ឯកឧត្តម សាយ សំអាល់ ទទួលជួបពិភាក្សាលើការងារបរិស្ថានជាមួយ អគ្គលេខាធិការគណៈកម្មការជាតិយូណេស្កូកម្ពុជា

02 05 2019

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ ឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការគណៈកម្មការជាតិយូណេស្កូកម្ពុជា ចូលជួបពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យបរិស្ថាន ។
ឯកឧត្តម លឹម ប៊ុនហុក បានលើកឡើងថា គោលបំណងសំខាន់ៗចំនួន៣ ស្នើសុំកិច្ចសហការ ពីក្រសួងបរិស្ថាន គឺ ការដាក់បេក្ខភាព ប្រកួតយករង្វាន់ UNESCO-Sultan Qabus 2019 ដែលរៀបចំ ដោយអង្គការយូណេស្កូ សម្រាប់បុគ្គល ឬ ស្ថាប័ន ដែលមានស្នាដៃឆ្នើម ក្នុងការអភិរក្សបរិស្ថាន ក្នុងសម័យប្រជុំវេទិកាពិភពលោក ផ្នែកវិទ្យាសាស្រ្តលើកទី១៥ ក្នុងខែវិច្ឆិកាខាងមុខនេះ នៅប្រទេសហុងគ្រី។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ ជូនឯកឧត្តមរដ្ឋមន្រ្តីទាក់ទង នឹងការសម្របសម្រួល និងជំរុញឱ្យបង្កើតគណៈកម្មការមនុស្ស និងឋបនីយជីវមណ្ឌល ព្រមទាំងការបង្កើត ឱ្យមានឧទ្យាន Geo Park នៅកម្ពុជាផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មការជាតិយូណេស្កូកម្ពុជា ក្នុងការរួមចំណែក ជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍ ដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា ចំពោះការដាក់បេក្ខភាព ប្រកួតយករង្វាន់ UNESCO-Sultan Qabus 2019 ក្រសួងបរិស្ថាន នឹងរៀបចំ ឱ្យអគ្គនាយកដ្ឋាន រដ្ឋបាលការពារ និងអភិរក្សធម្មជាតិ និងអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន សម្របសម្រួល និងបន្តកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មការជាតិយូណេស្កូកម្ពុជា។ ដោយឡែក ចំពោះការងារផ្សេងៗទៀត ក្រសួងបរិស្ថាន សូមស្វាគមន៍ និងចាត់ចែងរៀបចំ​ អោយក្រុមការងារ ជំនាញបន្តកិច្ច សហប្រតិបត្តិការនានា ដើម្បីលើកកម្ពស់ ការយល់ដឹងអំពីបរិស្ថាន សំដៅធានា គុណភាពបរិស្ថាន តុល្យភាព នៃប្រព័ន្ធអេកូឡូស៊ី និងការស់នៅដោយចីរភាព។