកតម្លៃរមណីយដ្ឋានអង្គរ និងសម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋម្ចាស់ស្រុក។

ជាក់ស្តែង នាដើមឆ្នាំ២០១៩នេះ អាជ្ញាធរជាតិអប្សរា បានកែលម្អររួចរាល់ផ្លូវវង់ធំ បាន១០គីឡូម៉ែត្រ និងផ្លូវផ្សេងទៀតជាច្រើន ហើយក៏កំពុងបន្តការ ជួសជុលផ្លូវ មិត្តភាពកម្ពុជា-កូរ៉េ ចេញពីផ្លូវជាតិលេខ៦ ទៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី និងផ្លូវពីព្រលានយន្តហោះ មកអង្គរវត្តជាដើម។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា មានផែនការ កែលម្អផ្លូវទាំងអស់ ក្នុងរមណីយដ្ឋានអង្គរ ឱ្យរួចរាល់ជាស្ថាពរ ក្នុងឆ្នាំ២០២០។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការកសាងផ្លូវថ្នល់នានា ក្នុងតំបន់អង្គរ មានលក្ខណៈពិសេស ខុសប្លែកពីកន្លែងដទៃទៀត ដោយត្រូវគោរព តាមបទដ្ឋាន បេតិកភណ្ឌអន្តរជាតិ និងយកចិត្តទុកដាក់ថែរក្សា ទេសភាពវប្បធម៌ និងលក្ខណៈដើម នៃរមណីយដ្ឋាន ជាពិសេសគិតគូរ ដល់ផលប៉ះពាល់ ផ្នែកបុរាណវិទ្យា បរិស្ថាន និងធម្មជាតិ។ ការកសាងផ្លូវនីមួយៗ តែងតែមានការធ្វើកំណាយ បង្ការបុរាណវិទ្យាជាមុន ហើយទំហំផ្លូវក្រាលកៅស៊ូ ជាទូទៅមិនឱ្យលើស ពី ៦ម៉ែត្រឡើយ។

ម្យ៉ាងទៀត អាជ្ញាធរជាតិអប្សរា ក៏ត្រូវគិតគូរខ្ពស់ ដើម្បីបញ្ជៀសការរំញ័រ ដល់ប្រាង្គប្រាសាទបណ្តាល មកពីការចរាចរយានយន្ត ការបំពុលបរិស្ថាន ដោយផ្សែងរថយន្ត សុវត្ថិភាពរបស់អ្នកធ្វើដំណើរ ដោយបែងចែកផ្លូវ កង់/ម៉ូតូ/រថយន្ត និងរក្សាភាពបៃតង ក្នុងរមណីយដ្ឋានអង្គរផងដែរ៕